ពលរដ្ឋ​ប៊ូឌីញ​«ស» ផ្តើម​រើ​ចេញ​ពី​លំនៅដ្ឋាន​ជា​បណ្តើរៗហើយ
Posted On : June, 7, 2017 | By Thak Sreyleak

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ RFI

ពលរដ្ឋអគារប៊ូឌីញ«ស» នៅថ្ងៃនេះ បានផ្តើមរើចេញពីលំនៅដ្ឋានរបស់ខ្លួនជាបណ្តើរៗហើយ ទៅរស់នៅលំនៅដ្ឋានថ្មីៗរៀងខ្លួន ក្រោយយល់ព្រមទទួលសំណងទឹកប្រាក់តម្លៃ ១៤០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពីក្រុមហ៊ុនអភិវឌ្ឍន៍ជប៉ុនអារ៉ាខាវ៉ា។ គិតត្រឹមម៉ោង ១១ព្រឹក នេះ ប្រជាពលរដ្ឋអគារប៊ូឌីញ ស ចំនួន ១០បន្ទប់ហើយ ដែលបានមកទទួលប្រាក់ទូទាត់រួចរាល់ពីក្រុមហ៊ុន ។

តាមគម្រោងដំបូង ក្រុមហ៊ុនជប៉ុន តម្រូវឲ្យប្រជាពលរដ្ឋ រើចេញពីអគារប៊ូឌីញស ក្នុងថ្ងៃតែមួយដោយចាប់ផ្ដើមពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ។ ក៏ប៉ុន្តែអ្នកស្រី ឌី សុផាណា ម៉ារីណា ពលរដ្ឋអគារប៊ូឌីញ ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ក្រុមហ៊ុនជប៉ុនបានពន្យាពេលឲ្យពលរដ្ឋ ដើម្បីរើចេញរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឯណោះ។

បន្ថែមលើសំណងដែលប្រជាពលរដ្ឋនឹងត្រូវទទួលបានទៅតាមទំហំបន្ទប់របស់ខ្លួន ក្រុមហ៊ុនជប៉ុនអារ៉ាកាវ៉ា ក៏នឹងឧបត្ថម្ភទឹកប្រាក់ ១០០ ដុល្លារបន្ថែមសម្រាប់ការដឹកជញ្ជូន។
លោក សៀ ភារម្យ នាយកលេខាធិការដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន បានបញ្ជាក់ថា ជុំវិញនីតិវិធីនៃការប្រគល់លុយទៅឲ្យប្រជាពលរដ្ឋ គឺលុះត្រាតែប្រជាពលរដ្ឋរើសម្ភារៈចេញពីលំនៅដ្ឋានរួចរាល់ បន្ទាប់មកផ្តល់ដំណឹងមកក្រសួងរៀបចំដែនដី និងតំណាងក្រុមហ៊ុនជប៉ុន។

គិតត្រឹមថ្ងៃទី៣០ ឧសភា ពលរដ្ឋរស់នៅអគារប៊ូឌីញស សរុប ៤៦៤បន្ទប់ ស្មើនឹង ៩៤% នៃ ចំនួនសរុប ៤៩២បន្ទប់ បានចុះកិច្ចសន្យាលក់ ទិញ បន្ទប់របស់ខ្លួន ហើយពលរដ្ឋដែលចាកចេញ បានព្រមលក់បន្ទប់របស់ខ្លួន ក្នុងតម្លៃ ១៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅឲ្យក្រុមហ៊ុនជប៉ុន Arakawa ធ្វើការអភិវឌ្ឍន៍ ។

សូមបញ្ជាក់ឡើងវិញថា អគារប៊ូឌីញ ត្រូវបានកសាងឡើងនៅឆ្នាំ១៩៦៣។ ជាមួយនឹងអាយុកាលច្រើនបែបនេះក្រសួងដែនដីគ្រោងនឹងធ្វើការអភិវឌ្ឍឡើងវិញជាមួយនឹងក្រុមហ៊ុនជប៉ុន Arakawa ក្នុងតម្លៃ៨០លានដុល្លារអាមេរិក៕

Urban Voice Cambodia

Urban Voice Cambodia