តំណាងអ្នកបឹងកក់ និងអ្នកបុរីកីឡាប្រមូលលផ្នុំនៅមុខសាលាក្រុងភ្នំពេញ ដើម្បីសុំរកដំដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការដោះលែងសកម្មជន
Posted On : ធ្នូ, 22, 2014 | By សំឡេងទីក្រុង

ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ និងសហគមន៍បុរីកីឡាប្រមាណ ១០គ្រួសារដែលធ្វើដំណើរតាមម៉ូតូ កង់បី មកកាន់សាលាក្រុងភ្នំពេញដើម្បីទាមទារដំណោះស្រាយ ទៅលើបញ្ហាដីធ្លីរបស់ពួកគាត់។

តំណាងគ្រួសាររងគ្រោះដីធ្លី ៦គ្រួសារ ក្នុងនោះមានគ្រួសារអ្នកបឹងកក់ ៣នាក់ និងអ្នកបុរីកីឡា ៣នាក់ ត្រូវអនុញ្ញាតិ អោយចូលជួបជាមួយមន្ត្រីរដ្ឋបាលដោះស្រាយវិបត្តិដីធ្លីនៃសាលាក្រុង នាវេលាព្រឹកថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០១៤ ម៉ោង ៨​:៣០នាទី រហូតដល់ម៉ោង ១០:២០នាទី​ដើម្បីទាមទារ អោយអាជ្ញាធរផ្តល់ ប្លង់កម្មសិទ្ធ ដោះស្រាយជម្លោះដី និងដោះលែងសកម្មជនដែលបានជាប់ឃុំក្នុងពន្ធនាគារ ។

បន្ទាប់ពីបានចូលជួបប្រជុំជាមួយមន្រ្ដីសាលាក្រុង អ្នកស្រី ហុង ប៉ុនហេង​ ប្រជាពលរដ្ឋបឹងកក់ បានបញ្ជាក់ ប្រាប់ថា មន្ត្រីសាលាក្រុងមានប្រសាសន៍ថា នឹងធ្វើការដោះស្រាយបញ្ហាដីធ្លីនេះជូន ពួកឆាប់ៗតាមរយៈ រដ្ឋសភា ដែលកំពុងរៀបចំគណះកម្មាការដើម្បីដោះស្រាយបញ្ហានេះកុំអោយរាំងស្ទះ។ អ្នកស្រីបន្តទៀតថា តែគិតមកទល់បច្ចុប្បន្ន អាជ្ញាធរមិនមានចំណាត់ការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយទំនាស់ដី អ្នកភូមិបឹងកក់ ជាមួយនឹងក្រុមហ៊ុនសូកាគូ ដែលកំពុងអភិវឌ្ឍតំបន់បឹងកក់ ហាក់ដូចនៅស្ងាត់ឈឹង។​ អ្នកស្រី បានបន្ថែមទៀតថា អ្នកស្រី និងប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ នឹងបន្តក្បួនដង្ហែរទៅ រដ្ឋសភាបន្ត ទៀត ដើម្បីអោយមាន ដំណោះស្រាយឆាប់ៗនៅអាទិត្យសប្តាហ៍ក្រោយ ឬសប្ដាហ៍ក្រោយមួយទៀត ព្រោះ គាត់ត្រូវការទីជំរកដើម្បីរស់នៅ និងរកស៊ី។

ប្រជាពលរដ្ឋតំណាងសហគមន៍បុរីកីឡាដែលបានចូលជួបមន្រ្ដីសាលាក្រុងនៅព្រឹកនេះ បានមាន ប្រសាសន៍ ដែរថា អ្នកស្រីបានទទូចអោយអាជ្ញាធរធ្វើការដោះស្រាយជម្លោះទំនាស់ដីអ្នកបុរីកីឡា ជាមួយ ក្រុមហ៊ុន ផានអ៊ីមិចរបស់លោកស្រី ស៊ុយ សុផាន ពីគម្រោងសាងសង់អាគារទី៩ និងទី១០ ដល់ពលរដ្ឋ បុរីកីឡា តាមការសន្យា។ អ្នកស្រីបានបន្តទៀតថា អ្នកស្រីចង់បានសំណងពីក្រុមហ៊ុននេះនូវអាគារទី៩ និងអាគារទី១០ នេះខ្លាំងណាស់ ព្រោះទីនោះមានផ្សារ និងសាលារៀនសម្រាប់កូនៗរបស់ពួកគាត់ ហើយគាត់ ដ៏មិនចង់ទៅទីណាដែលគ្មានផ្សារ សាលារៀននោះទេ។

ការជួបជុំគ្នានៅមុខសាលាក្រុងនៅព្រឹកថ្ងៃទី ១៥ របស់ហគមន៍បឹងកក់នឹងបុរីកីឡានេះបានបញ្ចប់នៅ វេលាម៉ោង ប្រមាណជា១១ ព្រឹក បន្ទាប់ពីការប្រជាពលរដ្ឋដែលជាដំណាងសហគមន៍ បានជួបប្រជុំ ជាមួយនិង មន្រ្ដីសាលារាជធានីភ្នំពេញ។

សំឡេងទីក្រុង!

សំឡេងទីក្រុង!