Cintri workers back on strike
Posted On : ធ្នូ, 17, 2014 | By សំឡេងទីក្រុង

Source: www.PostKhmer.com,Tue, 16 December 2014,

ភ្នំពេញៈ បុគ្គលិក​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ស៊ីនទ្រី ជាង ១០០០ នាក់ បាន​ធ្វើ​កូដកម្ម​ជា​ថ្មី កាល​ពី​ថ្ងៃ​ម្សិល​មិញ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ពី ២០០ ទៅ ៣០០ ដុល្លារ​តាម​ផ្នែក​នីមួយៗ​និង​ធ្វើ​ការ​ត្រឹម ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ បន្ទាប់​ពី​ក្រុម​ហ៊ុន​មិន​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​បូម​យក​ប្រេង​សាំង​ដែល ​នៅ​សល់​ក្រោយ​ពី​ការ​ដឹក​សំរាម​ដូច​មុន។

តំណាង​បុគ្គលិក​កម្មករ​ក្រុម​ហ៊ុន​ស៊ីនទ្រី លោក ប្រាក់ សុខា បាន​ឲ្យ​ដឹង​ថា អ្នក​បើក​ឡាន​ដឹក​សំរាម និង​កម្មករ​ប្រមូល​សំរាម​ទាំង​វេន​យប់ និង​វេន​ថ្ងៃ បាន​នាំ​គ្នា​តវ៉ា តាំង​ពី​ម៉ោង ៦ ល្ងាច​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម​ហ៊ុន​លែង​ឲ្យ​អ្នក​បើក​ឡាន​ដឹក​សំរាម​បូម​យក​ប្រេង​ដែល​នៅ​ សល់​ពី​ការ​ដឹក​សំរាម​ទៅ​លក់​ដូច​មុន។

លោក​ថ្លែង​ថា៖ «កាល​ពី​ការ​ចរចា​លើក​មុន​ខាង​ក្រុម​ហ៊ុន​គាត់​ថា ប្រេង​សាំង​ដែល​នៅ​សល់​ហ្នឹង ទុក​ឲ្យ​បង​ប្អូន​កម្មករ​យើង​បូម​លក់ គ្រាន់​នឹង​បាន​ប្រាក់​ខ្លះ សម្រាប់​ហូប​កាហ្វេ ឬ​ក៏​បាយ​ព្រឹក​អី​ជាដើម ប៉ុន្តែ​ឥឡូវ​គាត់​កាត់​យក​វិញ អ៊ីចឹង​បង​ប្អូន​យើង​លែង​ចង់​បាន​វិញ តែ​យើង​ទាមទារ​បន្ថែម​ប្រាក់​ខែ​គោល​និង​ធ្វើ​ការ​ត្រឹម ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ»។

បើ​តាម​លោក សុខា ក្នុង​ការ​ទាម​ទារ​នេះ​អ្នក​បើកបរ​រថយន្ត​ដឹក​សំរាម ទាម​ទារ​ប្រាក់​ខែ​គោល ៣០០ ដុល្លារ និង​កម្មករ​ប្រមូល​សំរាម ២០០ ដុល្លារ​ក្នុង​មួយ​ខែ។ កន្លង​មក កម្មករ​ប្រមូល​សំរាម​ទទួល​បាន​ប្រាក់​ខែ​គោល​ពី ៩៥ ទៅ ១១៥ ដុល្លារ និង​អ្នក​បើក​បរ​រថយន្ត​និង​ជាង​ជួសជុល ទទួល​បាន​ពី ១២០ ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​តាម​វេន​យប់ និង​វេន​ថ្ងៃ ហើយ​អ្នក​បើកបរ​អាច​បូម​ប្រេង​សាំង​ដែល​នៅ​សល់​ពី​ការ​ប្រមូល​សំរាម​បាន​ពី ៥ ទៅ ៦ លីត្រ​ក្នុង​មួយ​ថ្ងៃ។

ខណៈ​ដែល​បុគ្គលិក​ធ្វើ​កូដកម្ម ក្រុម​ហ៊ុន និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​ជួប​ចរចា​ជាមួយ​តំណាង​កម្មករ​និង​សហជីព​ភ្លាមៗ ដើម្បី​រក​ដំណោះ​ស្រាយ។

លោក សេង បុណ្ណារិទ្ធ ប្រធាន​ជាន់​ខ្ពស់​នាយក​ដ្ឋាន​ផ្នែក​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​នៃ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​បាន​យល់​ព្រម​ជា​បណ្តោះ​អាសន្ន​ឲ្យ​អ្នក​បើក​បរ​ឡាន​អាច​បូម​ ប្រេង​នៅ​សល់​បាន ហើយ​និង​កំពុង​តែ​ព្យាយាម​ចរចា​បន្ត​ទៀត រឿង​ប្រាក់​ខែ​គោល​ព្រោះ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ មាន​កម្រិត​ខ្ពស់​ពេក ដែល​ក្រុម​ហ៊ុន​មិន​អាច​ផ្តល់​បាន។

លោក​បាន​បញ្ជាក់​ថា៖ «យើង​អត់​មាន​លទ្ធភាព​ទេ ដល់​តម្លៃ​ប៉ុណ្ណឹង វា​ទៅ​អត់​រួច​ទេ សូម្បី​កម្មករ​រោង​ចក្រ​កាត់​ដេរ ក៏​អត់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ដែរ ក្រុម​ហ៊ុន​មាន​គោល​ការណ៍​ដំឡើង​ឲ្យ​ពួក​គាត់​ដូច​គោល​ការណ៍​ក្រសួង​ការងារ​ អ៊ីចឹង ប៉ុន្តែ​សំខាន់​អ្វី​ដែល​គាត់​ទារ​ហ្នឹង​វា​ហួស​នឹង​អ្វី​ដែល​យើង​មាន»។

ប្រធាន​សហព័ន្ធ​សហជីព​លើក​តម្កើង​ជីវភាព​កម្មករ​និយោជិត​ខ្មែរ លោក មុំ សារ៉ន បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ការ​ចរចា ភាគី​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​មួយ​ជំហាន​ហើយ សម្រាប់​អ្នក​បើក​បរ​រថយន្ត ប៉ុន្តែ​សម្រាប់​កម្មករ​ប្រមូល​សំរាម​វិញ នៅ​មិន​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ ព្រោះ​កម្មករ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​បាន​ខ្ពស់​ជាង​កម្មករ​តាម​ រោង​ចក្រ​ដែល​ទទួល​បាន ១២៨ ដុល្លារ​ក្នុង​មួយ​ខែ។

លោក​បញ្ជាក់​ថា៖ «ដោយ​សារ​អ្នក​ប្រមូល​សំរាម​ហ្នឹង គាត់​ធ្វើ​ការងារ​លំបាក​ជាង​កម្មករ​តាម​រោង​ចក្រ គាត់​ត្រូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ពី​មេរោគ​ក្នុង​គំនរ​សំរាម»។

លោក ប្រាក់ សុខា បាន​និយាយ​ថា លោក​កំពុង​សម្រប​សម្រួល​ជាមួយ​កម្មករ​ប្រមូល​សំរាម ដើម្បី​កំណត់​គោល​ដៅ​ជាក់​លាក់ នៃ​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ហើយ​ជំរុញ​ឲ្យ​អ្នក​បើក​ឡាន​ដឹក​សំរាម​ចេញ​ប្រមូល​ខ្លះ ក្នុង​អំឡុង​ពេល​តវ៉ា​នេះ ប៉ុន្តែ​មិន​ដឹង​ថា ប្រមូល​បាន​ប៉ុន្មាន​ភាគ​រយ​នោះ​ទេ។

គួរ​បញ្ជាក់​ថា នៅ​អំឡុង ឆ្នាំ​២០១៤ នេះ បុគ្គលិក​និង​កម្មករ​ក្រុម​ហ៊ុន​ស៊ីន​ទ្រី បាន​ធ្វើ​កូដកម្ម​ចំនួន ២ លើក​រួច​មក​ហើយ គឺ​នៅ ខែ​កុម្ភៈ និង ខែ​កក្កដា ដោយ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៥០ ដុល្លារ និង​អត្ថ​ប្រយោជន៍​ការងារ​មួយ​ចំនួន​ទៀត។ រាល់​ការ​ទាមទារ​ម្តងៗ បុគ្គ​លិក​ក្រុម​ហ៊ុន​ស៊ីន​ទ្រី មិន​បាន​ចេញ​ទៅ​ប្រមូល​សំរាម​នោះ​ទេ ធ្វើ​ឲ្យ​សំរាម​គរ​ស្អុយ​រលួយ​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!