5-protest-land

សហគមន៍​បុរីកីឡា​បន្ត​ការ​តវ៉ា​ទាមទារ​សំណង​ពី​សាលាក្រុង តែ​គ្មាន​លទ្ធផល

តំណាងប្រជាពលរដ្ឋមកពីសហគមន៍បុរីកីឡាប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលាក្រុងកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ដើម្បីស្វែងរកដំណោះស្រាយដល់ក្រុមពួកគេចំនួន ៣២ គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយក្រោយពីរដ្ឋាភិបាលបានសម្រេចប្រគល់ដីតំបន់នោះទៅឲ្យក្រុមហ៊ុនផានអ៊ីម៉ិចសម្រាប់អភិវឌ្ឍកាលពីឆ្នាំ ២០០៧ តែរហូតមកដល់ពេលនេះមន្ត្រីនៅសាលារាជធានីភ្នំពេញនៅតែបង្ហាញជំហរមិនច្បាស់លាស់ដោយនៅតែបន្តថាដំណោះស្រាយនឹងមាននៅពេលខាងមុខ។

លោកស្រី ភោគ សុភីន ជាស្រ្តីម្នាក់ក្នុងចំណោមអ្នកចូលរួមទាំងអស់ដែលបានទាមទាររកដំណោះស្រាយបានថ្លែងប្រាប់អ្នកសារព័ត៌មានថាមនុស្សទាំង ៣២ គ្រួសារនេះមិនសូវចេញតវ៉ានោះទេ ព្រោះបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីដែលបានអះអាងនឹងផ្តល់ដំណោះស្រាយក្រោយពីមានដំណោះស្រាយដល់អ្នកដែលត្រូវទៅរស់នៅភូមិអណ្ដូងរួចរាល់។

អ្នកស្រី សុភីន ថ្លែងថា៖ «គាត់ (មន្ត្រីសាលាក្រុង) ថាគាត់នឹងដោះស្រាយឲ្យពួកខ្ញុំពេលដែលគេចាប់ឆ្នោត (យកផ្ទះ) ក្រោយហ្នឹងហើយ តែគាត់ភូតខ្ញុំរហូត គាត់កុហកខ្ញុំរហូតអ៊ីចឹង ខ្ញុំបានតែត្រឹមកិច្ចសន្យាផ្តិតមេដៃ ខ្ញុំឱបឯកសារហ្នឹងទុករាល់ថ្ងៃ ហើយខ្ញុំបានសួរថាចុះបើគេអស់ផ្ទះខ្ញុំបានស្អី គាត់ថានឹងឲ្យតម្លៃទីផ្សារទិញផ្ទះបាន គាត់ឲ្យខ្ញុំធ្វើកិច្ចសន្យាផ្តិតមេដៃនៅរហូតទៅតាំងពីខែ ១២ ឆ្នាំ ២០១៦ សាលាខណ្ឌឲ្យខ្ញុំផ្តិតមេដៃកុំ (ធ្វើបាតុកម្ម) ទុកឲ្យគេដោះស្រាយណា»។

ចំណែកអ្នកស្រី តាំង គឹមស្រួយ ដែលអះអាងថាបានរស់នៅបុរីកីឡាតាំងពីឆ្នាំ ១៩៨៦ នោះឲ្យដឹងដែរថាពួកអ្នកស្រីចង់បានសំណងមួយដែលសមរម្យទៅតាមតម្លៃទីផ្សារបើសិនមិនបានផ្ទះនៅបុរីកីឡា។ ដាច់ខាតនឹងមិនទទួលយកដំណោះស្រាយជម្លៀសចេញឲ្យទៅភូមិអណ្តូងនោះទេ។

អ្នកស្រីថ្លែងថា៖ «ខ្ញុំបានដាក់ឯកសារហើយតែមិនទាន់ឃើញមានគេដោះស្រាយឲ្យ បើឲ្យពួកខ្ញុំទៅភ្នំបាត ភូមិអណ្តូង ពួកខ្ញុំម៉េចយកបើពួកខ្ញុំត្រូវទទួលបានការអភិវឌ្ឍនៅនឹងកន្លែង»។

ចំណែកអ្នកស្រី សុខ ស្រីអូន ដែលបានចូលជួបមន្ត្រីសាលារាជធានីបានថ្លែងថាក្រោយជំនួបខាងសាលារាជធានីបានវាយតម្លៃពីទំហំសំណងជូនពលរដ្ឋទាំង ៣២ គ្រួសារនោះរួចហើយ តែសាលាក្រុងមិនទាន់បញ្ជាក់ថានឹងបិទផ្សាយពេលណាច្បាស់លាស់នោះទេ។

លោកស្រីថ្លែងថា៖ «សាលារាជធានីប្រាប់ខ្ញុំឲ្យដឹងមុនគេថាខ្ញុំបានទទួលផ្ទះនៅភូមិអណ្តូងចំនួនពីរបន្ទប់ និងថវិកា ២០០០ ដុល្លារតែខ្ញុំមិនទទួលយកនោះទេ។ ខ្ញុំនឹងនៅបន្តតវ៉ា ទាល់តែបានផ្ទះនៅបុរីកីឡាទើបខ្ញុំសុខចិត្ត»។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាគណៈកម្មការវាយតម្លៃទើបតែបញ្ចប់ការវាយតម្លៃលើក្រុមគ្រួសារទាំងនោះ តែលទ្ធផលនឹងបិទផ្សាយនៅពេលឆាប់ៗខាងមុខ។ ក្នុងចំនួនអ្នកទាំងនោះមានអ្នកខ្លះត្រូវទទួលបានផ្ទះ និងថវិកា ២០០០ ដុល្លារនៅភូមិអណ្តូង ឯអ្នកខ្លះទៀតត្រូវទទួលសំណង ៣០០០ ដុល្លារ និងមានអ្នកខ្លះទៀតមិនត្រូវបានសំណងអ្វីទេ។

លោកបន្ថែមថា៖ «យើងផ្អែកទៅលើឯកសារដើម្បីវាយតម្លៃហើយយើងធ្វើត្រឹមត្រូវព្រោះមានការចូលរួមពី NGO មួយចំនួនទៀតយើងនិយាយពីឯកសារដែលមានចង់ឲ្យដូចគ្នាទាំងអស់វាអត់ដូចទេ»។

នាយកប្រតិបត្តិអង្គការកិច្ចការសិទ្ធិលំនៅឋានលោក សៀ ភារម្យ មានប្រសាសន៍ថាប្រជាពលរដ្ឋទាំងនេះជាក្រុមគ្រួសារដែលធ្លាប់ទទួលបានការសន្យាពីអាជ្ញាធរថានឹងផ្តល់ផ្ទះនៅបុរីកីឡាឲ្យពួកគាត់ដើម្បីកុំឲ្យពួកគាត់ចេញតវ៉ា ប៉ុន្តែរហូតមកដល់ពេលនេះពួកគាត់នៅមិនទាន់បានទទួលសំណងនៅឡើយទើបមានការតវ៉ាបែបនេះ៕

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

Leave a Reply