express-logo-for-hotnews

អ្នក​ធ្វើ​ការងារ​​ក្នុង​វិស័យ​សំណង់ ​ទាមទារ​ឲ្យ​រដ្ឋ​ កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរិមា និង​មាន​អត្ថ​ប្រយោជន៍​បន្ថែម

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

ថ្វីបើកំណើនសេដ្ឋកិច្ចកម្ពុជា បាននិងកំពុងឈរនៅលើសសរស្តម្ភទាំង៤ គឺវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងវិស័យសំណង់ និងអចលនទ្រព្យក៏ពិតមែន ប៉ុន្តែស្ថានភាពជាក់ស្តែងរបស់អ្នកបម្រើការងារនៅក្នុងវិស័យសំណង់បានត្អូញត្អែរថា «រដ្ឋពុំសូវយកចិត្តទុកដាក់ និងជួយពួកគេច្រើន»ប៉ុន្មានទេ បើប្រៀបធៀបទៅនឹងកម្មករដូចគ្នា នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរត្រូវបានរដ្ឋ និងអង្គការផ្សេងៗយកចិត្តទុកដាក់ច្រើនជាងកម្មករផ្នែកសំណង់ជាពិសេសកម្មករស្ត្រីដូចគ្នា។

ដោយធ្លាប់បានធ្វើជាកម្មករសំណង់នៅតាមការដ្ឋានជាច្រើន រួមទាំងបន់កោះពេជ្រ ហើយបច្ចុប្បន្នគាត់កំពុងធ្វើការនៅក្នុងការដ្ឋានសាងសង់អគារមួយកន្លែងស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ កម្មការិនីឈ្មោះ ចក់ យឿន វ័យជិត ៣០ ឆ្នាំ មកពីឃុំព្រែកហ្លួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ធ្លាប់ទទួលបានការសិក្សាត្រឹមថ្នាក់ទី ៣ ប៉ុណ្ណោះ ប៉ុន្តែគាត់អាចអាន និងសរសេរបានតិចតួចក្រោយមកគាត់បានរៀនធ្វើការងារសំណង់ផ្ទាល់តាមរយៈក្រុមជាងវ័យចំណាស់ៗជាងខ្លួន ដោយភាគច្រើនគាត់បានបំពេញការងារនៅក្នុងផ្នែកចងដែកនារយៈពេល១០ឆ្នាំចុងក្រោយនេះ។

អ្នកស្រីបានឲ្យដឹងថា ៖ «ក្នុងនាមស្ត្រីកម្មករសំណង់ពួកយើងប្រឈមការងារធ្ងន់ស្រាល នៅក្រោមកម្ដៅថ្ងៃភ្លៀង ខ្យល់ ដូចតែគ្នា នៅកន្លែងធ្វើការដូចបុរសៗដែរ ប៉ុន្តែយើងទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃតិចជាងបុរសជានិច្ច»។

«បើកម្មករប្រុសបាន ២៨០០០ រៀលក្នុង ១ ថ្ងៃ យើងជាកម្មករស្ត្រីគេឲ្យថ្លៃឈ្នួលត្រឹមតែ ២០០០០-២២០០០ រៀលប៉ុណ្ណោះ» នេះបើតាមសម្តីរបស់អ្នកស្រី ចក់ យឿន។ «ពួកយើងធ្លាប់សុំតវ៉ាទៅអ្នកម៉ៅការ និងប្រធានអ្នកបើកលុយដែរ តែគេថាពួកយើងធ្វើការពុំដូចបុរសទេ»។

អ្នកស្រីបន្ថែមថា ពេលខ្លះស្ត្រីធ្វើការងាររៀបឥដ្ឋ ជញ្ជូនឥដ្ឋ លាយស៊ីម៉ងត៍ និងលីសែងដែក បានដូចតែបុរសដែរ ហើយភាគច្រើនធ្វើការច្រើនម៉ោងជាងបុរសផង ប៉ុន្តែទាំង «ប្រធានក្រុមហ៊ុនធំ និងអ្នកម៉ៅការគេអត់ទទួលស្គាល់ទេ»។

តាមរយៈបទពិសោធជាច្រើនឆ្នាំដោយធ្វើការផ្ទាល់ជាមួយក្រុមហ៊ុនដើម និងអ្នកម៉ៅការ បន្តគាត់បានឲ្យដឹងថា «បើយើងធ្វើការផ្ទាល់ឲ្យក្រុមហ៊ុនដើមតែម្តង នៅពេលយើងធ្វើការថ្ងៃឈប់សម្រាក (ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ) ថៅកែគាត់បើកប្រាក់ឈ្នួលឲ្យយើងគុណនឹង២ដង ប៉ុន្តែបើធ្វើការតាមរយៈអ្នកម៉ៅការ គឺគេបើកលុយឲ្យយើងតែមួយថ្ងៃដូចថ្ងៃធម្មតាដែរ ហើយការដ្ឋានខ្លះពេលធ្វើការចប់អ្នកម៉ៅការរត់បាត់អត់បើកលុយឲ្យក៏មានដែរ» នេះបើតាមសម្តីរបស់អ្នកស្រី ចក់ យឿន។

ចំណែកនៅឯការដ្ឋានសំណង់ផ្សារ AEON 2 នាខណ្ឌសែនសុខ អ្នកស្រី សួន ស្រីយ៉ា ក៏កំពុងមមាញឹកញាប់ដៃញាប់ជើងចងដែក ជាមួយគ្នីគ្នារបស់គាត់ទាំងប្រុសទាំងស្រីដែរ ពេលខ្លះគាត់ក៏លើកលីសែងដែកសរសៃ ស៊ីម៉ងត៍ ឬឥដ្ឋដែរ គឺអាស្រ័យទៅតាមតម្រូវការជាក់ស្តែងចំពោះមុខដូចកម្មករប្រុសៗដែរ។ គាត់បានសម្តែងការត្អូញត្អែរស្រដៀងទៅនឹងអ្នកស្រី ចក់ យឿន ផងដែរ។

«ធ្វើការមួយថ្ងៃ៨ម៉ោង ដូចគ្នា តែពេលបើកលុយយើងទទួលបាន៥ ឬ៦ដុល្លារ រីឯខាងប្រុសៗវិញគេបានចាប់ពី៧ដុល្លារឡើងទៅឯណោះ។ តែយើងចេះតែទ្រាំធ្វើការទៅព្រោះយើងពុំមានចំណេះដឹងនឹងទៅធ្វើការងារផ្សេងបាន» នេះបើតាមការបញ្ជាក់របស់ សួន ស្រីយ៉ា។ ជាចៃដន្យ«បើថ្ងៃណាយើងឈឺ ឬឈប់ ក៏ថៅកែគេអត់បើកលុយឲ្យ ឬជួយចេញថ្លៃព្យាបាលអីទេ។ តែបើយើងធ្វើការបន្ថែមម៉ោងនៅថ្ងៃឈប់សម្រាកថៅកែគេគុណឲ្យ១,៥០ដង»។

ស្ត្រីកម្មករទាំងពីររូបបានអះអាងដូចគ្នាថា ពេលបំពេញការងារពួកគាត់ពុំត្រូវបានគេផ្តល់សម្ភារសម្រាប់ការពារផ្នែកសុវត្ថិភាព ដូចជា មួក ស្រោមដៃ ឬស្បែកជើងកវែងនោះទេ ហើយពួកកម្មករស្ត្រីងាយនឹងត្រូវបានគេបញ្ឈប់ពីការងារណាស់។ ក្នុងពេលបំពេញការងារ «នៅពេលណាគេដឹងថា យើងមានផ្ទៃពោះ គឺខាងថៅកែ ឬអ្នកម៉ៅការសំណង់គេបញ្ឈប់ពួកយើងពីការងារតែម្តង» នេះបើតាមការអះអាងរបស់កម្មការិនីសំណង់ សួន ស្រីយ៉ា និង ចក់ យឿន។ ពួកគាត់បានធ្វើការសំណូមពរឲ្យរដ្ឋាភិបាល «ជួយបង្កើតច្បាប់ការពារកម្មករសំណង់ និងមានច្បាប់អាចឈប់សម្រាក ឈឺ ឬពាក់ព័ន្ធទៅនឹងរយៈពេលមាតុភាព និងបញ្ឈប់រាល់ការរើសអើង ស្ត្រីភេទ»នៅក្នុងការងារនេះ។

លោក យ៉ាន់ ធី អគ្គលេខាធិការសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានប្រាប់ភ្នំពេញប៉ុស្តិ៍អចលនទ្រព្យ តាមទូរស័ព្ទកាលពីព្រឹកថ្ងៃអង្គារដើមសប្តាហ៍នេះថា បើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីបរិមាណកម្មករបម្រើការងារនៅក្នុងវិស័យសំណង់មានប្រមាណ ១៩ ទៅ ២០ ម៉ឺននាក់ ហើយបើគិតចំពោះកម្មករសំណង់ជាស្ត្រីភេទមានប្រមាណ៣០ភាគរយនៅក្នុងនោះ។ ដោយឡែក រហូតមកដល់ពេលនេះកម្មករសំណង់ជា «សមាជិករបស់ BWTUC គឺមានតែជាង ៦០០០នាក់ប៉ុណ្ណោះ»។ លោកបន្តថា ប៉ុន្តែ«សម្រាប់ពួកយើងបានមើលឃើញថា ការងាររបស់ពួកគាត់នៅក្នុងវិស័យសំណង់ គឺមានសក្តានុពលខ្លាំងសម្រាប់ជួយជំរុញល្បឿនសេដ្ឋកិច្ចជាតិ»។

express-logo-for-hotews

ស្រដៀងគ្នាទៅនឹងការលើកឡើងរបស់ស្ត្រីកម្មករសំណង់ខាងលើលោក យ៉ាន់ ធី បានមើលឃើញថា រដ្ឋពុំសូវយកចិត្តទុកដាក់ និងជួយគេច្រើនទេ។ លោកបានបន្ថែមថា ៖ «ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នាយើងទទូចឲ្យរដ្ឋាភិបាលជួយបង្កើតគោលនយោបាយកំណត់ប្រាក់ឈ្នួលគោល អប្បបរមាដល់កម្មករបម្រើការងារនៅក្នុងផ្នែកសំណង់ បង្កើតច្បាប់ផ្សេងៗដែលអាចផ្តល់ជាអត្ថប្រយោជន៍បន្ថែមផ្សេងៗទៀតដល់ កម្មករ-កម្មការិនីសំណង់ និងប្រយោជន៍ដល់ភាគីពាក់ព័ន្ធ»។

លោក យ៉ាន់ ធី បានរំឭកថា កន្លងមកធ្លាប់មានកម្មករជាច្រើនដែលធ្វើការនៅក្នុងវិស័យសំណង់«ទទួលរងផលប៉ះពាល់ដូចជា គ្រោះថ្នាក់ បាក់ធ្លាក់ ធ្លាក់សម្ភារសំណង់ពីលើ ឆក់ខ្សែភ្លើង ប៉ះទង្គិច មុត បង្កឲ្យមានរបួសស្នាមដល់រាងកាយពិការ ប៉ះពាល់ដល់សុខភាពទូទៅ និងផ្លូវចិត្ត រីឯខ្លះទៀតរហូតដល់រងគ្រោះបាត់បង់អាយុជីវិតក៏មាន ប៉ុន្តែជាអកុសលពួកគាត់កម្មករសំណង់ទាំងអស់ហាក់ពុំសូវទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធររដ្ឋ ឬអង្គការពាក់ព័ន្ធនានានោះទេ»។

លោកបន្តថា វិបត្តិឬបញ្ហាខណៈ«អ្នកម៉ៅការសាងសង់សំណង់អត់បើកប្រាក់ឈ្នួលឲ្យកម្មករ ឬរត់ចោលកម្មករ» ក៏មានច្រើនករណីដែរ។

លោក ហេង សួរ មន្ត្រីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានកិច្ចសហការជាមួយអង្គការ ILO បានធ្វើការសិក្សា «ដើម្បីពិនិត្យលទ្ធភាពនៃការពង្រីកវិសាលភាពនៃប្រាក់ឈ្នួលអប្បបរមា[កម្មករសំណង់ ហើយតាមការពិតជាក់ស្តែង]នាពេលបច្ចុប្បន្ននេះ [ប្រាក់ឈ្នួលរបស់ពួកគាត់ទទួលបាន]លើសពីប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង»។

មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្ថែមថា ជាការពិត «អ្វីដែលជាប្រាក់ឈ្នួលអប្បរមា ដែលបងប្អូនកម្មករធ្វើការនៅក្នុងវិស័យសំណង់នេះ គឺបានលើសពីកម្រិតប្រាក់ឈ្នួលអប្បបរមានៃវិស័យកាត់ដេរ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលក្ខខណ្ឌនៃការធ្វើការងារគឺផ្សេងគ្នា»។

លោកបន្តថា៖ «អ៊ីចឹងហើយបានជាវាអាចទាមទារឲ្យមានការសិក្សាជាក់លាក់មួយបន្ថែមទៀតពីខាងអង្គការ ILO [និងភាគីពាក់ព័ន្ធ] ថាតើគួរតែប្រើប្រាស់[រូបមន្ត]ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យកាត់ដេរនេះ ហើយពង្រីកវាទៅឲ្យដល់វិស័យសំណង់តែម្តង ឬក៏គួរមានប្រាក់ឈ្នួលអប្បបរមាដោយឡែកសម្រាប់វិស័យសំណង់?»

«ប៉ុន្តែជាទូទៅប្រហែលជាយើងនឹង[កំណត់]យកប្រាក់ឈ្នួល អប្បបរមាថ្នាក់ជាតិមួយដែលអាចប្រើប្រាស់បានគ្រប់វិស័យតែម្តង» នេះបើតាមប្រសាសន៍របស់លោក ហេង សួរ។ ម្យ៉ាងទៀត «យើងក៏បាននិងកំពុងសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាគណៈវិស្វករកម្ពុជា ដើម្បីជំរុញឲ្យក្រុមហ៊ុនសំណង់ទាំងអស់គឺត្រូវតែមានការអនុញ្ញាតពីក្រសួងដែនដី ហើយអ្នកឈរឈ្មោះឬក្រុមហ៊ុនសំណង់ទាំងនោះត្រូវតែមានអ្នកបច្ចេកទេសផ្នែកស្ថាបត្យកម្មសំណង់ ដើម្បីធានាថា រាល់បទដ្ឋានសុវត្ថិភាពអ្វីផ្សេងៗនឹងគោរពទៅតាមច្បាប់ត្រឹមត្រូវ»។

លោក ហេង សួរ បានពន្យល់ថា នៅប្រទេសណាក៏ដោយការសិក្សាពីការកំណត់ប្រាក់ឈ្នួលអប្បបរមាដល់និយោជិត គឺ«តែងត្រូវបានធ្វើឡើងដោយពុំមែនភាគីរបស់រដ្ឋទេ»។ គឺ«ត្រូវតែឆ្លងកាត់យន្តការពិភាក្សាត្រីភាគី» គឺរួមទាំងនិយោជកដែលធ្វើការនៅក្នុងវិស័យ នោះ ភាគីពាក់ព័ន្ធ និងរដ្ឋ៕

Leave a Reply