អាជ្ញាធរ​ប្រាប់​ពី​ការ​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​អ្នក​រស់នៅ​បឹងត្របែក
Posted On : មេសា, 26, 2018 | By Vantha

សាលា​រាជធានី​ភ្នំពេញ​​ប្រកាស​ប្រាប់​ពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​អាង​ស្តុក​ទឹក​បឹងត្របែក​​អំពី​ការ​ធ្វើ​ប្រទានកម្ម​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ចំនួន​ ២៧១ ​គ្រួសារ​ក្នុង​ភូមិ​មួយ​ចំនួន​ក្នុង​សង្កាត់​ទួលទំពូង​ ១ សង្កាត់​បឹងត្របែក​ និង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌ​ចំការមន​ជា​ដំណឹង​មួយ​ដែល​ធ្វើឲ្យ​ពលរដ្ឋ​ខ្លះ​សប្បាយ ខណៈ​អ្នកខ្លះ​ដែល​នៅ​មាត់​ប្រឡាយ​ព្រួយ​ពី​ការ​អត់​កន្លែង​ជ្រកកោន​។

លោក ស៊ុយ សេរិទ្ធ អភិបាលរង​​សាលា​រាជធានី​ភ្នំពេញ​ដែល​ចូលរួម​ក្នុង​ពិធី​ប្រកាស​តំបន់​វិនិច្ឆ័យ​ជា​លក្ខណៈ​ប្រព័ន្ធ​នៅ​តំបន់​អាងស្តុក​ទឹក​បឹងត្របែក​ដល់​ពលរដ្ឋ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា​នៅ​សប្តាហ៍​ក្រោយ​​នេះ គណៈកម្មការ​សុរិយោដី​នឹង​ចុះ​ទៅ​មើល​ព្រំដី ដើម្បី​ធ្វើ​ការងារ​ទាំង​នេះ​។

លោក​ឲ្យ​ដឹង​ថា​កាលពី​មុន​ដី​នៅ​អាង​ស្តុក​ទឹក​នេះ ជា​ដី​ដែល​មាន​ដីកា​ដក​ហូត​ដោយ​សាលា​រាជធានី​ភ្នំពេញ តែ​ពេល​នេះ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ដោះស្រាយ​ដោយ​ស្នើសុំ​នាយក​រដ្ឋមន្ត្រី «​ធ្វើ​ប្រទានកម្ម​ជូន​ពលរដ្ឋ​»​។

តាម​ការប្រកាស​របស់​មន្ត្រី ពលរដ្ឋ​ទាំង ២៧១ គ្រួសារ​ដែល​ដី​របស់​ពួកគេ​នឹង​ទទួល​បាន​ការចុះ​បញ្ជី​ជា​លក្ខណៈ​​ប្រព័ន្ធ​មាន​ចំនួន​ ៩៦ ​គ្រួសារ​កាន់កាប់​ដី​នៅ​ផ្នែក​បឹងត្របែក​ខាង​ជើង​ក្នុង​ទំហំ​ប្រហែល​ ៨ ហិកតា និង​ ១៧៥ គ្រួសារ រស់នៅ​បឹងត្របែក​ខាង​ត្បូង​ទទួល​បាន​សិទ្ធិ​ក្នុង​ទំហំ​ ៦,៦ ហិកតា នៃ​ទំហំ​សរុប​ ១៨ ​ហិកតា​។

អ្នក​កាន់កាប់​លំនៅឋាន​ និង​ដី​សាងសង់​មាន​ទីតាំង​នៅ​តំបន់​អាង​ស្តុក​ទឹក​បឹងត្របែក​ដែល​នឹង​ទទួល​បាន​ការចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ស្ថិត​ក្នុង​ភូមិ​ ១ សង្កាត់​ទួលទំពូង ភូមិ​ ៨ សង្កាត់​បឹងត្របែក និង​ភូមិ​ ១,២,៣ សង្កាត់​ផ្សារ​ដើមថ្កូវ ក្នុង​ខណ្ឌចំការមន ។

ស្រប​ពេល​នឹង​ការប្រកាស​ដំណឹង​នេះ​លោក​អភិបាលរង​រាជធានី​ភ្នំពេញ ក៏​បាន​ឲ្យ​ពលរដ្ឋ​ទាំងអស់​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បាន​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​នា​អាណត្តិ​ក្រោយ​ផង​ដែរ​។

លោក ស៊ុយ សេរិទ្ធ ថ្លែង​ថា​៖ «​នេះ​ជា​កាដូ​មួយ​យ៉ាង​ធំ​សម្រាប់​អ្នក​រស់នៅ​ទីនេះ​ដែល​បាន​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​។ ​កាដូ នេះ​សម្តេច​នាយក​អ្នក​ឲ្យ​។ ​ត្រូវ​ដឹងថា សម្តេច​នាយក​ឲ្យ​អ្នក ហើយ​ត្រូវ​ដឹងគុណ​គាត់​វិញ​តាមរយៈ​ថ្ងៃ​ ២៩ ខែ​កក្កដា​ត្រូវ​សង​គាត់​វិញ​»​។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​បាន​ថ្លែង​ប្រាប់​ពលរដ្ឋ ដើម្បី​សម្រួល​ដល់​ការចុះ​បញ្ជី​ឲ្យ​បាន​ងាយស្រួល ពលរដ្ឋ​ត្រូវ​ត្រៀម​នូវ​ឯកសារ​អត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ និង​លិខិត​កាន់កាប់​ដី​ដែល​ពាក់ព័ន្ធ ដើម្បី​ឲ្យ​មន្ត្រី​ពិនិត្យ​។

លោក​បាន​បន្ត​ថា​ការ​ដោះស្រាយ​ដោយ​កាត់​ដី​អាង​ស្តុក​ទឹក​ដែល​ពលរដ្ឋ​កាន់កាប់​ជូន​ពលរដ្ឋ គឺ​មាន​មួយ​ផ្នែក​ត្រូវ​ទុក​ដើម្បី​រំដោះ​ទឹក​ចេញ​ពី​រាជធានី​។ លោក​បាន​បញ្ជាក់​ថា​៖ «​យើង​មិន​អាច​ធ្វើ​ប្រទានកម្ម​ទាំងអស់​ទេ បឹងត្របែក​ជា​បាសាំង​ទឹក​មួយ​ដ៏ធំ​សម្រាប់​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​មាន​ខណ្ឌ​ចំនួន ៤ មាន​ចំការមន ៧​មករា ដូនពេញ និង​ទួលគោក​»​។

លោក​បន្ត​ថា​ចំពោះ​ពលរដ្ឋ​ដែល​គ្មាន​ប័ណ្ណ​ទិញ​លក់ តែ​មាន​ប័ណ្ណ​គ្រួសារ​រស់នៅ​តំបន់​នេះ​យូរ​ហើយ សូម​ឲ្យ​ទាក់ទង​នឹង​អាជ្ញាធរ​ដែនដី ដើម្បី​ឲ្យ​ចេញ​លិខិត​បញ្ជាក់​ឲ្យ​ពលរដ្ឋ​។

កាលពី​ឆ្នាំ​ ២០១៥ អាជ្ញាធរ​រាជធានី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​ឲ្យ​ពលរដ្ឋ​រុះរើ​ចេញពី​តំបន់​បឹងត្របែក​នេះ ដើម្បី​ស្តារ​ប្រឡាយ​មួយ​នេះ​។

អ្នកស្រី ណៃ ថា អាយុ ៦០ ​ឆ្នាំ​ជា​ពលរដ្ឋ​រស់នៅ​ភូមិ​​ ១ ​សង្កាត់​ផ្សារ​ដើមថ្កូវ​បាន​ថ្លែង​ថា អ្នកស្រី​សប្បាយ​រីករាយ បន្ទាប់ពី​ស្ដាប់ឮ​ពី​ការ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​នេះ ខណៈ​កន្លង​មក​ពួកគាត់​បារម្ភ​ខ្លាំង​ពី​ការបាត់បង់​ដីធ្លី​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​កាលពី​លោក​អភិបាលក្រុង​មុនៗ គាត់​តែង​ប្រាប់​ពលរដ្ឋ​ថា​ដី​នេះ​ជា​ដី​​របស់​រដ្ឋ​មិន​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ទេ​។

ពេលឮ​អ៊ីចឹង​ហើយ ពួក​ខ្ញុំ​ម្នាក់ៗ​ដេក​អត់​លក់​ទេ ព្រោះ​មិន​ដឹង​ថា​ត្រូវ​នាំ​កូនចៅ​ទៅ​រស់នៅ​ឯណា​​ហើយ​ម្យ៉ាង កន្លែង​នេះ​ពួក​ខ្ញុំ​រស់នៅ​តាំងពី​ឆ្នាំ​ ១៩៧៩ មក​ម្ល៉េះ​​ហើយ​ពេល​ថា ដី​ហ្នឹង​របស់​រដ្ឋ អ៊ីចឹង​ទេ​ខ្ញុំ​ក៏​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​ដែរ​គឺ​មាន​តែ​ដេក​ភ័យ​»​។

ប៉ុន្តែ​លោក ឈឹម ហៀង ពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​លើ​មាត់​ប្រឡាយ​បឹង​បាន​បារម្ភ បន្ទាប់ពី​អាជ្ញាធរ​ប្រាប់​កាលពី​ ៣ ​ខែ​មុន​អំពី​គម្រោង​រុះរើ ប៉ុន្តែ​ពេលឮ​មន្ត្រី​ប្រាប់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ ឬ​ផ្ដល់​ដី​ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេង ធ្វើឲ្យ​គាត់​សប្បាយចិត្ត ។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ឮ​អាជ្ញាធរ​គេ​សន្យា​អ៊ីចឹង ខ្ញុំ​សប្បាយ​ចិត្ត​ ប៉ុន្ដែ​ខ្ញុំ​ខ្លាច​តែ​អាជ្ញាធរ​ធ្វើ​មិន​ដូច​សន្យា​…»​។

កាលពី​កន្លង​ទៅ​សមាគម​ធាងត្នោត​ដែល​ធ្វើការ​លើ​បញ្ហា​លំនៅឋាន​នៅ​ភ្នំពេញ​បាន​ប៉ាន់ប្រមាណ​ថា យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ចំនួន​ ៤០០ គ្រួសារ​នឹង​ត្រូវ​រង​ប៉ះពាល់ ដោយសារ​ការផ្លាស់​លំនៅ​នេះ​៕

 

ប្រភព៖ ភ្នំពេញប៉ុស្តិ័

សំឡេងទីក្រុង!

សំឡេងទីក្រុង!