CCHR គ្រោង​បញ្ចាំង​វីដេអូ​ឯកសារ​ស្ដីពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​និង​បញ្ហា​ដីធ្លី
Posted On : February, 9, 2015 | By សំឡេងទីក្រុង

ដោយ៖ រ៉ាន់ សំណាង, វិទ្យុអាស៊ីសេរី,  ថ្ងៃទី០៧ខែកុម្ភៈ ឆ្នាំ២០១៥

សកម្មជន ​ដីធ្លី​តំបន់​បឹងកក់ លោកស្រី គង់ ចន្ថា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រៀក​ចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​ពេល​​ តុលាការ​​ប្រកាស​សាលដីកា​ផ្ដន្ទាទោស​ដោយសារ​តវ៉ា​រឿង​ដីធ្លី កាល​ពី​ថ្ងៃ​ទី​២៦ មករា ២០១៥។មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ដាក់​បញ្ចាំង​ វីដេអូ​ឯកសារ​មួយ​បង្ហាញ​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដីធ្លី​​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា។ វីដេអូ​ឯកសារ​ថ្មី​នេះ​ត្រូវ​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ចាត់​ទុក​ជា​ កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត។

វីដេអូ​ឯកសារ​ក្រោម​ចំណង​ជើង​ថា “សិទ្ធិ​អ្នក​ដទៃ” ដែល​ផលិត​ដោយ​អង្គការ​ពិភពលោក ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម នឹង​ត្រូវ​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់​-កម្ពុជា ឬ​ផ្ទះ​មេត្តា (Meta House) នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ចាប់​ពី​ម៉ោង​៧ ដល់ ៨​កន្លះ​យប់។

អ្នក​សម្រប​សម្រួល​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​ មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី បង្ហាញ​ពី​គោល​បំណង​នៃ​ការ​បញ្ចាំង​វីដេអូ​ឯកសារ​នេះ៖ «វីដេអូ​នេះ​គឺ​ ចង់​ឲ្យ​សាធារណជន​ទូទៅ​គាត់​ដឹង​ពី​ការ​ប្រឈម​របស់​អ្នក​ធ្វើ​ការ​ផ្នែក​ សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី ថា​តើ​គាត់​ប្រឈម​បញ្ហា​អ្វី​ខ្លះ?»

កញ្ញា ឆាយ ឈុនលី ឲ្យ​ដឹង​ថា វីដេអូ​ឯកសារ​នេះ​​នឹង​គ្រោង​ដាក់​បញ្ចាំង​តាម​សហគមន៍​ដែល​ជួប​ប្រទះ​បញ្ហា​ ដីធ្លី​ក្នុង​ក្រុង​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។ គម្រោង​បញ្ចាំង​វីដេអូ​ឯកសារ​ អង្គការ​ពិភព​លោក​ប្រឆាំង​នឹង​ការធ្វើ​ទារុណកម្ម​នេះ គឺ​ស្រប​ពេល​ដែល​សកម្មជន​ដីធ្លី​ជា​ច្រើន​នាក់​កំពុង​ជាប់​ឃុំ​ក្នុង​ ពន្ធនាគារ​ដោយសារ​ការពារ​ដី។ ករណី​ថ្មី​ជាង​គេ​​ចំពោះ​ការ​ឃុំ​ខ្លួន​សកម្មជន​​ដី​ធ្លី គឺ​ការ​ផ្ទន្ទាទោស​ស្រ្តី​ជា​សកម្មជន​ដីធ្លី ១០​នាក់ និង​ព្រះសង្ឃ​ ១​អង្គ ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស។

សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ដ យល់​ថា វីដេអូ​ឯកសារ​នេះ​អាច​ជា​កញ្ចក់​មួយ​ដើម្បី​បង្ហាញ​ដល់​អ្នក​ទស្សនា​ជាតិ និង​អន្តរជាតិ ពី​បញ្ហា​ដែល​កើត​ឡើង​ពិត​ប្រាកដ​ក្នុង​សង្គម​អយុត្តិធម៌​មួយ​នេះ៖ «ជា​ ចលនា​មួយ​បង្ហាញ​មុខ​បង្ហាញ​មាត់​ទៅ​អន្តរជាតិ ហើយ​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ដល់​អាជ្ញាធរ ថៅកែ​ក្រុមហ៊ុន​ទាំង​អស់​ មិន​ត្រឹម​កាត់​បន្ថយ​ គឺ​ឲ្យ​បញ្ឈប់​រាល់​ការ​ឈ្លានពាន​សិទ្ធិ​មនុស្ស ទាំង​សិទ្ធិ​ដីធ្លី ឬ​ក៏​បណ្ដេញ​ប្រជាពលរដ្ឋ​ពី​មូលដ្ឋាន​ត​ទៅ​ទៀត»

ក្នុង​ចំណោម​ស្រ្តី​ជា​សកម្មជន​ទាំង ១១​នាក់​នោះ​ តុលាការ​បាន​ចោទ​ប្រកាន់​ស្ត្រី​សកម្មជន​ដីធ្លី ៧​នាក់​ ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ១,៥​លាន​រៀល ក្រោម​បទ​ចោទ​ថា ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​សាធារណៈ បន្ទាប់​ពី​ពួកគាត់​ស្វែងរក​ដំណោះ​ស្រាយ​រឿង​ទឹកលិច​ផ្ទះ​នៅ​បឹងកក់ ​មុខ​សាលា​រាជ​ធានីភ្នំពេញ។ ចំណែក​ស្ត្រី​បី​នាក់​ទៀត និង​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ​ដោយ​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ  ១០​ខែ និង​ពិន័យ​ជា​ប្រាក់ ១,៥​លាន​រៀល៕

Urban Voice Cambodia

Urban Voice Cambodia