គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​ទឹក​ចាស់​ នៅ​ខណ្ឌ​មានជ័យ​បាន​ចាប់​ផ្តើម
Posted On : ធ្នូ, 8, 2017 | By Vantha

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមិនសំដៅលើសំណង់អគារ ស្ពាន ថ្នល់ សួនច្បារ ឬផ្សារទំនើប ប្រព័ន្ធប្រឡាយទឹក ក៏ជាផ្នែកមួយនៃគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងទីក្រុងនីមួយៗជាពិសេសក្រុងភ្នំពេញ ដែលប្រឈមនឹងការកកស្ទះប្រព័ន្ធទឹកកខ្វក់ ឬទឹកភ្លៀងនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

ថ្មីៗនេះសាលារដ្ឋធានីភ្នំពេញបានរៀបចំប្រព័ន្ធប្រឡាយទឹកនៅក្នុងខណ្ឌមានជ័យ ត្រង់ចំណុចភូមិមានជ័យ តាមលក្ខណៈបច្ចេកទេសដើម្បីឲ្យមានលំហូរទឹកបានល្អ មានបរិស្ថានស្អាត និងបម្រើតួនាទីផ្សេងទៀត។

លើសពីនេះ សាលារាជធានី បានរៀបចំទីតាំងក្បែរមាត់ប្រឡាយទាំងនោះសង់ជាលំនៅឋានសម្រាប់ឲ្យប្រជាជនក្រីក្រស្នាក់នៅ តាមរយៈការពុះដីជាឡូត៍ ដើម្បីផ្តល់កម្មសិទ្ធិស្របច្បាប់សម្រាប់ប្រជាជននៅតំបន់នោះឲ្យបានសមរម្យបន្ទាប់ពីការអភិវឌ្ឍប្រព័ន្ធប្រឡាយទឹកឲ្យមានរបៀបរៀបរយដូចជា ការរៀបចំកាយយកសំរាមកកស្ទះចេញ រៀបចំប្រព័ន្ធផ្លូវ និងប្រព័ន្ធលូជាដើម។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា រហូតមកទល់សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋ គាត់ចូលមកធ្វើការរស់នៅលើប្រឡាយ និងបានចាក់ដីបន្ថែមលុបលើប្រឡាយស្ទឹងមានជ័យ ដែលធ្វើឲ្យប្រព័ន្ធទឹកមិនអាចហូរបាន។

ប្រឡាយជាអាងស្តុកទឹក និងជាផ្លូវទឹកហូរនៅពេលដែលមានភ្លៀងធ្លាក់ចូលប្រឡាយ ប៉ុន្តែសព្វថ្ងៃមានប្រជាជនជាង៥០០គ្រួសារ មកស្នាក់នៅលើប្រឡាយនៅតំបន់នោះ។

លោក មាសភក្តី បន្តថា សព្វថ្ងៃនេះប្រឡាយមិនបានប្រើ និងបំពេញមុខងាររបស់ខ្លួនឲ្យបានត្រឹមត្រូវជាប្រឡាយឡើយ ដែលបង្កឲ្យមានឧបសគ្គដូចជាធ្វើឲ្យប្រឡាយរាក់ ដោយសារមានគំនរដីភក់ សំរាម ដែលចោលដោយប្រជាពលរដ្ឋ ការរំលោភចាក់ដីថែមលើប្រទ្បាយ និងបាំងមុខទឹកហូរ។

លោកបានឲ្យដឹងថា ៖ «ហើយការរស់នៅលើប្រឡាយ គឺមិនស្របច្បាប់ឡើយ និងបានធ្វើឲ្យបញ្ហាដែលប្រជាពល រដ្ឋនៅក្នុងតំបន់ និងប្រជាជនដែលឆ្លងកាត់ប្រឈមបញ្ហាដោយសារប្រឡាយនីមួយៗមិនបានប្រើជាមុខងាររបស់ខ្លួនដូចជាប្រឡាយស្ទឹងមានជ័យជាដើម»។

លោកបន្តទៀតថា៖ «តាមការសិក្សាពីគម្រោងនេះ សាលារាជធានីភ្នំពេញមានគោលបំណងអភិវឌ្ឍប្រឡាយទឹកស្ទឹងមានជ័យ ឲ្យទៅជាប្រឡាយទឹកបេតុង ឲ្យដូចប្រឡាយផ្សេងៗទៀត ដែលយើងបានធ្វើរួមមកហើយ ឲ្យប្រកបដោយភាពល្អប្រសើរ ស្អាត និងងាយស្រួសក្នុងការគ្រប់គ្រង»។

លោកបន្តទៀតថា ក្រុងមិនអាចអភិវឌ្ឍលើកិច្ចការនេះក្នុងរយៈពេលខ្លីនោះទេ ដូច្នេះត្រូវធ្វើការជា៤ដំណាក់កាល។ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ត្រូវរៀបចំប្រជាជនឲ្យមករស់នៅក្នុងផ្ទះស័ង្កសីបណ្តោះអាសន្នសិន។ «ដំណាក់កាលទី១ នឹងមានជាង១៥០គ្រួសារ មករស់នៅផ្ទះបណ្តោះអាសន្នដោយមិនគិតថ្លៃទឹកភ្លើង និងសេវាសាធារណៈ ទើបធ្វើការដ្ឋានដើម្បីឈូសឆាយដីអភិវឌ្ឍ»។

គម្រោងអភិវឌ្ឍន៍ប្រឡាយទឹកនេះនឹង ត្រូវចាប់ផ្តើមនៅចុងឆ្នាំនេះនៅពេលដែលប្រជាជនក្នុងដំណាក់កាលទី១ ផ្លាស់ប្តូរទៅរស់នៅទីតាំងថ្មីបណ្តោះអាសន្ននៅក្រោមស្ពានអាកាសស្ទឹងមានជ័យ។

ទោះបីជាមានប្រជាជនច្រើនជាង ៥០០គ្រួសារ មកពីក្នុង៨សហគមន៍ក្នុងសង្កាត់សឹ្ទងមានជ័យ លោកមាសភក្តី ប្រាប់ថា ៖ «ការផ្តល់ជូនផ្ទះបណ្តោះអាសន្ន បង្គន់អនាម័យ ទឹក ភ្លើង សេវាពេទ្យ សេវាសន្តិសុខ និងសេវាសាធារណៈនានា ដោយ ឥតគិតថ្លៃដល់ប្រជាជន ហើយការរើមកនូវទីតាំងថ្មីនេះត្រូវបានធានាទាំងលំនៅឋាន សុវិត្ថភាព និងសុខុមាលភាព»។

បន្ទាប់ពីការអភិវឌ្ឍមួយដំណាក់កាលៗ ប្រជាជននឹងត្រូវចាប់ឆ្នោតដើម្បីទទួលបានកម្មសិទ្ធិរស់នៅស្របច្បាប់រហូតដល់ដំណាក់កាលបញ្ចប់។ ទីតាំងនោះប្រជាជនអាចកាន់កាប់ដីទំហំ៤គុណ៦ម៉ែត្រ ឬប្រមាណ២៤ម៉ែត្រការ៉េ តាមរយៈការផ្តល់ប្លង់កម្មសិទ្ធិក្នុងការកាន់កាប់ស្របទៅតាមច្បាប់នៃការសាងសង់។

លោក មាសភក្តី បន្ថែមថា ៖ «ខ្ញុំគិតថា ប្រជាជនបានស្វែងយល់ និងសហការច្បាស់លាស់ទាំងផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍រួមជាមួយសាលារាជធានីភ្នំពេញ ដោយការរស់នៅសព្វថ្ងៃរបស់គាត់មិនមានច្បាប់នៅតំបន់នោះឡើយ ប៉ុន្តែវាជាការល្អសម្រាប់ពួកគាត់នៅពេលដែលទទួលបានដីកម្មសិទ្ធិ»។

នេះគឺជាផ្នែកមួយនៃការអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់។ លោកបានពន្យល់ថា គម្រោងផ្ទះបណ្តោះអាសន្ននេះបានចំណាយពេលជិតមួយខែក្នុងការសាងសង់ ហើយប្រជាជនអាចមករស់នៅប្រហែលរយៈពេល៣ខែ ក្នុងដំណាក់កាលទី១។

កញ្ញា ពោធិ៍ ចាន់ថន អាយុ ៣២ឆ្នាំ ជាប្រជាជនរស់នៅភូមិស្ទឹងមានជ័យ១ បានរៀបរាប់ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍អចលនទ្រព្យថា ៖ «គ្រួសាររបស់ខ្ញុំរស់នៅក្បែរមាត់ប្រឡាយស្ទឹងមានជ័យនេះជាង១០ឆ្នាំហើយ ដោយទិញដីបន្តពីម្ចាស់ដីចាស់ ហើយពួកយើងក៏បានចូលរួមប្រជុំ និងយល់ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយនេះដែរ»។

ស្ថិតនៅក្នុងផ្ទះដែលមានសមាជិកគ្រួសារ ជិត១០នាក់ កញ្ញា ចាន់ថន បានប្រាប់ថា ៖ «គ្រួសាររបស់ខ្ញុំបានទិញដីក្នុងតម្លៃ៧ពាន់ដុល្លារ ហើយបានចំណាយលើការសាងសង់ជាច្រើនទៀតរហូតមកទល់សព្វថ្ងៃនេះ ហើយពួកយើង គឺស្ថិតនៅក្នុងដំណាក់កាលទី២នៃការអភិវឌ្ឍប្រព័ន្ធប្រឡាយនៅទីនេះ បន្ទាប់ពីការស្នើសុំជាច្រើនឆ្នាំ»។

បើតាមការប្រជុំជារឿយៗមក ប្រជាជននៅសង្កាត់ស្ទឹងមានជ័យ បានយល់ព្រមក្នុងការពិភាក្សាជាមួយសាលារាជធានីភ្នំពេញ។

កញ្ញាបានបន្តថា ៖ «ទាំងម្ទាស់ដីតូច ឬធំ គឺទទួលបានសំណងដី ដែលមានកម្មសិទ្ធិទំហំ ៤ គុណនឹង ៦ ម៉ែត (ស្មើនឹង ២៤ ម៉ែត្រការ៉េ) បន្ទាប់ពីការរៀបចំអភិវឌ្ឍនេះ»។

គម្រោងអភិវឌ្ឍនេះបាននិយាយយូរណាស់មកហើយ ប៉ុន្តែគម្រោងទើបចាប់ផ្តើមនៅខែធ្នូនេះ។ កញ្ញាប្រាប់ថា ៖ «ពួកយើងសង្ឃឹមថា ការតវ៉ា និងស្នើសុំដើម្បីទទួលបានដីមួយរស់នៅជិតសាលារៀន កន្លែងប្រកបអាជីវកម្ម ពីព្រោះការផ្លាស់ប្តូរទៅរស់នៅកន្លែងផ្សេងអាចបង្កនូវផលលំបាកច្រើន»។

ការស្នើសុំសាលារាជធានីភ្នំពេញ និងក្រសួងរៀបចំដែនដី នគរូបនីកម្ម និង សំណង់ពីប្រជាជនប្រមាណជិត៥០០គ្រួសារ ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិ រៀបចំប្រព័ន្ធប្រឡាយលូ និងរស់នៅកន្លែងដើម។ កញ្ញាចាន់ថនថា ៖ «ទោះបីជាយើងទទួលបានដីតូចជាងមុនក៏ដោយ ក៏យើងនៅតែទទួលយកសំណង់មួយនេះដើម្បីជាការអភិវឌ្ឍតំបន់ស្ទឹងមានជ័យនេះ»។

«យើងសង្ឃឹមថា ប្រព័ន្ធលូលែងស្ទះ សំរាមមានរបៀបរៀបរយ គ្មានចោរកម្ម និងក្មេងឆក់។ យើងតែងទៅប្រជុំជាមួយប្រជាជន និងអ្នកពាក់ព័ន្ធជាច្រើនដង។ គម្រោងនេះប្រហែលយ៉ាងតិច ១ឆ្នាំ ដើម្បីបញ្ចប់ការងារនេះ»។

តាមរយៈប្រជាជន និងនិស្សិតនៅសាកលវិទ្យាល័យមួយចំនួនបានរៀបចំប្លង់ពីទីតាំងនៅទីនេះ ប្រជាជនបានមើលឃើញពីភាពវិជ្ជមានតាមប្លង់ព្រាងបន្ទាប់ពីការសិក្សា។ កញ្ញាបន្តថា ការប្រជុំចុងក្រោយពីបញ្ហានេះ បានធ្វើឡើងកាលពីខែតុលាដោយសហគមន៍ «ស្ត្រីសាមគី្គមានជ័យ» និងអង្គការដៃគូ។

លោក អ៊ឹម សុង អាយុ៧០ឆ្នាំ ជាប្រជាជនដែលជួលផ្ទះនៅក្បែរប្រឡាយស្ទឹងមានជ័យ បានប្រាប់ថា លោករស់នៅផ្ទះជួលមួយនេះជាង១០ឆ្នាំហើយ បន្ទាប់ពីផ្លាស់ប្តូរពីខេត្តព្រៃវែង។ លោកបន្តថា ៖ «ខ្ញុំមិនទាន់មានដំណឹងទាក់ទងនឹងការអភិវឌ្ឍនៅតំបន់នេះឡើយ»។

ដោយគ្រួសាររបស់លោក សុង ប្រកបមុខរបរលក់ត្រីនៅផ្សារក្បែរនោះនិយាយថា លោកភ័យខ្លាចការផ្លាស់ប្តូរលំនៅឋានទៅនៅឆ្ងាយ និងពិបាកក្នុងការប្រកបការងារ។

អ្នកស្រី ឌី ចាន់ថន អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្ទឹងមានជ័យ ១ បានប្រាប់ថា ផ្ទះរបស់អ្នកស្រីមិនបានប៉ះនឹងគម្រោងអភិវឌ្ឍប្រឡាយទឹកស្ទឹងមានជ័យទេ ប៉ុន្តែភាគច្រើននៃប្រជាជនរស់នៅជិតនេះមានការប៉ះពាល់ច្រើន។

អ្នកស្រីបានបន្តថា ៖ «ទោះបីជាប៉ះពាល់ ឬមិនប៉ះពាល់ការអភិវឌ្ឍតំបន់ប្រឡាយនេះអាចជួយកាត់បន្ថយការលិចទឹក សំរាម និងកិ្លនស្អុយផ្សេងៗ»។

គួរបញ្ឋាក់ដែរថា ការរៀបចំប្រព័ន្ធប្រឡាយទឹក និងប្រជាជនដែលរស់នៅជុំវិញប្រឡាយស្ទឹងមានជ័យ សាលារាជធានីភ្នំពេញ បានរៀបចំជាវេទិកាសាធារណៈជាច្រើនដង ដើម្បីពិគ្រោះយោបល់ពីប្រជាជនក្នុងសហគមន៍ ហើយប្រជាជនបានយល់ព្រម ១០០ ភាគរយ តាមការអភិវឌ្ឍ។ ប្រឡាយស្ទឹងមានជ័យ ជាប្រឡាយមេដែលបង្ហូរទឹកពីក្រុងភ្នំពេញ កាត់តាមសង្កាត់ស្ទឹងមានជ័យ រហូតទៅដល់ម្តុំស្ពានព្រែកហូរ ខេត្តកណ្តាល (ជាង ១៣ ហិកតា)។

អាជ្ញាធរក្រុងធ្វើផ្ទះបណ្តោះអាសន្នក្រោមស្ពានស្ទឹងមានជ័យឲ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ននេះមានទំហំ ៣,៥០ ម៉ែត្រ គុណនឹង ៤ ម៉ែត្រ ហើយការសាងសង់ស្ថិតនៅក្រោមគម្រោងថវិការបស់សាលារាជធានីភ្នំពេញ។ គម្រោងសំណង់នេះបានចាប់ផ្តើមតាំងពីចុងខែវិច្ឆិការហូតដល់ដើមខែធ្នូនេះជាគម្រោងថវិការបស់ សាលារាជធានីភ្នំពេញ។

ផ្ទះសង្ក័សីចំនួន១៦០បន្ទប់នេះ មានបន្ទប់ទឹកចំនួន១០ហើយការប្រើប្រាស់ទឹក ភ្លើង និងសេវាសាធារណៈនានាដោយឥតគិតថ្លៃឡើយ។

ផ្ទះទាំងនេះស្ថិតនៅក្រោមស្ពានអាកាសស្ទឹងមានជ័យ អាចចំណាយពី ២០០០ ទៅ ៣០០០ ដុល្លារសម្រាប់ផ្ទះមួយ។ តាមការកំណត់របស់សាលារាជធានីភ្នំពេញ ប្រហែល១៥៣គ្រួសារមករស់នៅក្នុងដំណាក់កាលទី១ នៅក្នុងខែធ្នូនេះ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!