18-7-004

គម្រោង​សាងសង់​ កើន​ជិត​ ៣០ ​ភាគរយ

ប្រភព ៖ ភ្នំពេញបុស្តិ៍

គម្រោង និងទឹកប្រាក់វិនិយោគក្នុងវិស័យសំណង់ ដែលរដ្ឋាភិបាលកម្ពុជាអនុម័តក្នុងរយៈពេល ៦ ខែដំបូងឆ្នាំនេះកើនឡើងជិត ៣០ ភាគរយ បើធៀបឆមាសទី ១ ឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ទិន្នន័យដែលចេញផ្សាយកាលពីចុងសប្តាហ៍មុនបានបង្ហាញថាចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះក្រសួងបានអនុម័តលើគម្រោងសាងសង់ទូទាំងប្រទេសសរុបចំនួន ១ ៥២៣ គម្រោងកើនឡើង ២៨,៧ ភាគរយធៀបនឹង ១ ១៨៣ គម្រោងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។

ជាមួយគ្នានេះដែរតម្លៃសរុបបានកើនឡើងដល់ ៤,៩៤ ពាន់លានដុល្លារ កើនឡើង ២៧ ភាគរយធៀបនឹង ៣,៨៧ ពាន់លានដុល្លារនៅក្នុងឆមាសទី ១ ឆ្នាំមុន។

ទិន្នន័យនេះមិនបានចែកជាផ្នែកៗនៃប្រភេទគម្រោងសាងសង់ក្នុងការអនុម័តនោះទេ ហើយមន្ដ្រីរបស់ក្រសួងនេះមិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឲ្យដឹងថាតួលេខនេះបានបង្ហាញប្រតិបត្តិការល្អសម្រាប់វិស័យនេះដែលជាវិស័យមួយក្នុងចំណោមវិស័យសំខាន់ៗ ៤ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ប៉ុន្តែលោកសង្ស័យអំពីភាពច្បាស់លាស់របស់វា និងលំហូរចូលមូលធនពិតប្រាកដនៅក្នុងវិស័យនេះ។

លោកថ្លែងថា៖ «ការមានតួលេខកំណើនគឺជាការល្អ ប៉ុន្តែយើងចង់ឲ្យមានការប្រាកដថា តើវាជាកំណើនដែលមានលុយច្រើនអ៊ីចឹងមែន ឬ គ្រាន់តែមានកំណើនជាតួលេខ»។

លោកបញ្ជាក់ថា មានអ្នកអភិវឌ្ឍន៍មួយចំនួនតែងតែបំប៉ោងទិន្នន័យនៃគម្រោងវិនិយោគរបស់គេ។

លោកលើកឡើងជាឧទាហរណ៍ថាក្រុមហ៊ុនវិនិយោគជាច្រើនគ្រាន់តែមានដីហើយវាយតម្លៃថាដីនោះមានតម្លៃ ១០ លានដុល្លារហើយគ្រោងចំណាយ ២០ លានដុល្លារផ្សេងទៀតដើម្បីដំណើរការគម្រោង ប៉ុន្តែតែងអះអាងថាគម្រោងវិនិយោគមានទឹកប្រាក់សរុប ៥០ ទៅ ៦០ លានដុល្លារជាដើម។

លោកបញ្ជាក់ថា៖ «ក្នុងករណីនេះវាមានតែតួលេខ ប៉ុន្តែអត់ទាន់មានលុយចូលក្នុងវិស័យនេះនោះទេ»។

តែយ៉ាងណាក៏ដោយលោក គីម ហ៊ាង បានបញ្ជាក់ថាតាមការសង្កេត វិស័យសំណង់នៅកម្ពុជាកំពុងមានកំណើនថេរល្អ ដែលមិនមានការប្រែប្រួលខ្លាំងនោះទេធៀបនឹងឆ្នាំមុនទាំងការប្រែប្រួលវិជ្ជមាន និងអវិជ្ជមាន។

កំណើនសកម្មភាពវិនិយោគក្នុងវិស័យសំណង់បានរួមចំណែកបង្កើនតម្រូវការសម្ភារក្នុងវិស័យសំណង់ និងសម្ភារផ្សេងទៀត។ នេះបើយោងតាមលោក គាំ ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន K Supply Co ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ជាច្រើនប្រភេទជាពិសេសសម្រាប់គម្រោងខុនដូ និងអគារការិយាល័យផ្សេងៗ។

យោងតាមលោក ប៊ុណ្ណា ការបង្កើនគម្រោងសាងសង់ដូចជាខុនដូ និងអគារការិយាល័យនៅក្នុងប្រទេសជាច្រើនបានជួយបង្កើនការលក់ផលិតផលរបស់លោកនៅឆមាសទី ១ ឆ្នាំនេះជាមួយអត្រាកំណើនប្រហែល ៤០ ភាគរយ។

លោកបន្ថែមថា តួលេខគម្រោងដែលបានអនុម័តពីក្រសួងបង្ហាញសញ្ញាវិជ្ជមានសម្រាប់អាជីវកម្មរបស់លោកដោយថ្លែងថាការលក់ផលិតផលរបស់លោកនឹងមានកំណើនកាន់តែប្រសើរនៅឆមាសទី ២។

លោកថ្លែងថា៖ «ខ្ញុំមើលឃើញវិជ្ជមានលើសកម្មភាពសាងសង់ ហើយខ្ញុំជឿជាក់ថាតម្រូវការសម្ភារសំណង់នឹងរក្សាភាពខ្លាំងនៅឆមាសទី ២ ព្រមទាំងពេញមួយឆ្នាំ»៕

Leave a Reply