7d8a1242-10c6-4fdf-8f0a-e95c4d2faed9

កម្ពុជា​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​

ប្រភព ៖ កោះសន្តិភាព

បើគ្មានអ្វីប្រែប្រួលទេ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ទៅព្រំដែនថៃ និងឡាវ ដែលមានប្រវែងជាង៥០០គីឡូម៉ែត្រ នឹងចាប់ផ្ដើមសាងសង់ដំណាក់កាលទី១នៅដំណាច់ឆ្នាំនេះ ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនមួយដែលមានទឹកប្រាក់ចំនួន៥ពាន់លានដុល្លារអាមេរិក ។ គម្រោងនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយនេះ ។

លោក ថ្លាំង វុទ្ធី អគ្គនាយកក្រុមហ៊ុន Globalcam បានថ្លែងក្នុងពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Globalcam និងក្រុមហ៊ុន Mahdi Holdings Investment នាព្រឹកថ្ងៃទី៣១ កក្កដា ថា ក្រុមហ៊ុនបានរៀបចំខ្លួនរួចរាល់ហើយក្នុងការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនថៃ និងឡាវ មានប្រវែង៥២២គីឡូម៉ែត្រ ដោយគ្រោងវិនិយោគទឹកប្រាក់ប្រមាណ៥ពាន់លានដុល្លារអាមេរិកសម្រាប់គម្រោងដំណាក់កាលទី១ ដែលគ្រោងចាប់ផ្តើមនៅដំណាច់ឆ្នាំនេះ ។

លោកបន្តថា គម្រោងផ្លូវល្បឿនលឿននេះ ក្រុមហ៊ុនបានទទួលសិទ្ធិផ្តាច់មុខពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគគម្រោងចំនួន៦ ដែលបច្ចុប្បន្ននេះ អ្នកជំនាញបានសិក្សាច្បាស់លាស់ហើយ ។ លោកថា ៖« គម្រោងនេះសាងសង់រយៈពេលត្រឹម៥ឆ្នាំ ទៅតាមផែនការ និងគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាត ហើយគុណភាពផ្លូវនេះមិនចាញ់បណ្តាប្រទេសផ្សេងៗនោះទេ » ។

a43272bd-a650-4c5c-b9a9-b5f70c13ef42

 

លោក Anuwar HJ Parman អគ្គនាយករងក្រុមហ៊ុន Mahdi Holdings Investment បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿននេះ គឺជាឱកាសល្អមួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ហើយកម្ពុជាមានសក្តានុពលច្រើនសម្រាប់វិនិយោគលើគម្រោងផ្សេងៗទៀត ។ ក្រុមហ៊ុន Globalcam និងក្រុមហ៊ុន JSTI Group មកពីហុងកុងបានត្រៀមខ្លួនរួចជាស្រេចហើយទាំងថវិកា និងអ្នកជំនាញក្នុងការវិនិយោគផ្លូវល្បឿនលឿននៅកម្ពុជា ដោយចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជា ថៃ និងឡាវ ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ា ស៊ីមសូរិយា បានថ្លែងថា គិតមកដល់ពេលនេះ លោកមិនទាន់មានព័ត៌មានពីគម្រោងនេះនៅឡើយ ប៉ុន្តែកន្លងមក លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនសិក្សាពីការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ព្រំដែនថៃ ឡាវ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាប ។

លោកបន្តថា ការសាងសង់ផ្លូវល្បឿនលឿន នឹងជួយដល់កំណើនសេដ្ឋកិច្ច ព្រោះបើកម្ពុជាចង់បានកំណើនសេដ្ឋកិច្ចលើសពី៧% ការវិនិយោគផ្លូវល្បឿនលឿន គឺជារឿងចាំបាច់ ដើម្បីសម្រេចកំណើនសេដ្ឋកិច្ចច្រើនជាងនេះ ។

លោកបន្តថា ៖« បើសិនកម្ពុជាមាន Express Way សេដ្ឋកិច្ចនឹងកើនលឿន ព្រោះនៅពេលមានផ្លូវលឿន ការដឹកជញ្ជូនលឿន សេដ្ឋកិច្ចនឹងមានកំណើនលឿន » ។ លោកបន្តថា ៖«ដូចប្រទេសចិនកាលពី១ទសវត្សរ៍មុន មានសេដ្ឋកិច្ចមិនលឿនទេ ប៉ុន្តែបន្ទាប់ពីវិនិយោគលើផ្លូវល្បឿនលឿនច្រើន សេដ្ឋកិច្ចចិនងើបឡើងខ្លាំង ប៉ុន្តែការសាងសង់ផ្លូវល្បឿនលឿន មិនចេះតែសាងសង់ទេ ព្រោះវាចំណាយលុយធំណាស់ » ។

លោក វ៉ា ស៊ីមសូរិយា បានបន្តថា ផ្លូវល្បឿនលឿនមានសុវត្ថិភាពណាស់ ព្រោះមានប្រព័ន្ធត្រួតពិនិត្យត្រឹមត្រូវ ច្បាស់លាស់ទាក់ទងនឹងគ្រោះថ្នាក់ ឬការកកស្ទះចរាចរណ៍ដោយសារបញ្ហាអ្វីមួយ ។

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជារឿងចាំបាច់ណាស់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះប្រសិនជាចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត យើងត្រូវបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែង ប៉ុន្តែទាមទារឲ្យមានការបង្កើនល្បឿនវិនិយោគបន្ថែមទៀត ។

លោកថ្លែងថា ៖« ប្រសិនជាមិនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់យើងនៅតែប៉ុណ្ណឹង ដូច្នេះដើម្បីសេដ្ឋកិច្ចយើងរីកចម្រើន និងឈានទៅដំណាក់កាលថ្មី ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គឺជារឿងមិនអាចខ្វះបាន »៕

Leave a Reply