ខណ្ឌ​ច្បារអំពៅ​៖ តំបន់​អភិវឌ្ឍន៍​លំនៅឋាន​បែប​លម្ហែកាយ
Posted On : ឧសភា, 11, 2018 | By Vantha

ស្ថិត​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​បាសាក់ និង​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ​ ​ច្បារអំពៅ​ដែល​មាន​ទីតាំង​ភូមិសាស្ត្រ​ប្រហាក់​ប្រហែល​នឹង​តំបន់​ជ្រោយចង្វារ​កំពុង​ក្លាយ​ជា​ខណ្ឌ​ ១ ក្នុង​ចំណោម​ខណ្ឌ​ទាំង​ ១២ ​របស់​រាជធានី​ភ្នំពេញ​ដែល​មាន​សក្តានុពល​ខ្លាំង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​។

មាន​ទីតាំង​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១ ខណ្ឌ​ច្បារអំពៅ​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​ ១៤០០០០ ​នាក់​ត្រូវ​បាន​ចែកចេញ​ជា​​ ៨ ​សង្កាត់​គឺ​សង្កាត់​ច្បារអំពៅ​ទី​ ១ ច្បារអំពៅ​ទី​ ២ និរោធ ព្រែកប្រា ក្បាលកោះ ព្រែកឯង ព្រែកថ្មី និង​វាល​ស្បូវ​។ ជាមួយ​នឹង​ការ​កើនឡើង​តម្រូវការ​លំនៅឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ អ្នក​អភិវឌ្ឍន៍​បាន​សម្លឹង​ឃើញ​ឱកាស​​វិនិយោគ​គម្រោង​លំនៅឋាន​នៅ​ក្នុង​តំបន់​នេះ​។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​នេះ​ខណ្ឌ​ច្បារអំពៅ​កំពុង​ទាក់ទាញ​គម្រោង​លំនៅឋាន​ជាច្រើន​ដោយសារ​តែ​វា​ជា​តំបន់​សម្រាប់​ការកម្សាន្ត និង​ស្នាក់នៅ ដែល​មាន​គុណសម្បត្តិ​ពី​ធម្មជាតិ​ដូចជា​ទន្លេ​ចំនួន​ ២ ​នៅ​សងខាង​ពោល​គឺ​ទន្លេបាសាក់ និង​ទន្លេមេគង្គ​ក្រោម និង​ដើមឈើ​ជាច្រើន​ដែល​ធ្វើឱ្យ​មាន​អារម្មណ៍​ស្រស់ថ្លា និង​ចង់​រស់នៅ​ទី​នោះ​»​។

លោក គីម ហ៊ាង បាន​បន្ថែម​ទៀត​ថា​កាលពី​ ១០ ឆ្នាំ​មុន​ខណ្ឌ​​ច្បារអំពៅ​មិន​មាន​អ្វី​អភិវឌ្ឍ​ច្រើន​នោះ​ទេ​តែ​ បន្ទាប់​ពី​គម្រោង​ បុរី ប៉េងហួត បាន​ទៅ​ទី​នោះ គេ​មើល​ឃើញ​មាន​គម្រោង​លំនៅឋាន​ជាច្រើន​ផ្សេង​ទៀត​ក៏​ទៅ​វិនិយោគ​នៅ​ទីនោះ​ដែរ​។

លោក យឹម សុជាតិ អគ្គនាយក​ក្រុមហ៊ុន CDN Property បាន​និយាយ​ថា បច្ចុប្បន្ន​គេ​ឃើញ​មាន​បុរី​ជាច្រើន​ដូចជា បុរី ហេងមានជ័យ បុរីសម្បត្តិ​មាន​ហេង និង​បុរី​ហាយតិច​​ជាដើម​ដែល​បាន​អភិវឌ្ឍ​នៅ​ច្បារអំពៅ ហើយ​ការលក់​ក៏​ទទួល​​បាន​ជោគជ័យ​ផង​ដែរ​។ ជាទូទៅ​ច្បារអំពៅ​មាន​គម្រោង​លំនៅឋាន​ច្រើន​ជាង​គម្រោង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម។

ទោះបី​ជា​ច្បារអំពៅ​កំពុង​ទាក់ទាញ​គម្រោង​លំនៅឋាន​ជាច្រើន​ក្ដី តម្លៃ​ដីធ្លី​ក្នុង​តំបន់​នេះ​ហាក់​មិន​សូវ​មាន​ការកើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នោះ​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ខណ្ឌ​ដទៃទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​។

លោក យឹម សុជាតិ បាន​មាន​ប្រសាសន៍​ថា​៖ «​តម្លៃ​ដី​នៅ​ច្បារ​អំពៅ​មិន​មាន​ការកើនឡើង​ច្រើន​ទេ​នាពេល​បច្ចុប្បន្ន​បើ​ធៀប​នឹង​ខណ្ឌ​ដទៃ​ទៀត​ដូចជា​ខណ្ឌដង្កោ ព្រែកព្នៅ សែនសុខ និង​ពោធិ៍សែនជ័យ ដោយសារ​ច្បារអំពៅ​មិន​មាន​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ និង​សាលារៀន​អន្តរជាតិ​ច្រើន​ទៅ​ទី​នោះ​។ លើស​ពីនេះ​ទៅ​ទៀត​ច្បារអំពៅ​មិន​មាន​ផ្លូវធំៗ​ខ្វាត់ខ្វែង​ច្រើន​ទេ លើកលែង​តែ​ផ្លូវជាតិ​លេខ​ ១​។ ដូច្នេះ​តម្លៃ​ដីធ្លី​នៅ​ទី​នោះ​ពិបាក​នឹង​កើនឡើង​ថែម​ទៀត​ណាស់​»​។
ដី​លំនៅឋាន​មាន​តម្លៃ​ជា​មធ្យម​ពី ​១០០ ​ទៅ​ ៣០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ចំណែក​ដី​ពាណិជ្ជកម្ម​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​​ ១ ពី​បុរី​ប៉េងហួត​ទៅ​ស្ពាន​ច្បារអំពៅ​មាន​តម្លៃ​ចាប់ពី​ ១៥០០-២៥០០ ​ដុល្លារ​។ ពី​បុរី​ប៉េងហួត​ទៅ​បុរី​សម្បត្តិមាស តម្លៃ​ដី​ស្ថិត​នៅ​ត្រឹម​ក្រោម​ ១៥០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។ នេះ​បើ​យោង​តាម​លោក សុជាតិ​។

អ្នកស្រី តុប ស្រីម៉េង ដែល​ជា​គណនេយ្យករ​ម្នាក់​បម្រើ​ការ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ទើប​បាន​ទិញ​ផ្ទះ​នៅ​បុរី​ប៉េងហួត​នា​ខណ្ឌ​ច្បារអំពៅ បាន​និយាយ​ថា​គាត់ និង​ស្វាមី​បាន​សម្រេច​ចិត្ត​ជ្រើសរើស​យក​ទីតាំង​នោះ ពីព្រោះ​វា​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ជាមួយ​នឹង​ទន្លេ​ ២ នៅ​សងខាង​ដែល​ធ្វើឱ្យ​គ្រួសារ​គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ​ហើយ​លើស​ពី​នេះ​ច្បារអំពៅ​មិន​មាន​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ដែល​បំពុល​បរិយាកាស និង​ប៉ះពាល់​សុខភាព​នោះ​ទេ​។

ដើម្បី​ទាក់ទាញ​អ្នក​អភិវឌ្ឍន៍​មក​វិនិយោគ​នៅ​ខណ្ឌ​ច្បារអំពៅ អាជ្ញាធរ​មូលដ្ឋាន​កំពុង​ធ្វើ​កិច្ចការ​ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​តាមរយៈ​ការជួសជុល​ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ជាដើម​។

លោក ហួត ហ៊ុយ នាយក​រដ្ឋបាល​សាលា​ខណ្ឌ​ច្បារអំពៅ​មាន​ប្រសាសន៍​ថា ទាក់ទង​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​អាជ្ញាធរ​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​ជួសជុល​ផ្លូវថ្នល់ ហើយ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ស្រប​តាម​សៀវភៅ​ផែនការ​​ ៣ ​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​។ យើង​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​រយៈពេល​ ៣ ​ឆ្នាំ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រហែល ៥ ​ពាន់​លាន​រៀល​ក្នុង​ ១ ​ឆ្នាំ​ពី​សាលា​រាជធានី​ភ្នំពេញ​។ ថវិកា​នេះ​ត្រូវ​បាន​ចំណាយ​ទៅ​លើ​ប្រាក់​ខែ ប្រាក់​ឧបត្ថម្ភ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល សមាជិក​ក្រុមប្រឹក្សា និង​កម្មវិធី​វិនិយោគ​ដែល​​គ្រប​ដណ្តប់​លើ​បញ្ហា​នានា ដូចជា​ការស្ថាបនា ជួសជុល និង​ការ​ស្តារ​ឡើង​វិញ ការជួសជុល​លូ និង​ទឹកស្អុយ​។ នេះ​បើ​យោង​តាម​លោក ហ៊ុយ​។

ទាក់ទង​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​ខណ្ឌ​ច្បារអំពៅ​លោក ហួត ហ៊ុយ មាន​ប្រសាសន៍​ថា​៖ «​អចលនទ្រព្យ​នៅ​សង្កាត់​ច្បារអំពៅ​ទី​ ១ និង​សង្កាត់​ច្បារអំពៅ​ទី​ ២ មាន​តម្លៃ​ខ្ពស់​ជាង​គេ ដោយ​ផ្អែក​លើ​ពន្ធ​អចលនទ្រព្យ​ប្រចាំ​ឆ្នាំ​ទៅ​លើ​សង្កាត់​ទាំង​ ២ ​​នេះ។ សង្កាត់​ច្បារអំពៅ​ទី​ ១ និង​សង្កាត់​ច្បារអំពៅ​ទី ២ មាន​តម្លៃ​ថ្លៃ​ជាង​សង្កាត់​ផ្សេង​ទៀត​ព្រោះ​វា​នៅ​ជិត​ទីក្រុង​ជាងគេ​»​។

លោក ម៉េត មាសភក្តី អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ថា អាជ្ញាធរ​រាជធានី​តែងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ទីក្រុង​បន្ថែម​ទៀត ពិសេស​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ការកសាង​ស្ពាន ផ្លូវថ្នល់ និង​ប្រព័ន្ធ​លូ​ជាដើម៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

សំឡេងទីក្រុង!

សំឡេងទីក្រុង!