3-5-007

អាជ្ញាធរ​រុះរើ​របង​បើក​ធ្វើ​ផ្លូវ​​ ក្រោយ​ពី​ក្រុមហ៊ុន​បិទ​យូរ​ឆ្នាំ

ប្រភព ៖ ភ្នំពេញបុស្តិ៍

មន្ទីរដែនដីនគរូបនីយកម្មរាជធានី និងអាជ្ញាធរខណ្ឌច្បារអំពៅកាលពីម្សិលម៉ិញបានរុះរើ របង និងចាក់ដីលុបប្រឡាយក្នុងសង្កាត់វាលស្បូវដើម្បីបើកផ្លូវទទឹង ១៦ ម៉ែត្របណ្ដោយជាង ៦ គីឡូម៉ែត្រឲ្យធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីក្រុមហ៊ុន ២ បានជីក និងធ្វើរបងភ្ជិតមិនឲ្យឆ្លងកាត់ ។

លោក សារិន វណ្ណា ប្រធានមន្ទីរដែនដីនគរូបនីយកម្មរាជធានីភ្នំពេញបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមពលរដ្ឋផ្លូវនេះត្រូវបានក្រុមហ៊ុន ផាន អ៊ីមិច និងក្រុមហ៊ុន ហេង លី ជីកប្រឡាយ និងធ្វើរបងភ្ជិតច្រើនឆ្នាំមកហើយ។

ប៉ុន្តែលោកថា៖ «កាលពីព្រឹកម៉ិញ [ម្សិលម៉ិញ] ម្ចាស់ក្រុមហ៊ុនទាំងពីរគឺលោកជំទាវ ឧកញ៉ា ស៊ុយ សាផាន និងលោកឧកញ៉ា ហេង លី បានទទួលស្គាល់ និងបានចូលរួមសហការឲ្យបើកផ្លូវមួយខ្សែនេះ…ឡើងវិញ»។

លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅបានថ្លែងដែរថាផ្លូវលំនេះសំខាន់ណាស់សម្រាប់ពលរដ្ឋនៅក្នុងសង្កាត់ចំនួនបួនគឺសង្កាត់វាលស្បូវ ព្រែកប្រា ព្រែកថ្មី និងសង្កាត់ព្រែកឯង។

លោកថា៖ «ផ្លូវនេះពីមុនធំជាងផ្លូវរទេះគោបន្តិចប៉ុណ្ណោះហើយលិចទឹកក្នុងរដូវវស្សា…ការបើកផ្លូវនេះដើម្បីសម្រួលដល់ការស្ទះចរាចរណ៍ដោយត្រូវពង្រីកធំជាងមុន និងតភ្ជាប់ជាមួយផ្លូវលេខ ៣៦៩ និងផ្លូវជាតិលេខ ១»។

តំណាងពលរដ្ឋក្នុងសង្កាត់វាលស្បូវ អ្នកស្រី យឹម ស៊ីមន បានថ្លែងថាពេលផ្លូវនេះបើកដំណើរការឡើងវិញ វានឹងជួយសម្រួលដល់ជីវភាពពួកគាត់ដូចជាការកាត់បន្ថយពេលធ្វើដំណើរ កាត់បន្ថយការស្ទះចរាចរណ៍ និងថ្លៃសាំងជាដើម។

អ្នកស្រីថា៖ «យើងរីករាយខ្លាំងណាស់បើគម្រោងនេះធ្វើបានសម្រេច»។

អ្នកស្រី ស៊ុយ សាផាន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថាអ្នកស្រីក៏រីករាយចំពោះគម្រោងនេះដែរ។

អ្នកស្រីថា៖ «ខ្ញុំបានឯកភាព និងចូលរួមសហការជាមួយអាជ្ញាធរ…ក្នុងការស្ថាបនាផ្លូវមួយខ្សែនេះ ព្រោះគម្រោងនេះវានឹងផ្ដល់ប្រយោជន៍ជាសាធារណៈ»៕

3-5-008

Leave a Reply