8d84460c-b724-4324-8073-ad99c1a6e128

វិស័យ​ឯកជន​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ប្រឆាំង​សំរាម និង​ថង់​ប្លា​ស្ទិ​ក

ក្រុមការងារមកពីវិស័យឯកជនបានស្នើសុំឲ្យរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិកនៅកម្ពុជា ខណៈបញ្ហានេះហាក់មិនសូវមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ និងប្រជាជននៅក្នុងសហគមន៍មូលដ្ឋាន ។

លោក ហូ វណ្ឌី អគ្គលេខាធិការសមាគមសម្ព័ន្ធទេសចរណ៍ជាតិកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី១៥ មីនាថា លោកចង់ឲ្យរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងថង់ប្លាស្ទិកពីរាជរដ្ឋាភិបាល ដើម្បីឲ្យទីក្រុងយើង ប្រទេសរបស់យើងស្អាត និងមានអនាម័យល្អប្រសើរ ព្រោះអាជ្ញាធរថ្នាក់ក្រោមជាតិហាក់បីដូចជាដេកលក់ និងមិនយកចិត្តទុកដាក់បញ្ហានេះ គួបផ្សំនឹងការយល់ដឹងពីបរិស្ថានរបស់ប្រជាជននៅមានកម្រិតផងនោះ ធ្វើឲ្យគំនរសំរាម និងថង់ប្លាស្ទិកនៅរាយប៉ាយតាមទីសាធារណៈគ្រប់កន្លែង ។

លោកបន្តថា ជាមួយគ្នានេះ ក្រសួងគួរលុបបំបាត់ក្រុមហ៊ុនទេសចរណ៍ដែលគ្មានអាជ្ញាប័ណ្ណ ព្រោះក្រុមហ៊ុនទាំងនេះនឹងធ្វើឲ្យភ្ញៀវបាត់បង់ជំនឿចិត្ត ហើយជាលទ្ធផលនឹងប៉ះពាល់ដល់ភ្ញៀវទេសចរ និងបាត់ចំណូលជាតិ ។

លោកបន្តថា ៖ « អនាម័យមិនល្អ សណ្តាប់ធ្នាប់មិនល្អ វានឹងបាត់បង់ភ្ញៀវ និងបាត់បង់ចំណូលជាតិ ហើយភ្ញៀវមកទស្សនាកម្ពុជាម្តង ពួកគេនឹងមិនត្រឡប់មកវិញទេ » ។ លោកបន្តថា ៖ « លោករដ្ឋមន្ត្រីទេសចរណ៍បានខិតខំទាំងយប់ទាំងថ្ងៃ ប៉ុន្តែបើគ្មានការគាំទ្រពីអាជ្ញាធរថ្នាក់ក្រោមជាតិ លទ្ធផលទទួលបានក៏មិនល្អប្រសើរទេ » ។
លោក ហូ វណ្ឌី បន្ថែមថា អាជ្ញាធរមូលដ្ឋានគួរទទួលខុសត្រូវនៅមូលដ្ឋានរបស់ខ្លួន ហើយដើម្បីសម្រេចកិច្ចការនេះទាមទារឲ្យមានយុទ្ធនាការប្រឆាំងសំរាម និងថង់ប្លាស្ទិក ដែលពង្រាយគ្រប់ទីកន្លែងនៅតាមដងផ្លូវសាធារណៈ និងរមណីយដ្ឋាននានា ។

រាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវយុទ្ធនាការជំរុញការប្រឡងប្រណាំង «ចលនាទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» ប៉ុន្តែជាលទ្ធផល ការធ្វើអនាម័យ និងកម្ចាត់ថង់ប្លាស្ទិកទទួលបានមានកម្រិតនៅឡើយ ។ នៅពេលថ្មីៗនេះ ក្រសួងនឹងដាក់ចេញផែនការប្រឡងប្រណាំងស្តង់ដារមណីយដ្ឋាននៅទូទាំងប្រទេសផងដែរ ។

លោក ធួន ស៊ីណាន ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ថ្លែងថា បញ្ហានេះសហព័ន្ធ និងសមាគមនានាបានធ្វើការងារច្រើនរួចមកហើយ ប៉ុន្តែសំរាមជារឿងទាំងអស់គ្នា ត្រូវធ្វើទាំងអស់គ្នា កុំបន្ទោសរាជរដ្ឋាភិបាល កុំបន្ទោសក្រសួង ព្រោះសំរាមកើតចេញពីមនុស្ស ប៉ុន្តែសំណួរសំខាន់ តើរាជរដ្ឋាភិបាល និងក្រុមហ៊ុនប្រមូលសំរាមបានដាក់ធុងសំរាមគ្រប់គ្រាន់ និងដឹកចេញទាន់ពេលវេលាឬអត់ ? បើបានដាក់សម្ភារបរិក្ខារនានាសមស្របហើយ ប្រជាពលរដ្ឋមិនអនុវត្ត រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការ ។

លោកបន្តថា ៖ « សំរាមកើតពីមនុស្ស ដូច្នេះ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ហើយរាជរដ្ឋាភិបាលត្រូវចាត់វិធានការ ប្រសិនជាមានការបំពាក់ធុង រថយន្តដឹកសំរាមគ្រប់គ្រាន់ហើយពួកគេនៅតែមិនអនុវត្ត » ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានត្អូញត្អែរពីបញ្ហាសំរាម និងថង់ប្លាស្ទិកផងដែរថា ក្រុមហ៊ុនស៊ីនទ្រីធ្វើការមិនបានល្អទេ ទោះបីជាប្រជាពលរដ្ឋបង់ប្រាក់ជូនពួកគេប្រចាំខែក៏ដោយ ក៏ពួកគេនៅតែមិនអាចសំអាតសំរាម និងថង់ផ្ទាស្ទិកបានល្អប្រសើរដែរ។ លោកបន្តថា បើសិនជាប្រជាពលរដ្ឋមិនបង់ប្រាក់ជូនជារឿងមួយ ប៉ុន្តែនេះប្រជាពលរដ្ឋទាំងអស់គ្នាបង់ប្រាក់ហើយ ប៉ុន្តែធ្វើមិនបានស្អាត ពិតជាមិនគួរបែបនេះទេ ។

កាលពីដើមឆ្នាំនេះ សហប្រធានក្រុមការងារទេសចរណ៍ផ្នែកឯកជន លោក លូ ម៉េង បានលើកឡើងថា សំរាមពិតជាបញ្ហាធំមួយនៅកម្ពុជា ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គួរតែយកចិត្តទុកដាក់ ព្រោះអ្នកទេសចរបរទេសភាគច្រើន នៅពេលពួកគេឃើញសំរាម ពួកគេខ្លាច និងមិនមកទស្សនាកម្ពុជាម្តងហើយម្តងទៀតនោះទេ ។ ប្រសិនជាចង់ទាក់ទាញអ្នកទេសចរឲ្យបានច្រើន ប្រជាពលរដ្ឋកម្ពុជាគួរតែភ្ញាក់រលឹកទាក់ទងនឹងបញ្ហានេះ ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសមានបរិស្ថានស្អាត ។

លោកបន្តថា ៖ « សំរាមពិតជាបញ្ហាធំណាស់នៅកម្ពុជា វាជាជំងឺមួយដែលត្រូវព្យាបាលបន្ទាន់លើឥរិយាបថរបស់ប្រជាពលរដ្ឋទាក់ទងនឹងការបោះចោលសំរាម កាកសំណល់ និងថង់ប្លាស្ទិកនៅគ្រប់ទីកន្លែង » ។

លោក មាន ចាន់យ៉ាដា អភិបាលរង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់លើកឡើងថា ការងារប្រមូលសំរាម សាលារាជធានីបានផ្ទេរទៅឲ្យរដ្ឋបាលខណ្ឌទាំង១២ជាអ្នកទទួលខុសត្រូវ និងធ្វើការជាមួយក្រុមហ៊ុនស៊ិនទ្រី លើការងារប្រមូល ដឹកជញ្ជូន និងបោសសម្អាត ប៉ុន្តែបើអាជ្ញាធរខណ្ឌគ្មានលទ្ធភាពធ្វើការងារនេះ ពួកគាត់អាចលើកសំណើមកកាន់រាជធានី ដើម្បីរកវិធានការដោះស្រាយ ៕

76131012-c8e1-4381-8a9a-7b7456b9092b

ប្រភព ៖ កោះសន្តិភាព

 

Leave a Reply