4-7-008

អគារ​ពាណិជ្ជកម្ម​ដំបូង ​សម្រាប់​អ្នក​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

កំណើននៃការបើកអាជីវកម្មថ្មីៗមានការរីកចម្រើនខ្លាំងជាពិសេសអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត (online trade) សម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅដល់ទីកន្លែងផ្ទាល់ ប៉ុន្តែស្របពេលនោះដែរ ក៏មានប្រជាជនមួយចំនួនធំត្រូវការទៅពិនិត្យផលិតផលនៅទីតាំងដាក់តាំងបង្ហាញផ្ទាល់ណាមួយចំពោះផលិតផលអនឡាញទាំងអស់នោះផងដែរ។

ខណៈពេលដែលវិស័យលក់អនឡាញ និងអាជីវកម្មខ្នាតតូចបានកើនចំនួនឡើងជាបន្តបន្ទាប់ គេសង្កេតឃើញថា មិនមានអគារពាណិជ្ជកម្មច្រើននោះទេ ដែលផ្តល់ឱកាសដល់អាជីវករជំនាន់ថ្មីក្នុងការប្រកបអាជីវកម្ម។

លោក គឹម ហួរ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Diamond Palace Group បានប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ អចលនទ្រព្យថា លោកបានបង្កើតអគារពាណិជ្ជកម្មមួយ ដែលមានឈ្មោះថា Diamond Palace XO ក្នុងយុទ្ធសាស្ត្រទីផ្សារ ដែលផ្តល់ជាឱកាសដល់យុវជនដែលចាប់ផ្តើមអាជីវកម្មតាមប្រព័ន្ធអ៊ីនធឺណិត ក៏ដូចជាអ្នកបើកអាជីវកម្មថ្មីថ្មោងមានទីកន្លែងដើម្បីតាំងបង្ហាញនូវផលិតផលផ្សេងៗក្នុងតម្លៃឈ្មួល សមរម្យមួយ។

ដោយសារអាជីវកម្មថ្មីបានរីកដុះដាលច្រើន អាជីវករចំណូលថ្មីត្រូវការកន្លែងដើម្បីដាក់បង្ហាញផលិតផលរបស់ពួកខ្លួនបន្ថែម។

តាមការអង្កេតឃើញរបស់គាត់ផ្ទាល់ លោកពោលថា ៖ «យុវវ័យខ្មែរសព្វថ្ងៃមានការកើនឡើងច្រើនគួរឲ្យកត់សម្គាល់ ហើយពួកគាត់បានចាប់ផ្តើមងាកពីការធ្វើការឲ្យ គេមកជាចាប់ផ្តើមធ្វើអាជីវកម្មដោយខ្លួនឯងដើម្បីលក់ផលិតផលផ្សេងៗគ្នា ហើយចាំបាច់ត្រូវមានទីតាំងដើម្បីបង្កើនទំនុក ចិត្តដល់អតិថិជន»។

ក្រៅពីនោះលោកក៏បានមើលឃើញពីបញ្ហាដែលអាជីវករថ្មីៗមួយចំនួនបានជួបប្រទះ គឺខ្វះ «អគារ សម្រាប់ជួល ដែលមានទីតាំងល្អ និងតម្លៃសមរម្យ» ពីព្រោះ អគារដែលមានទីតាំងល្អមានតម្លៃថ្លៃ ដែលអាជីវករថ្មីមិនអាចមានលទ្ធភាពជួល ឬទិញបាន។

អាជីវករមួយរូបក្នុងចំណោមអាជីវករផ្សេងទៀត កញ្ញា ឡាយ មនីកា ដែលបានបើកហាងលក់កាហ្វេ និងបង្អែមក្រោមឈ្មោះថា «Break Time» ជាលើកដំបូងបានប្រាប់ឲ្យដឹងថា ៖ «សំណង់អគារពាណិជ្ជកម្ម [Diamond Palace XO] ជាសំណង់ថ្មី ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ អនាម័យល្អ កន្លែងចតធំទូលាយ និងមានសនិ្តសុខគ្រប់២៤ម៉ោង»។

ជាមួយនឹងគំនិតចង់បង្កើតជាអាជីវកម្មថ្មីៗ មនីកា បានសម្រេចចិត្តបើកអាជីវកម្មនៅអគារពាណិជ្ជកម្មនេះ ដោយសារមានទីតាំងល្អ ជាទីប្រជុំជន ដែលមានហេដ្ឋារចនាសម្ព័ន្ធសព្វគ្រប់ គឺបន្ទាប់ពីតំបន់នៅសង្កាត់បឹងកេងកងI ហើយកញ្ញាសង្ឃឹមថា ប្រជាជននឹងស្គាល់ទីតាំងអាជីវកម្មនេះឲ្យកាន់តែច្រើន។

4-7-009

ឆ្លងតាមរយៈបទពិសោធនៃការគ្រប់គ្រងសណ្ឋាគារ រួមទាំងបូទិក និងរីសត ការអភិវឌ្ឍអគារពាណិជ្ជកម្មនេះ គឺជាលើកដំបូងរបស់លោក ប៉ុន្តែលោកកំពុងតែស្វែងរកទីតាំងថ្មីដើម្បីបន្តការងារនេះសម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីជួយដោះស្រាយនូវបញ្ហាដល់ប្រជាជនជាពិសេសយុវវ័យជំនាន់ថ្មី។

លោកបានបង្ហើបថា អគារ Diamond Palace XO មានបន្ទប់តាំងបង្ហាញប្រមាណ២៨បន្ទប់ ដែលមានក្រឡាផ្ទៃរបស់វាចាប់ពីទំហំ៥០ទៅ៦០ម៉ែត្រការ៉េ។ អគារនេះបានសាងសង់ជាអគារពីរជាន់សង់នៅលើផ្ទៃដីសរុបប្រមាណជាង២០០០ម៉ែត្រការ៉េ ជារាងអក្សរអ៊ុយ [U] រួមទាំងទុក្ខជាចំណតអាចចតរថយន្តបាន៤០គ្រឿង នៅផ្នែកកណ្តាលអគារ។

ចំណែកការរៀបចំអគារ បន្ទប់នីមួយៗសម្រាប់ការលក់ផលិតផលផ្សេងៗគ្នា ដូចជាសម្លៀកបំពាក់ក្មេងៗ និងមនុស្សធំ ហាងកាបូប សាឡន ហាងកុំព្យុទ័រ ហាងកាហ្វេ ការ៉េម ហាងនំបុ័ង និងផ្សេងៗជាច្រើនទៀត។

ទោះបីជាយ៉ាងណា លោកមិនបានប្រាប់ពីតម្លៃនៃការជួល និងទុនវិនិយោគដើម្បីអភិវឌ្ឍគម្រោង បែបថ្មីនេះទេ។

អគារពាណិជ្ជកម្ម ដាយអាមិន ផាលេស អិចអូ (Diamond Palace XO) បានបើកដំណើរការចាប់ពីពេលនេះ ប៉ុន្តែអគារនេះ គ្រោងនឹងបើកជាផ្លូវការក្នុងខែសីហាខាងមុខនេះ។ ទីតាំងរបស់ វាមានស្ថិតនៅលើផ្លូវ១៦៣ សង្កាត់ បឹងកេងកងIII ខណ្ឌចំការមន រាជធានីភ្នំពេញ៕

Leave a Reply