express-logo-for-hotnews

គម្រោង​សាងសង់​ស្ពាន​ទៅ​អរិយក្សត្រ​ មិន​ទាន់​កំណត់​ពេល​ជាក់លាក់

ប្រភព ៖ ភ្នំពេញបុស្តិ៍

ស្ពានដែលជាក្តីសង្ឃឹមនៃប្រជាពលរដ្ឋរស់នៅតំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំស្ថិតនៅក្នុងភាពមិនប្រាកដប្រជា និងមិនទាន់កំណត់ពេលសាងសង់ជាក់លាក់នៅឡើយហើយវាធ្វើឲ្យក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ កាន់តែចំណាយពេលរង់ចាំយូរតទៅទៀតដោយមិនអាចកំណត់បាន។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថាការសាងសង់ស្ពានភ្ជាប់រវាងផ្លូវជាតិលេខ ១ ពីតំបន់ក្តីតាកុយទៅកាន់តំបន់អរិយក្សត្រ និងពីតំបន់ជ្រោយចង្វារទៅតំបន់ស្វាយជ្រុំនឹងមានការប្រែប្រួល ប៉ុន្តែលោកមិនបញ្ជាក់ពីភាពលម្អិតនោះបានទេ។

លោកបន្តថា៖ «ខ្ញុំមិនទាន់មានព័ត៌មានលម្អិតទាក់ទងនឹងគម្រោងនេះទេ ព្រោះរហូតមកទល់ពេលនេះមិនទាន់មានព័ត៌មានវិវឌ្ឍន៍ថ្មីនៅឡើយទេ»។

អគ្គនាយកបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោក នូ វឌ្ឍនៈ បានថ្លែងឲ្យដឹងផងដែរថាក្រុមហ៊ុនចិនកំពុងសិក្សាពីទីតាំងសម្រាប់សាងសង់ស្ពាននេះ ប៉ុន្តែការកំណត់សាងសង់ជាផ្លូវការនៅពេលណាមិនទាន់កំណត់ជាក់លាក់នោះទេ ប៉ុន្តែវាជាគម្រោងនាពេលអនាគតដែលត្រូវតែសាងសង់។

លោកបន្តថា គម្រោងនេះមិនទាន់ស្ថិតនៅក្នុងផែនការជាក់លាក់ ឬដាក់ចូលផែនការរបស់ក្រសួងថានឹងសាងសង់នៅពេលណានោះទេព្រោះយើងរង់ចាំជំនួយរបស់ប្រទេសចិន។

ក្នុងឳកាសអញ្ជើញសម្ភោធបើកឲ្យប្រើប្រាស់មហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលគេហៅរត់មាត់ថាផ្លូវ ៦០ ម៉ែត្រលោក ហ៊ុន សែន បានថ្លែងថាដើម្បីឲ្យការសាងសង់ និងភ្ជាប់ផ្លូវខ្សែក្រវាត់ក្រុងពេញលេញកម្ពុជាចាំបាច់ត្រូវសាងសង់ស្ពានភ្ជាប់រវាងតំបន់ក្តីតាកុយភ្ជាប់ទៅកាន់តំបន់អរិយក្សត្រ និងពីផ្លូវ កែវ ចិន្តា នាតំបន់ជ្រោយចង្វារភ្ជាប់ទៅកាន់តំបន់ស្វាយជ្រុំស្ថិតក្នុងឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល។

ការប្រកាសពីការសាងសង់ស្ពានទៅកាន់តំបន់នោះបានធ្វើឲ្យតម្លៃដីនៅតំបន់ទាំងនោះកញ្ជ្រោលឡើងថ្លៃយ៉ាងខ្លាំងហើយអ្នកវិនិយោគក្នុងស្រុកមួយចំនួនបានសាងសង់បុរីមួយចំនួននៅតំបន់នោះរួចមកហើយ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថាប្រសិនបើគម្រោងសាងសង់ស្ពានប្រែប្រួល អចលនទ្រព្យនៅតំបន់នោះក៏មានការប្រែប្រួលដែរ តែការប្រែប្រួលមាន ២ យ៉ាងគឺប្រែប្រួលល្អ និងប្រែប្រួលទៅជាអាក្រក់។

លោកបន្តថាពេលរដ្ឋាភិបាលប្រកាសសាងសង់ស្ពានទៅតំបន់នោះតម្លៃដីធ្លីបានហក់ឡើងរួចទៅហើយដោយអ្នកលក់ លក់ជាមួយតម្លៃដែលមានស្ពានដែលធ្វើឲ្យដីធ្លីនៅតាមផ្លូវមុខធំៗមានតម្លៃចន្លោះពី ២០០ ទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា៖ «ជាទូទៅប្រសិនជាមានស្ពានកាន់តែឆាប់កាន់តែល្អ ប៉ុន្តែទោះជាមានស្ពានសាងសង់បញ្ចប់ក្តីក៏តម្លៃដីនៅតំបន់ទាំងពីរខាងលើនេះក៏មិនឡើងថ្លៃទៀតបានដែរព្រោះដីនៅតំបន់ទាំងនោះបានហើមរួចទៅហើយ»។

លោកបន្តថា៖ «តម្លៃដីនៅតំបន់នោះមួយចំនួនថ្លៃជាងនៅតំបន់ក្រាំងធ្នង់ ឈូកវ៉ា និងតំបន់មួយចំនួនទៀត»។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong បានថ្លែងថាការប្រកាសសាងសង់ស្ពានបានធ្វើឲ្យតម្លៃដីធ្លីនៅតំបន់អរិយក្សត្រ និងតំបន់ស្វាយជ្រុំមានការប្រែប្រួលយ៉ាងខ្លាំង ប៉ុន្តែប្រសិនជាស្ពានពន្យារពេលសាងសង់ តម្លៃអចលនទ្រព្យនៅតំបន់នោះក៏ទ្រុឌទ្រោមទៅតាមនោះផងដែរ។

លោកបន្តដោយអស់សំណើចថាការប្រកាសពីភាពមិនច្បាស់លាស់ពីការសាងសង់ស្ពានអាចអ្នកមានអំណាចមួយចំនួនមិនទាន់ប្រមូលទិញដីបានឬយ៉ាងណា?

លោកបន្តថា៖ «ប្រសិនជាស្ពានសាងសង់កាន់តែឆាប់កាន់តែល្អព្រោះវានឹងធ្វើឲ្យតំបន់នោះមានការអភិវឌ្ឍកាន់តែលឿនព្រោះគម្រោងមួយចំនួនដែលវិនិយោគនៅតំបន់នោះគឺរំពឹងពីការសាងសង់ស្ពានរបស់រដ្ឋាភិបាល»៕

Leave a Reply