កម្មករ​ប្រមូល​សំរាម​ក្រុម​ហ៊ុន ស៊ីន​ទ្រី សម្រេច​ការ​ទាមទារ​និង​ចូល​ធ្វើ​ការ​វិញmountains’

ដោយ​ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១៨ ខែធ្ន ឆ្នាំ ២០១៤

ភ្នំពេញៈ ក្រុម​កម្មករ​ប្រមូល​សំរាម​នៃ​ក្រុម​ហ៊ុន ស៊ីន​ទ្រី បាន​នាំ​គ្នា​ចូល​មក​ធ្វើ​ការ​ប្រមូល​សំរាម ក្នុង​រាជធានី​ភ្នំពេញ​ឡើង​វិញ​ហើយ​កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​ភាគី​ក្រុម​ហ៊ុន​បាន​ឯកភាព​តាម​ការ​ទាមទារ​របស់​ពួក​គេ។

លោក ប្រាក់ សុខា តំណាង​ភាគី​កម្មករ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ចរចា​បាន​សម្រេច​ជោគ​ជ័យ កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ក្រុម​កម្មករ​គ្រប់​ផ្នែក​ទាំង​អស់ បាន​ចាប់​ផ្ដើម​ប្រតិបត្តិ​ការ ការងារ​បោស​សម្អាត ប្រមូល​កើប និង​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​គ្រប់​ប្រភេទ​ចេញ​ពី​ទី​ប្រជុំជន​ក្នុង​ផ្សារ តាម​សហគ្រាស រោងចក្រ មន្ទីរពេទ្យ និង​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​យក​ទៅ​ទីលាន​ចាក់​សំរាម​នៅ​ក្នុង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

លោក​បាន​ប្រាប់​ថា៖ «យើង​ខ្ញុំ​ដឹង​ថា សំរាម​បំពុល​បរិស្ថាន​និង​ធ្វើ​ឲ្យ​ខូច​សោភណភាព​ក្នុង​ទីក្រុង ហើយ​ភាយ​ក្លិន​ប៉ះពាល់​ទៅ​ដល់​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ​ទូទៅ ដូច្នេះ ក្រោយ​ពី​ការ​ចរចា​បញ្ចប់​ជាមួយ​លទ្ធផល​ជា​វិជ្ជមាន​នោះ ពួក​យើង​ក៏​ប្រញាប់​អនុវត្ត​ការងារ​តាម​តួនាទី​ភារកិច្ច ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ មិន​ឲ្យ​សំរាម​នៅ​កក​ស្ទះ​គរ ដូច​ជា​ភ្នំ​ទៀត​ទេ»។

ជាមួយ​គ្នា​នេះ លោក​បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជា​ពលរដ្ឋ មន្ត្រី​រាជការ​និង​អាជីវករ​តូច​ធំ ចំពោះ​ការ​ធ្វើ​កូដកម្ម​ដែល​នាំ​ឲ្យ​មាន​ការ​អាក់​ខាន​ក្នុង​ការ​ប្រមូល​ សំរាម​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ ដោយ​ហេតុ​ថា​ប្រាក់​ឈ្នួល​ដែល​ពួក​គាត់​ទទួល​បាន​កន្លង​មក មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចំណាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន ខណៈ​ទំនិញ​គ្រប់​ប្រភេទ​នៅ​លើ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់។

ការ​ចរចា​កាល​ពី​ម្សិល​មិញ បាន​ទទួល​យល់​ព្រម​លើ​លក្ខខណ្ឌ ៤ ចំណុច ដែល​ភាគី​កម្មករ​បាន​ទាមទារ ក្នុង​នោះ​រួម​មាន ការ​បន្ថែម​ប្រាក់​ឈ្នួល ១៥ ដុល្លារ​ក្នុង ១ ខែ​លើ​ប្រាក់​ខែ​ចាស់ ៩០ ដុល្លារ (សម្រាប់​កម្មករ​ផ្នែក​បោស​វេន​យប់​និង​ថ្ងៃ) ដែល​បាន​ឡើង​ដល់ ១០៥ ដុល្លារ។ សម្រាប់​អ្នក​បើក​រថយន្ត​និង​ជាង​ជួស​ជុល ក្រុម​ហ៊ុន​បាន​បន្ថែម​ប្រាក់​ឈ្នួល ៥០ ដុល្លារ​ក្នុង​មួយ​ខែ​លើ​ប្រាក់​ខែ​ចាស់ ១៣០ ដុល្លារ តែ​ក្រុម​ហ៊ុន​ហាម​ដាច់​ខាត​មិន​ឲ្យ​អ្នក​បើក​បរ​បូម​ប្រេង​ចេញ​ពី​រថយន្ត​ ទេ បន្ទាប់​ពី​ដឹក​ជញ្ជូន​រួច។ សម្រាប់​កម្មករ​ផ្នែក​កើប​ទាំង​វេន​យប់​និង​ថ្ងៃ ក្រុម​ហ៊ុន​បាន​យល់​ព្រម​បន្ថែម​ប្រាក់​ឈ្នួល ២០ ដុល្លារ​ក្នុង​មួយ​ខែ លើ​ប្រាក់​ខែ​ចាស់ ១០៥ ដុល្លារ​វេន​ថ្ងៃ និង ១២០ ដុល្លារ​វេន​យប់។ ជាមួយ​នេះ ក្រុម​ហ៊ុន​ក៏​យល់​ព្រម​មិន​កាត់​ប្រាក់​ឈ្នួល​ពី​កម្មករ​ដែរ ក្នុង​រយៈ​ពេល​ធ្វើ​កូដកម្ម​ប៉ុន្មាន​ថ្ងៃ​នេះ។

ទន្ទឹម​នឹង​ការ​ឯកភាព​នូវ​លក្ខខណ្ឌ​ទាំង​បួន​ចំណុច​នេះ ភាគី​ក្រុម​ហ៊ុន​ក៏​បាន​ស្នើ​ឲ្យ​ភាគី​កម្មករ​ទទួល​យក​នូវ​លក្ខខណ្ឌ​របស់​ ខ្លួន​ដែរ គឺ​តម្រូវ​ឲ្យ​កម្មករ​គ្រប់​ផ្នែក​ចូល​ធ្វើ​ការងារ​វិញ​ចាប់​ថ្ងៃ ទី១៧ ខែ​ធ្នូ តទៅ​ហើយ​ក្នុង​ករណី​កម្មករ​ណា​ចូល​ធ្វើ​ការ​ក្រោយ​ថ្ងៃ ទី១៨ ខែ​ធ្នូ ក្រុម​ហ៊ុន​នឹង​មិន​ផ្ដល់​ប្រាក់​ឈ្នួល​សម្រាប់ ខែ​ធ្នូ នេះ​ឡើយ។ នេះ​បើ​តាម​កំណត់​ហេតុ នៃ​កិច្ច​ប្រជុំ​ស្ដី​ពី​ការ​បញ្ចប់​វិវាទ​រួម​នៃ​ក្រុម​ហ៊ុន ស៊ិន​ទ្រី ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិល​មិញ៕

Leave a Reply