10-7-022

អ្នក​វិនិយោគ​បុរី​ធំៗ ​ចាប់​ផ្តើម​គម្រោង​ថ្មី​ឡើង​វិញ​ បន្ទាប់​ពី​ការ​លក់​លំនៅឋាន ​ចាប់​ផ្តើម​កើន​ឡើង

ប្រភព ៖ ភ្នំពេញបុស្តិ៍

បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈកាលពីដើមឆ្នាំនេះការលក់លំនៅឋាននៅតាមបុរីនានាបានចាប់ផ្តើមងើបឡើងវិញនៅត្រីមាសទី ២ ក្នុងឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអ្នកវិនិយោគបុរីនានា។

អ្នកនាង ទេព កន្និដ្ឋា ប្រធានផ្នែកលក់នៃបុរីប៉េងហួតគ្រុប បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃអង្គារ ថា ការលក់លំនៅឋានក្នុងឆ្នាំនេះ ពិតជាមានការកើនឡើង ដោយបុរី ប៉េង ហួត បានលក់លំនៅឋានបានសម្រេចលើសគោលដៅរំពឹងទុក និងដោយសារមើលឃើញស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចនៅតែរឹងមាំក្រុមហ៊ុនបានសម្រេចបើកគម្រោងធំៗ ចំនួនបីទៀត ដែលមានលំនៅឋានជាង ៣ ០០០ ខ្នងផ្ទះ ហើយផ្ទះចាប់ផ្តើមលក់ក្នុងតម្លៃចាប់ពីជាង ១៨ ម៉ឺនដុល្លារ ដល់ជាង ២ លានដុល្លារអាមេរិក។

អ្នកនាងបន្តថា ៖ «ដោយសារការជឿជាក់លើស្ថានភាពទីផ្សារបែបនេះហើយទើបយើងចាប់ផ្តើមគម្រោងថ្មីប្រកបដោយទំនុកចិត្ត ព្រោះអ្នកមកទិញលំនៅឋានពួកគេមិនបាននិយាយពីអ្វីទាក់ទងនឹងការបោះឆ្នោតទេ»។

អ្នកនាងបន្តថា ៖ «ភាពជឿជាក់របស់អតិថិជនចំពោះបុរី ដែលយើងមានទុនគ្រប់គ្រាន់សម្រាប់សាងសង់ ក៏ជាផ្នែកមួយនៃភាពជោគជ័យរបស់យើងផងដែរ»។

ទីតាំងទាំងបីដែលបុរីប៉េងហួត បាននិងកំពុងដំណើរការ គឺទី១ នៅក្នុងបុរីប៉េងហួតបឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ ១ ទី ២ ស្ថិតនៅបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) និងទី ៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា។

ជំនួយការអគ្គនាយកបុរីពិភពថ្មីលោក ង៉ែត ពិសិដ្ឋ បានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែលោកទទួលស្គាល់ថា នៅថ្ងៃទី៧ កក្កដា ខាងមុខនេះ បុរីពិភពថ្មីនឹងបើកការដ្ឋានសាងសង់បុរីចំនួនបី ទីតាំងទៀតនៅជាយក្រុងភ្នំពេញ ដោយទីតាំងទី១ នៅតំបន់កួរស្រូវ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ២និងផ្លូវ ៣៧១ ទី២ ស្ថិតនៅតំបន់កំបូល និងទី៣ ស្ថិតនៅតំបន់ឈូកវ៉ា ស្ថិតក្នុងខណ្ឌសែនសុខ។

លោកបន្តថា ៖ «ការលក់លំនៅឋាននៅតាមបុរីនានាពិតជាកើនឡើង»។

អ្នកនាង សួ ស៊ូហ្វាង នាយកគ្រប់គ្រងទូទៅបុរីរិទ្ធ បានថ្លែងឲ្យដឹងផងដែរថា ការលក់បុរីនៅអំឡុងត្រីមាសទី ២ ឆ្នាំនេះ ពិតជាមានការកើនឡើង បើធៀបនឹងចុងឆ្នាំមុន និងដើមឆ្នាំនេះ ដោយសារអ្នកនាងមើលឃើញអ្នកមកទិញលំនៅឋានបុរីកាន់តែច្រើនជាងមុន។

អ្នកនាងមិនអាចបញ្ជាក់ពីមូលហេតុនោះទេ ប៉ុន្តែហេតុផលជាក់ស្តែងប្រហែលជាប្រជាពលរដ្ឋលែងសូវបារម្ភទាក់ទងនឹងការបោះឆ្នោត។

អ្នកនាងបន្តថា ៖ «ហេតុផលចម្បងប្រហែលប្រជាជនលែងសូវបារម្ភពីបញ្ហានយោបាយទៀតហើយ ព្រោះចរន្តស្វែងរកទិញលំនៅឋាននៅតាមបុរីកំពុងកើនឡើង»។

អ្នកនាងបន្ថែមថា ៖ «អ្នកទិញបុរីបច្ចុប្បន្ននេះប្រហែល ៥០ ភាគរយ ប្រើប្រាស់លុយខ្លួនឯង និង ៥០ ភាគរយទៀតប្រើប្រាស់ឥណទានពីធនាគារនានា»។

អគ្គនាយកក្រុមហ៊ុន Century21 Mekong លោក ច្រឹក សុខនីម ដែលជាក្រុមហ៊ុនមានឯកទេសលើការទិញលក់លំនៅឋាន នៅតាមបុរីនានាបានថ្លែងឲ្យដឹងថា ប្រជាពលរដ្ឋចាប់ផ្តើមមានទំនុកចិត្តឡើងវិញ បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលបានប្រព្រឹត្តិទៅដោយរលូន ជាហេតុធ្វើឲ្យពួកគាត់បញ្ចេញប្រាក់ ទិញលំនៅឋាននៅតាមបុរីនានាកើនឡើង។

លោកបន្តថា ទីផ្សារបុរីបានកើនឡើងគួរឲ្យកត់សម្គាល់ទាំងលំនៅឋានថ្មី និងការទិញផ្ទះបន្តនៅតាមបុរីនានា ដើម្បីស្នាក់នៅ និងវិនិយោគយកប្រាក់ចំណេញ។

លោកបន្តថា ៖ «ប្រាក់ចំណូលប្រជាពលរដ្ឋកើនឡើង និងការភ័យខ្លាចពីការបោះឆ្នោតបានរសាយបន្តិចម្តងៗ»។

លោកបន្តថា ៖ «អ្នកទិញលំនៅឋានតាមបុរីនានាប្រមាណ៧០ ទៅ៨០ភាគរយ បាននិងកំពុងប្រើប្រាស់ឥណទានរបស់ធនាគារ ដែលផ្តល់លក្ខខណ្ឌកាន់តែងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី»។

លោក ប៉ែន សុខគា នាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានថ្លែងឲ្យដឹងផងដែរថា ទីផ្សារបុរីពិតជាមានការងើបឡើងវិញ ជាក់ស្តែងយើងឃើញបុរីពិភពថ្មីលក់បានជោគជ័យក្នុងត្រីមាសចុងក្រោយនេះ បន្ទាប់ពីស្ថានភាពទូទៅបានស្ងប់ស្ងាត់កាលពីដើមឆ្នាំនេះ។

លោកបន្តថា ដោយសារនៅតែមានតម្រូវការពីប្រជាពលរដ្ឋ និងការផ្តល់ឥណទានពីធនាគារ និងមីក្រូហិរញ្ញវត្ថុ បានធ្វើឲ្យប្រជាពលរដ្ឋទទួលបានឥណទានកាន់តែងាយស្រួលជាងមុន៕

Leave a Reply