14-7-004

កម្ពុជា​គួរ​កែ​លម្អ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ថ្លៃ​ពលកម្ម បើ​ចង់​រក្សា​សមត្ថភាព​ប្រកួតប្រជែង

ប្រភព ៖ កោះសន្តិភាព

អង្គការស្រាវជ្រាវម៉ាក្រូ សេដ្ឋកិច្ចអាស៊ាន+៣ ហៅកាត់ថាAMRO បានស្នើឲ្យចាត់វិធានការដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមានដែលកើតចេញពីការកើនឡើងនៃថ្លៃពលកម្ម ប្រសិនបើកម្ពុជាចង់រក្សាសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ខណៈដែលការព្យាករថាកម្ពុជា នឹងមានកំណើនសេដ្ឋកិច្ចខ្លាំង ជាមួយនឹងអតិផរណាមធ្យម ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានពីសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ថាGMAC បានប្រកាសកាលពីថ្ងៃទី១១ កក្កដា ម្សិលមិញ ។

យោងតាមរបាយការណ៍របស់អង្គការដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ បានបង្ហាញផ្នែកផ្សេងៗដែលត្រូវកែលម្អដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់អវិជ្ជមាននៃថ្លៃពលកម្ម ហើយឧស្សាហកម្មដែលទទួលរងប៉ះពាល់ធ្ងន់ធ្ងរពីការកើនឡើងថ្លៃពលកម្ម រួមមាន ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដោយសារឧស្សាហកម្មទាំងនេះ ជាឧស្សាហកម្មប្រើពលកម្មខ្លាំង ហើយប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់ដោយច្បាប់ ។

ក្នុងរបាយការណ៍នេះនិយាយថា ៖« ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃការកើនឡើងថ្លៃពលកម្ម កិច្ចខិតខំប្រឹងប្រែងបន្ថែមត្រូវការឲ្យមាននៅក្នុងផ្នែកមួយចំនួនដូចជា ការកែ លម្អគុណភាពការងារ ការកែលម្អកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយការចំណាយភស្តុភារនិងអគ្គិសនី »។

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានយលស្របនឹងរបាយការណ៍ខាងលើនេះ ដោយលើកឡើងថា បញ្ហាទាំងនោះគឺជាបញ្ហាដែលត្រូវបានដឹងប៉ុន្មានឆ្នាំរួចមកហើយ ហើយរាជរដ្ឋាភិបាល និងវិស័យឯកជន បាននិងកំពុងធ្វើការងារលើបញ្ហាទាំងនោះ ។

លោកបានថ្លែងថា ៖« ពលកម្មគឺជាបេះដូងនៃឧស្សាហកម្មទាំងនេះ ខណៈប្រាក់ខែអប្បបរមាមានចំនួន១៥៣ដុល្លារ និងប្រាក់ឧបត្ថម្ភដែលតម្រូវដោយច្បាប់មានចំនួន១៧ដុល្លារទៀត ដូច្នេះប្រាក់ខែអប្បបរមាសម្រាប់ការធ្វើការងារ៨ម៉ោងធម្មតា គឺ១៧០ដុល្លាររួចទៅហើយ ។ ដោយបូកជាមួយនឹងប្រាក់រង្វាន់ ប្រាក់លើកទឹកចិត្ត និងការងារថែមម៉ោង កម្មករទទួលបានប្រាក់ខែប្រមាណ២០០ដុល្លារ ឬច្រើនជាងនេះ »។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗនេះ រាជរដ្ឋាភិបាល និងសមាគមរោងចក្រកាត់ដេរកម្ពុជា  កំពុងធ្វើការងារលើគោលនយោបាយយុទ្ធសាស្ត្ររយៈពេល៨ឆ្នាំ ជាកិច្ចខិតខំប្រឹងប្រែងជួយឧស្សាហកម្មសំខាន់ទាំងនេះ ដែលរួមចំណែកយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ។

សាធារណជនដែលមើលពីខាងក្រៅបាននិយាយថា ប្រាក់ឈ្នួលរបស់យើង គឺនៅទាបនៅឡើយ បើធៀបនឹងប្រទេសដទៃៗ ប៉ុន្តែវាមិនពិតទេ ។ ប្រសិនបើយើងពិចារណាទៅលើកម្រិតផលិតភាព និងចំនួនថ្ងៃធ្វើការងារក្នុងប្រទេសកម្ពុជា គឺតិចជាងប្រទេសដទៃ ប្រាក់ឈ្នួលរបស់យើង គឺប្រហែលដូចប្រទេសវៀតណាមដែលសេដ្ឋកិច្ចរបស់ប្រទេសនេះគឺរឹងមាំខ្លាំងឆ្ងាយជាងកម្ពុជា និងមានលក្ខណៈពិពិធកម្មជាងកម្ពុជា ។

សាធារណជនដែលមើលពីខាងក្រៅបាននិយាយថា ៖« អ្វីដែលសំខាន់ដូចថ្លៃពលកម្ម គឺទំនាក់ទំនងការងារ ខណៈតម្លៃជាកត្តាកំណត់ចម្បង ភាពរសើបនៃម៉ាក ក៏ជាកត្តាសំខាន់ខ្លាំងផងដែរសម្រាប់កម្ពុជា »។

បើទោះបីជាអនុលោមភាពការងារមានកម្រិតខ្ពស់តាមរយៈការអនុវត្តកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់អង្គការពលកម្មអន្តរជាតិ(ILO-BFC)ក៏ដោយ ក៏កម្ពុជាមិនត្រូវបានធានានូវស្ថានភាពពិសេសណាមួយ ដើម្បីទទួលបានបញ្ជាទិញអន្តរជាតិនោះទេ ។

កម្ពុជាអនុវត្តបានល្អជាងប្រទេសដទៃ បើនិយាយពីអនុលោមភាព ។ ពាក់ព័ន្ធនឹងបញ្ហាភស្តុភារវិញ ខណៈថ្លៃដឹកជញ្ជូនមានហេតុផល ការចំណាយទៅលើឯកសារនិងសេវាដទៃៗទៀតគឺខ្ពស់ណាស់ ។ ដំណើរការស្មុគស្មាញ និងរយៈពេលយូរនៅក្រសួងមួយចំនួន ក៏ត្រូវបានបកស្រាយថា ជាការខាតបង់ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនផងដែរ ។ ក្រៅពីអ្វីដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍ ប្រទេសនេះក៏ត្រូវផ្តោតផងដែរទៅលើលទ្ធភាពផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក ខណៈការបញ្ជាទិញកំពុងមានលក្ខណៈតូចទៅៗ ហើយពេលវេលាផលិតមានលក្ខណៈខ្លីទៅៗ ។

នេះជាសម័យកាលពិតនៃឧស្សាហកម្មម៉ូតដែលរាជរដ្ឋាភិបាលគួរបង្កើតគោលនយោបាយច្បាស់លាស់ដើម្បីលើកទឹកចិត្តការវិនិយោគនៅក្នុងឧស្សាហកម្ម និងសេវាកម្មគាំទ្រផ្សេងៗដែលពាក់ព័ន្ធ៕

Leave a Reply