20141220_16a

BOOYOUNG TOWN នឹង​ចាប់​ផ្តើម​សាង​សង់​នៅ​ឆ្នាំ​ក្រោយ

ប្រភព៖ www.postkhmer.com, Sat, 20 December 2014,

គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម និង​លំនៅឋាន​ប្រកប​ដោយ​មហិច្ឆតា Booyoung Town ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ ១,១ ពាន់​លាន​ដុល្លារ​អាមេរិក ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី នឹង​ចាប់​ផ្តើម​បើក​ដំណើរ​ការ​សាង​សង់​អគារ​មួយ​ចំនួន​នៅ​ក្នុង ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ហើយ។

នាយក​គម្រោង Booyoung Town ប្រចាំ​កម្ពុជា​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ឌីហ្សាញ​គម្រោង​នេះ​ឡើង​វិញ មុន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​សាង​សង់​នៅ ឆ្នាំ​២០១៥ ខាង​មុខ ខណៈ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​ជីក​ដី​សម្រាប់​ប្រើ​ប្រាស់​ធ្វើ​ជា​ចំណត​ យានយន្ត​នៅ​ក្រោម​ដី។ គម្រោង​នេះ​រួម​មាន អាផាតមិន ខុនដូ ផ្សារ​ទំនើប និង​អគារ​ការិយាល័យ។

លោក​បន្ត​ថា ការ​ឌីហ្សាញ​គម្រោង​នេះ​ឡើង​វិញ គឺ​ដើម្បី​បត់​បែន​ទៅ​តាម​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ហើយ​សំណង់​របស់ Booyoung Town ក៏​មាន​ការ​រចនា​ដោយ​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ស្ថាបត្យ​កម្ម​ខ្មែរ​ និង​កូរ៉េ​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «មុន​ដំបូង​យើង​ឌីហ្សាញ​ផ្ទះ​ធំៗ​សម្រាប់​ខុនដូ និង​អាផាតមិន ប៉ុន្តែ​ទីផ្សារ​នៅ​ទីនេះ​ពេញ​និយម​ផ្ទះ​ដែល​មាន​ពីរ ឬ​បី​បន្ទប់​ប៉ុណ្ណោះ ដូច្នេះ​ទើប​យើង​ត្រូវ​រៀបចំ​ឌីហ្សាញ​ប្លង់​ខុនដូ និង​អាផាតមិន ឡើង​វិញ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​ជាក់ស្តែង»។

លោក​បាន​បន្ត​ថា៖ «យើង​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​គម្រោង​នេះ​មាន​បណ្តុំ​ចម្រុះ​ទៅ​ដោយ​អាផាតមិន ខុនដូ ផ្សារ​ទំនើប និង​កន្លែង​កម្សាន្ត​ជា​ច្រើន។ យើង​ចង់​ផ្តល់​បទ​ពិសោធ និង​បែប​បទ​នៃ​ការ​រស់​នៅ​ក្នុង​ទីក្រុង​របស់​ប្រទេស​យើង​ថា តើ​មាន​ភាព​ងាយ​ស្រួល​បែប​ណា ដល់​ប្រជាជន​កម្ពុជា»។

គម្រោង​នេះ​បាន​បើក​សម្ពោធ​ការដ្ឋាន​ជា​ផ្លូវ​ការ កាល​ពី​ចុង ខែ​ឧសភា ឆ្នាំ​២០១៣ លើ​ផ្ទៃ​ដី​ទំហំ ២៣,៥ ហិកតា ស្ថិត​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ស្ពាន​អាកាស ៧​មករា។

ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​ សម្គាល់ ដោយ​នៅ​ពេល​នេះ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​កំពុង​ចាប់​ផ្តើម​សាង​សង់​ខុនដូ ​ អាផាតិមិន និង​អគារ​ជាច្រើន​ទៀត​នៅ​រាជធានី​ភ្នំពេញ។ ហេតុ​នេះ​ក្រុម​ហ៊ុន​នឹង​ចាប់​ផ្តើម​គម្រោង​នេះ​ប្រកប​ដោយ​ទំនុក​ចិត្ត ព្រោះ​ក្រុម​ហ៊ុន​បាន​ទិញ​ដី​មក​ទុក​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ មិន​មែន​ទិញ​ទុក​សម្រាប់​លក់​នោះ​ទេ។

ទីតាំង​គម្រោង Booyoung Town ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី ។ រូបថត ហ៊ឹន ពិសី

ខណៈ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា កម្រិត​ជីវភាព​របស់​ប្រជាជន​ខ្មែរ​កំពុង​កើន​ឡើង ហើយ​ឥរិយាបថ​ក្នុង​ការ​រស់​នៅ​អគារ​សហ​កម្មសិទ្ធិ​កាន់​តែ​កើន​ឡើង​នោះ ថ្នាក់​ដឹក​នាំ​នៃ​គម្រោង​ខាង​លើ​បាន​អះអាង​ថា អតិថិជន​គោល​ដៅ​របស់​ក្រុមហ៊ុន​មាន​ប្រជាជន​ខ្មែរ និង​ជន​បរទេស​មួយ​ចំនួន​ដូច​ជា កូរ៉េ ចិន តៃវ៉ាន់ ហុងកុង និង​សិង្ហបុរី។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​នៅ​ពេល​អនាគត​ប្រជាជន​ខ្មែរ​នឹង​ប្តូរ​មក​រស់​នៅ​ខុនដូ​កាន់​ តែ​ច្រើន​ដូច​ប្រជាជន​កូរ៉េ​ដែល​ពេញ​និយម​ការ​រស់​នៅ​តាម​ខុនដូ ព្រោះ​ការ​រស់​នៅ​ក្នុង​ខុនដូ គឺ​មាន​សុវត្ថិភាព ផាសុកភាព និង​ប្រព័ន្ធ​សន្តិសុខ​ល្អ​ប្រសើរ»។

លោក គីម ហ៊ាង នាយក​ក្រុម​ហ៊ុន ខ្មែរ រៀល​អេស្ទេត បាន​ប្រាប់​ថា ​ទីតាំង​របស់​គម្រោង​ Booyoung Town នេះ​គឺ​ពិត​ជា​ល្អ​ណាស់ បើ​មើល​មែន​ទែន​ទៅ​គឺ​អាច​ល្អ​ជាង​ទីតាំង​នៅ​កោះពេជ្រ និង​តំបន់​ជ្រោយចង្វារ​ទៅ​ទៀត។ នៅ​តំបន់​នោះ​មាន​ស្ពាន​អាកាស ៧​មករា ហើយ​គម្រោង​សាងសង់​ស្ពាន​អាកាស​សាលា​តិចណូ បាន​និង​កំពុង​ដំណើរ​ការ​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​នៅ​លើ​មហាវិថី​នេះ។ មហាវិថី​នេះ​ជា​ផ្លូវ​ដែល​គណៈ​ប្រតិភូ និង​អ្នក​ធំ​ទាំង​អស់​ឆ្លង ដូច្នេះ​លោក​គិត​ថា បើ​គម្រោង​នេះ​ចាប់​ផ្តើម​ធ្វើ​ពិត​ប្រាកដ​វា​នឹង​ទទួល​ជោគជ័យ និង​មិន​លំបាក​លក់​នោះ​ទេ។

លោក​បាន​ប្រសាសន៍​ថា៖ «អ្វី​សំខាន់​នា​ពេល​នេះ​តើ Booyoung Town ធ្វើ​ពិត ឬ​មិន​ពិត តែ​បើ​ធ្វើ​ពិត​ជន​បរទេស​នឹង​ទិញ​ច្រើន ហើយ​គម្រោង​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ»។ លោក​បាន​បន្ត​ថា៖ «បើ​សង់​តែ​ខុនដូ និង​សង់​តែ​ផ្សារ​ទំនើប​សុទ្ធ​មិន​ល្អ​ប៉ុន្មាន​ទេ តែ​បើ​គាត់​បង្កើត​ជា​កន្លែង​ចម្រុះ​មាន​ទាំង​ផ្សារ​ទំនើប ខុនដូ និង​អគារ​ការិយាល័យ​បែប​នេះ​ពិត​ជា​ល្អ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន»។

លោក សន សៀប នាយក​នៃ​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត បាន​សម្តែង​សុទិដ្ឋិ​និយម​ផង និង​ព្រមាន​ផង​ថា គម្រោង​នេះ​ស្ថិត​នៅ​ទីតាំង​ល្អ និង​មាន​ទំហំ​ដី​ធំ ដូច្នេះ​ប្រសិន​បើ​គម្រោង​នេះ​មាន​ផែនការ​អភិវឌ្ឍន៍​ត្រឹម​ត្រូវ និង​ច្បាស់​លាស់​វា​នឹង​ជួយ​លើក​ស្ទួយ​មុខ​មាត់​វិស័យ​អចលន​ទ្រព្យ​នៅ​ កម្ពុជា ព្រម​ទាំង​ជួយ​លើក​កម្ពស់​សោភណភាព​រាជធានី​ភ្នំពេញ​ផង​ដែរ។ ប៉ុន្តែ​គេ​មិន​ប្រាកដ​ថា គម្រោង​នេះ​នឹង​មាន​អ្នក​ទិញ​អស់​នោះ​ទេ ព្រោះ​វា​ជា​គម្រោង​ធំ ខណៈ​បច្ចុប្បន្ន​នេះ​មាន​គម្រោង​ធំៗ​មួយ​ចំនួន​លក់​មិន​សូវ​បាន​ទទួល​ជោគជ័យ ​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «បើ​គម្រោង​នេះ​ចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ​ដែល​ជា​ពេល​កម្ពុជា​ត្រូវ​ធ្វើ​ សមាហរណ​កម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​នោះ គឺ​ក្រុមហ៊ុន​មិន​ត្រឹម​តែ​មាន​ទីផ្សារ​ក្នុង​ស្រុក​នោះ​ទេ តែ​គឺ​សម្រាប់​ទីផ្សារ​អាស៊ាន​ទាំង​មូល​តែ​ម្តង»។

ទោះ​បី​យ៉ាង​ណា​លោក​ព្រមាន​ថា៖ «អ្វី​ដែល​ខ្ញុំ​បារម្ភ​គឺ​គម្រោង​របស់​ជនជាតិ​កូរ៉េ​។ មាន​គម្រោង​មួយ​ចំនួន​បាន​លើក​ស្លាក ហើយ​បិទ​ទៅ​វិញ ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​ជឿ​ចំពោះ​គម្រោង​របស់​វិនិយោគិន​កូរ៉េ​ណាស់»៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply