City Park សាងសង់ខុនដូលំដាប់ផ្កាយ៥នៅបឹងកេងកង១
Posted On : January, 24, 2015 | By សំឡេងទីក្រុង
ដោយ ស៊ីវ ម៉េង, ភ្នំពេញបុស្តិ៍ុ, ថ្ងៃទី ២៤ មករា ២០១៥
បន្ទាប់ពីមើលឃើញទីផ្សារខុនដូនៅកម្ពុជា កាន់តែមានសញ្ញាវិជ្ជមាន ដោយសារកត្តាសេដ្ឋកិច្ច និងលក្ខខណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជាមានអំណោយផលល្អនោះក្រុមហ៊ុន City Park Development Plc កាលពីពេលថ្មីៗនេះបានសម្រេចបោះទុនវិនិយោគចំនួន៣៦លានដុល្លារអាមេរិក ដើម្បីសាងសង់ខុនដូមួយមានកម្ពស់ ២៥ ជាន់ នៅក្នុងសង្កាត់បឹងកេងកង ១ រាជធានីភ្នំពេញ។
អ្នកនាង Ting Hsu ជំនួយការនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន City Park Development Plc បានប្រាប់ថា បន្ទាប់ពីបានធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជាកាលពីឆ្នាំមុនថ្នាក់ដឹកនាំក្រុមហ៊ុន City Park Development Plc បានមើលឃើញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានភាពល្អប្រសើរយ៉ាងខ្លាំង ជាហេតុធ្វើឲ្យក្រុមហ៊ុនសម្រេចចិត្តមកបោះទុនវិនិយោគសាងសង់ខុនដូ City Park នេះឡើង។ ខុនដូនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីដើមខែមករានេះ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៧។ City Park មានកម្ពស់២៥ជាន់ និងមានចំណតរថយន្តនៅក្រោមដី ៣ ជាន់។
អ្នកនាង Ting Hsu មានប្រសាសន៍ថា៖ «គិតចាប់ពីពេលបើកដំណើរការលក់រហូតមកទល់ពេលនេះយើងលក់ផ្ទះក្នុងគម្រោងខុនដូ City Park អស់ប្រហែល៦០ភាគរយហើយ នៅក្នុងចំណោមផ្ទះសរុបចំនួន១៣០យូនីត»។
អ្នកនាងបន្តថា៖«បឹងកេងកង១ ជាសង្កាត់លេខ១ នៅកណ្តាលរាជធានីភ្នំពេញ ដែលមានភាពងាយស្រួលសម្រាប់ការរស់នៅ និងមានសុវត្ថិភាពល្អ ទើបយើងមកវិនិយោគនៅទីនេះ។ ការសាងសង់របស់យើងមិនមែនគិតតែប្រាក់ចំណេញនោះទេ តែយើងក៏ចង់បានកិត្តិយសសម្រាប់ក្រុមហ៊ុនផងដែរ»។
City Park សាងសង់លើផ្ទៃដីទំហំ១១៣០ម៉ែត្រការ៉េ ស្ថិតតាមបណ្តោយផ្លូវលេខ ៣៥២ ក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ខុនដូនេះមានផ្ទះចាប់ពី១បន្ទប់គេង រហូតដល់៤បន្ទប់គេង និងលក់ក្នុងតម្លៃខុសៗគ្នាទៅតាមជាន់នីមួយៗ ដូចជា ផ្ទះនៅជាន់ទី១២ លក់ក្នុងតម្លៃ ៣៥០០ ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយចាប់ពីជាន់ទី ១២ ចុះដល់ជាន់ទី៥តម្លៃធ្លាក់ចុះ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េគ្រប់ជាន់នីមួយៗ។ ចាប់ពីជាន់ទី ១២ ឡើងដល់ជាន់ទី ២១ តម្លៃផ្ទះកើនឡើង ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េរៀងរាល់ជាន់នីមួយៗពីតម្លៃគោល៣៥០០ដុល្លារ។ ចំណែកជាន់ទី ២២ ដល់ជាន់ទី ២៥ គឺជា កន្លែងសាធារណៈសម្រាប់រៀបចំពិធីជប់លៀង អាងហែលទឹក កន្លែងហាត់ប្រាណ ស៉្បា Sky Bar និងសួនច្បារសាធារណៈ។ នៅជាន់ទី ១ ជាកន្លែងឡប់ប៊ី និងចាប់ពីជាន់ទី ២ ដល់ទី ៤ ជាទីតាំងការិយាល័យសម្រាប់លក់។
អ្នកនាងបន្តថា ផ្ទះនីមួយៗក្នុងខុនដូ City Park ត្រូវបានឌីហ្សាញ និងតុបតែងលម្អដោយក្រុមហ៊ុនផ្ទាល់ ពិសេសក្រុមហ៊ុននឹងបំពាក់សម្ភារបរិក្ខារប្រើប្រាស់ម៉ាកល្បីៗជូនអតិថិជនផងដែរ។
អ្នកនាងបន្ថែមថា ស្ថាបត្យកររចនាប្លង់ City Park បានរចនាអគារនេះយ៉ាងពិសេស ដើម្បីអាចស្រូបយកពន្លឺព្រះអាទិត្យពីខាងក្រៅ ហើយនៅគ្រប់ជាន់សុទ្ធតែមានដាំដើមឈើដើម្បីផ្តល់បរិស្ថានបៃតងសម្រាប់អគារ។ ផ្ទះនីមួយៗមានកម្ពស់ ៣,៦ ម៉ែត្រ ខណៈផ្ទះដែលមាន៤បន្ទប់គេង នឹងមានកម្ពស់រហូតដល់ ៧ ម៉ែត្រ ព្រោះផ្ទះដែលមាន ៤ បន្ទប់គេងមានជាន់ឡៅតឿផងដែរ។
អ្នកនាង Ting Hsu បានអះអាងថា៖ «ដោយសារកម្ពុជាមានអំណោយផលពីធម្មជាតិ មិនមានខ្យល់ព្យុះ និងរញ្ជួយដីដូចនៅតៃវ៉ាន់ទើបយើងមកវិនិយោគនៅទីនេះ។ បើទោះបីជាកម្ពុជាមិនមានខ្យល់ព្យុះ និងរញ្ជួយដីក្តី ក៏វិស្វករ និងស្ថាបត្យករសាងសង់អគារនេះបានបុកគ្រឹះធំៗ និងរៀបចំប្រព័ន្ធបង្ការការរញ្ជួយដីផងដែរ»។
អ្នកនាងបានបន្តថា៖ «ខុនដូនេះនឹងត្រូវរចនាយ៉ាងប្រណីត ដោយមានបំពាក់នូវសម្ភារបរិក្ខារទំនើបលំដាប់សណ្ឋាគារផ្កាយប្រាំ ព្រោះអតិថិជនគោលដៅរបស់យើងគឺជាអ្នកមានប្រាក់ច្រើន ហេតុនេះទើបយើងមិនលក់បន្ទប់នៅសល់ ៤០ ភាគរយ ទៅឲ្យអតិថិជនផ្តេសផ្តាសឡើយ ដោយយើងចង់បានអតិថិជនលំដាប់ខ្ពស់ និងមានកិត្តិយសមករស់នៅទីនេះ»។
លោក ប៉ូ អ៊ាវគង់ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អេស៊ា រៀលអេស្ទេត បាននិយាយថា បើនិយាយពីអាផាតមិន ជួលនៅតំបន់បឹងកេងកង១ គឺមានអត្រាប្រើប្រាស់ចន្លោះពី ៨០ ទៅ ៩៥ ភាគរយ ព្រោះតំបន់បឹងកេងកង ១ នៅតែមានប្រជាប្រិយភាព និងជាគោលដៅរបស់អ្នកវិនិយោគបរទេស។
លោកបានបន្តថា បើទោះបីមានអាផាតមិន ច្រើននៅតំបន់នេះច្រើនហើយក៏ដោយ ក៏តំបន់នេះនៅតែមានតម្រូវការខុនដូថ្មីៗ និងអាផាតមិនថ្មីៗបន្ថែមទៀតដែរ ព្រោះតំបន់បឹងកេងកង ១ នៅតែមានតម្រូវការខ្ពស់ និងមានសក្តានុពលនៅឡើយ។
លោកមានប្រសាសន៍ថា៖«តម្លៃផ្ទះដែលក្រុមហ៊ុន City Park Development Plc លក់ចេញវាជាកំណត់ត្រាថ្មីមួយដែលមិនធ្លាប់មាននៅកម្ពុជាព្រោះតម្លៃរបស់ខុនដូ City Park លើសគម្រោងផ្សេងៗក្នុងរង្វង់ ១៥ ទៅ ២០ ភាគរយ ខណៈពេលនេះយើងមិនទាន់បានឃើញគុណភាពនៃការឌីហ្សាញរបស់គាត់បែបណានៅឡើយទេ»។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន វីត្រាស់ គ្រុប បានបដិសេធដោយមិនអត្ថាធិប្បាយច្រើនទេលោកគ្រាន់តែថ្លែងយ៉ាងខ្លីថា៖ «បើតាមរបាយការណ៍សិក្សារបស់ក្រុមហ៊ុន Century21 Cambodia ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថា ចំនួននៃការផ្គត់ផ្គង់ហាក់លើសពីតម្រូវការទៅហើយនាពេលនេះ»៕