29-5-023

ផ្លូវបេតុងជាង១០ខ្សែ តម្លៃខ្ទង់លានដុល្លារ ត្រូវបានស្ថាបនាជូនពលរដ្ឋនៅខណ្ឌដង្កោ

ប្រភព ៖ FreshNews

គិតត្រឹមខែឧសភា ឆ្នាំ២០១៧នេះ ផ្លូវបេតុងជាង១០ខ្សែ ដែលមានតម្លៃរហូតដល់ខ្ទង់លានដុល្លារ ត្រូវបានរដ្ឋបាលខណ្ឌដង្កោ បានបើកការដ្ឋានជូនប្រជាពលរដ្ឋ សម្រាប់ការធ្វើដំណើរ និងដើម្បីចូលរួមលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ពីការដឹកជញ្ជូនទំនិញ និងផលិតផ្សេងៗ។

ជាក់ស្តែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧នេះ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានបន្តបើកការដ្ឋានស្ថាបនាផ្លូវបេតុង២ខ្សែទៀត ព្រមទាំងការដាក់ប្រព័ន្ធលូ១ខ្សែ ស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ។

គម្រោងដែលបើកការដ្ឋានស្ថាបនាក្នុងឱកាសនេះរួមមាន៖
១-ផ្លូវបេតុង០១ខ្សែ ប្រវែង៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិទ័ពបោះ និងភូមិត្រពាំងស្វាយ (ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៧)
២-ផ្លូវបេតុង០១ខ្សែ ប្រវែង ៣២៩ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសេរីដីដុះ (ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧)
៣-ដាក់ប្រព័ន្ធលូរំដោះទឹក ០១ខ្សែ ប្រវែង១៤០ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិទួលសំបូរ។

មន្រ្តីសាលាខណ្ឌដង្កោ បានបញ្ជាក់ថា ផ្លូវបេតុងរហូតជាង១០ខ្សែហើយ ត្រូវបានរដ្ឋបាលខណ្ឌចុះបើកការដ្ឋានជាបន្តបន្ទាប់ និងសឹងតែរាល់ថ្ងៃតែម្តង ដែលមួយខ្សែៗមានតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ ដូច្នេះផ្លូវទាំងជាង១០ខ្សែនេះ បើគិតជាទឹកប្រាក់ គឺរហូតដល់លានដុល្លារ។

មន្រ្តីសាលាខណ្ឌដង្កោ ក៏បានលើកឡើងថា គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ដែលមេបក្សតែងតែប្រកាសថា នៅពេលជាប់ឆ្នោត នឹងទម្លាក់លុយទៅឲ្យមេឃុំ ឬចៅសង្កាត់រហូតដល់៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំនោះ ជាការភូតភរសុទ្ធសាធ ពោលខាងរាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរថា្នក់ក្រោមជាតិ បានចំណាយលុយរាប់ម៉ឺន រាប់សែន និងរហូតដល់ខ្ទង់លានដុល្លារ សម្រាប់ការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌដង្កោ បានផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស។

ជាក់ស្តែងនៅថ្ងៃនេះ សមិទ្ធផលផ្លូវបេតុងថ្មី២ខ្សែនេះ និងប្រព័ន្ធលូថ្មីនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ បញ្ជៀសការលិចលង់ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

លោកអភិបាល បានផ្តាំផ្ញើដល់ក្រុមហ៊ុនទទួលការស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនាផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្រើប្រាស់។ ជាមួយគ្នានេះ លោកអភិបាលក៏បានសំណូមដល់បងប្អូន ប្រជាពលរដ្ឋសូមមេត្តាជួយតាមដាន ការអនុវត្តគម្រោងរបស់ក្រុមហ៊ុន ទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់ តិចតួចដែលអាចបណ្តាល មកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕

29-5-019

29-5-020

29-5-021

29-5-022

Leave a Reply