capture008

ពលរដ្ឋ​​ប៊ូឌីញស មិន​ព្រម​ចាកចេញ បើទាមទារ​សំណង​មិន​បាន​ ១ ៨០០ ​ដុល្លារ ​ក្នុង​មួយម៉ែត្រ​ការ៉េ​!

ប្រភព ៖ camnews

តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានអះអាងប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋជាង៣០០គ្រួសារ ចង់បានសំណងគិតជាទឹកប្រាក់ ១៨០០ដុល្លារក្នុងទំហំមួយម៉ែត្រការ៉េនៃទំហំផ្ទះជាថ្នូរ ក្នុងការចាកចេញ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីក្រសួងរៀបចំដែនដី បានជួបជាមួយប្រជាពលរដ្ឋជាថ្មីទៀតកាលពីដើមខែមេសានេះ ឈានដល់ការកំណត់ចំនួនទឹកប្រាក់ សម្រាប់ការចាកចេញទៅហើយ ប៉ុន្តែមិនទាន់ឈានដល់ការកំណត់ទឹកប្រាក់ជារួម។

តម្លៃដើមដែលក្រសួងដែនដីត្រូវផ្ដល់ជូនប្រជាពលរដ្ឋនោះ មួយម៉ែត្រការ៉េនៃទំហំផ្ទះស្ថិតនៅក្នុងតម្លៃ ១ ២៦៣ ដុល្លារ ។ ក្រសួងនិងក្រុមហ៊ុនជប៉ុន Arakawa ដែលទទួលសិទ្ធិអភិវឌ្ឍឡើងវិញនោះ អាចបន្ថែមចំនួនទឹកប្រាក់បានតែ១០០ដុល្លារទៀតប៉ុណ្ណោះ។

ចំពោះអ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាងពលរដ្ឋរស់នៅអគារប៊ូឌីញស បានគូសបញ្ជាក់ថា ទឹកប្រាក់១២៦៣ដុល្លារនេះ មិនអាចយកទៅប្រើប្រាស់បានគ្រប់គ្រាន់ទេសម្រាប់ទិញផ្ទះថ្មីនោះ។ បើតាមអ្នកស្រី ក្រៅពីពលរដ្ឋជាង៣០០គ្រួសារក្នុងចំណោមពលរដ្ឋជិត៥០០គ្រួសារ បានទាមទារឲ្យក្រសួងដំឡើងតម្លៃដល់ទៅ១៨០០ដុល្លារហើយនោះ នៅមានពលរដ្ឋជាង១០០គ្រួសារទាមទាររហូតដល់ទៅ ២ ០០០ ឬ ២ ៥០០ ដុល្លារឯណោះ ទើបពួកគេព្រមចាកចេញ។

អ្នកស្រី ឌី សុផាណា រ៉ាម៉ានី តំណាងឲ្យពលរដ្ឋដទៃទៀតស្នើទៅក្រសួងរៀបចំដែនដី និងក្រុមហ៊ុនជប៉ុនដែលទទួលសិទ្ធិអភិវឌ្ឍឡើងវិញនោះពិនិត្យសំណើរបស់ពលរដ្ឋឡើងវិញជាមួយនឹងតម្លៃទឹកប្រាក់ថ្មីនេះ។ តែយ៉ាងណាក៏ ក្រោយជួបគ្នារវាងលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងពលរដ្ឋកាលពីដើមខែមេសាហើយនោះ ភាគីទាំងពីរបានអះអាងថា នៅមិនទាន់មានគម្រោងជួបគ្នាជាថ្មីទេ។

សូមបញ្ជាក់ថា ជំនួបកាលពីដើមខែមេសានេះ គឺកើតមានភាពមិនទាន់ចុះសម្រុងគ្នារវាងក្រសួង និងពលរដ្ឋ ដោយសារប្រជាពលរដ្ឋបង្កើនទំហំទឹកប្រាក់សំណងដែលមានស្រាប់ចំនួន ៦ម៉ឺនដុល្លារ ។ កាលណោះ លោក ជា សុផារ៉ា បានគូសបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្រមទទួលសំណង ៦ម៉ឺនដុល្លារ ជាថ្នូរការចាកចេញគឺពលរដ្ឋនឹងរស់នៅក្នុង ទំហំផ្ទៃក្រឡា ៤៧,៥ម៉ែត្រការ៉េនៃបន្ទប់ស្នាក់នៅ។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី ធ្លាប់ប្រាប់វិទ្យុបារាំងថា ក្នុងចំណោមពលរដ្ឋជិត ៥០០គ្រួសារនេះគឺ ៨៨ភាគរយហើយព្រមទទួលលុយជាថ្នូរក្នុងការចាកចេញ ១២ភាគរយដែលស្មើនឹង ៥៩គ្រួសារជំទាស់មិនព្រមចាកចេញគឺទទួលយកការអភិវឌ្ឍនៅនឹងកន្លែង។ ដោយសារតែបញ្ហានេះហើយ ទើបលោក ជា សុផារ៉ា ផ្ដល់ឱកាសឲ្យពលរដ្ឋទៅជជែកគ្នាសិន។

គិតរហូតមកដល់ពេលនេះ អគារប៊ូឌីញស មានភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយដោយកសាងឡើងតាំងពីឆ្នាំ ១៩៦៣ ។ ប្រឈមនឹងអាយុកាលច្រើនបែបនេះ ទើបក្រសួងដែនដី គ្រោងនឹងធ្វើការអភិវឌ្ឍឡើងវិញជាមួយក្រុមហ៊ុនជប៉ុន Arakawa ក្នុងតម្លៃ ៨០លានដុល្លារ៕

Leave a Reply