2-street-broken

ឲ្យ​តែ​ចៅហ្វាយ​ក្រុង​ឡើង​ថ្មី ​ចូលចិត្ត​ជួសជុល​សួនច្បារ​ ជាង​គម្រប​លូ​នៅ​លើ​ផ្លូវ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព ៖ ភ្នំពេញបុស្តិ៍

ទោះបីជាមានការចំអកឡកឡាយពីមហាជនរឿងធ្វើផ្លូវជាប់មិនដាច់រហូត៖ «ធ្វើលូខូចផ្លូវ ធ្វើផ្លូវភ្លេចលូ ធ្វើយូរៗទៅខូចទាំងផ្លូវ ខូចទាំងលូ» ឬក៏ «ចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង» ដែលមានន័យពាក់ព័ន្ធទៅនឹងអំពើពុករលួយក្នុងការសាងសង់ផ្លូវ និងមានការស្តីបន្ទោសធ្ងន់ៗពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញកាលពីឆ្នាំទៅរឿងជួសជុលផ្លូវនៅភ្នំពេញនៅតែខូចពីមុខខូចពីក្រោយក៏ដោយក៏មកទល់ពេលនេះផ្លូវជួសជុលបានគួរសមតែគម្របលូនៅលើផ្លូវនៅតែមិនបានជួសជុលដដែលមានគម្របលូលក្ខណៈខ្ពស់លើសថ្នល់ និងខូងជង្ហុកធ្លាក់ចូលថ្នល់សឹងតែគ្រប់ផ្លូវ។

តើបន្ទុកជួសជុលគម្របលូលើផ្លូវនេះជាបន្ទុកលោកប្រធានមន្ទីរសាធារណការទៀតឬយ៉ាងណា? ឬក៏បន្ទុកអភិបាលរាជធានីភ្នំពេញ?

តាមពិតទៅបើនិយាយពីការផ្ទេរមុខងារពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិហ្នឹងនៅរាជធានីភ្នំពេញមានលក្ខណពិសេសខុសគេគឺមន្ទីររាជធានីរបស់ក្រសួងនីមួយៗអភិបាលរាជធានីមានសិទ្ធិគ្រប់គ្រងធ្វើកិច្ចការលម្អរាជធានីភ្នំពេញនោះ តែប្រធានមន្ទីរជាអ្នកគ្រប់គ្រងផ្តល់បច្ចេកទេស តែប៉ុណ្ណោះដល់ពេលត្រូវមាត់ប្រធានមន្ទីរទៅវិញ ចំណែកឯអភិបាលរាជធានីរួចខ្លួនទៅវិញដូចករណីប្រធានមន្ទីរសាធារណការកាលពីឆ្នាំទៅអ៊ីចឹង។

បញ្ហាគម្របលូនៅលើផ្លូវថ្នល់នេះនៅតែមានលក្ខណៈស្មុគស្មាញមានការប្រចាំគ្នាទទួលខុសត្រូវនៅឡើយទេ បើទោះបីជាផ្អែកទៅលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ០៦ អន-ក្រ.កប នៅខែមករាឆ្នាំ ២០១៧ នេះស្តីពីការផ្ទេរធនធានហិរញ្ញវត្ថុមានភ្ជាប់លក្ខខណ្ឌទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក៏ដោយក៏មិនអាចធ្វើបានទេ ព្រោះឧទាហរណ៍ថាកញ្ចប់ថវិកាផ្ទេរឲ្យថ្នាក់ក្រោមជាតិជួសជុលផ្លូវគឺពួកគាត់ធ្វើតែផ្លូវទេ មិនខ្វល់រឿងប៉ះពាល់គម្របលូខ្ពស់ ឬក៏ទាបនោះទេណាមួយអាងតែមានក្រុមថែទាំលូរបស់រដ្ឋមួយផ្សេងទៀតផង។ អ៊ីចឹងមានតែសាមីស្ថាប័ននេះត្រូវផ្ទេរមុខងារធ្វើថ្នល់មកថ្នាក់ក្រោមជាតិត្រូវភ្ជាប់ជាមួយនឹងជួសជុលគម្របលូផង បើមិនដូច្នេះទេលូនៅលើផ្លូវហ្នឹងគឺក្រហេងក្រហូងដដែល។

parking-repaired

បើរាជធានីមានថវិកាខ្លួនឯងដែលរដ្ឋសភាអនុម័ត ១ ឆ្នាំៗសម្រាប់អភិវឌ្ឍរាជធានីភ្នំពេញប្រមាណជាង ២៧០ លានដុល្លារផ្ទាល់សម្រាប់ជួសជុលផ្លូវក៏ត្រូវមើលទាំងផ្លូវមើលទាំងគម្របលូហ្នឹងផងជាជាងបានថវិកាជាតិមកមិនដឹងចាយលើអ្វី? អ៊ីចឹងអភិបាលរាជធានី ខំប្រឹងធ្វើសួនច្បារដដែលៗយកមុខយកមាត់ថ្នាក់ដឹកនាំតាមតែគ្នាតាំងពីជំនាន់លោក ឈឹម សៀកឡេង មកលោកជា សុផារ៉ា បន្ទាប់មកលោក ជុតិមា និងលោក សុជាតិវង្ស មកដល់លោក ឃួង ស្រេង ក៏នៅតែជួសជុលសួនច្បារមិនស្វាងការជួសជុលនេះគឺដើម្បីកុំឲ្យសល់ថវិកាជាតិមែនទេ? ឬក៏ចាយទៅក្រែងសល់កាក់ល្អិតខ្លះគ្រាន់ចែកគ្នាមែនទេ? ព្រោះបើចាយថវិកាសល់ទៅគង់តែរដ្ឋយកថវិកានោះត្រឡប់ទៅវិញទេ។

តែផ្ទុយទៅវិញសម្រាប់ក្រុមអ្នកជួសជុល និងថែទាំលូវិញម្តង ជីកគាស់ៗទាំងលើផ្លូវទាំងលើចិញ្ចើមផ្លូវក៏មិនខ្វល់រឿងធ្វើគម្របលូឲ្យស្មើទៅនឹងថ្នល់ដែរ។ តែឲ្យតែមានឱកាសគាស់ចិញ្ចើមផ្លូវម្តងៗគឺដូចបានឱកាសមាសឱកាសប្រាក់អ៊ីចឹងគឺមានន័យថាពួកគាត់ចេះគាស់ឥដ្ឋការ៉ូការ៉ូឡានៅមុខផ្ទះប្រជាពលរដ្ឋ តែដល់ពេលដាក់លូហើយគឺធ្វើមិនដឹងមិនឮ បើចង់ដាក់វិញទាល់តែឲ្យលុយដូចនៅផ្លូវជាតិលេខ ១ ទើបធ្វើលូថ្មីៗនេះ។

រីឯខ្លះទៀតរកវិធីផ្សេងទៅវិញ នៅពេលដែលពួកគេកំពុងតែធ្វើបណ្តាញលូមេ ពួកគេចាប់ផ្តើមគោះប្រជាពលរដ្ឋថា បើចង់ចោះលូចូលបណ្តាញមេគឺមានតែថែមលុយខ្លះមកបានចោះឲ្យ។

ឥឡូវចូលមកដល់រឿងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលកំពុងតែរៀបចំផ្ទេរមុខងារ ធនធានមនុស្ស និងថវិកាមករដ្ឋបាលថ្នាក់ក្រោមជាតិវិញម្តងគឺមានន័យថាក្រសួងក៏មានផែនការថវិកាសម្រាប់ជួសជុលផ្លូវនៅរដ្ឋបាលថ្នាក់ក្រោមជាតិរួមទាំងរាជធានីភ្នំពេញផងដែរ។

សង្ឃឹមថានឹងលែងមានការប្រចាំគ្នារឿងផ្លូវ និងគម្របលូទៀតហើយថាតើនរណាទទួលខុសត្រូវទៀតហើយ? គឺដឹងច្បាស់តែអភិបាលរាជធានីលោក ឃួង ស្រេង ជាអ្នកទទួលខុសត្រូវរួមព្រោះនៅរាជធានីភ្នំពេញបណ្តាញផ្លូវខ្សែមេ និងអនុខ្សែមេគឺសាលារាជធានីភ្នំពេញជាអ្នកទទួលខុសត្រូវ បើចេញពីអនុខ្សែមេគឺរដ្ឋបាលខណ្ឌជាអ្នកទទួលខុសត្រូវដែលបានផ្ទេរមុខងារបែបប្រតិភូកម្មពីសាលារាជធានី។

សរុបមកវិញសង្ឃឹមថាប្រជាពលរដ្ឋនឹងលែងឆ្ងល់ទៀតហើយថាសាលារាជធានីជួសជុលថ្នល់ ឬក៏ចាក់ថ្នល់កៅស៊ូស្អាតបាតហើយ និងជួសជុលគម្របលូហ្នឹងឲ្យស្មើគ្នាផងដែរ។

សព្វថ្ងៃនេះប្រជាពលរដ្ឋមានការធុញទ្រាន់ទៅនឹងរឿងធ្វើថ្នល់ដដែលៗម្តងចោះផ្លូវដាក់លូដាក់ខ្សែកាបដាក់ខ្សែទូរស័ព្ទ ដាក់កាប៊ីនភ្លើង ឬ ក៏ដាក់ប្រព័ន្ធទឹកស្អាតជាដើម។

ជាពិសេសបញ្ហាគម្របលូឡើងខ្ពស់ពេក ខ្លះទាបពេកខ្លះបាក់បែកកណ្តាលថ្នល់ធ្វើឲ្យងាយហ្នឹងគ្រោះថ្នាក់ គេចមិនទាន់គឺដឹងតែដួល បើមានភ្លៀងធ្លាក់លិចផ្លូវវិញគឺដឹងតែដួលតែម្តង បើជិះប៉ះគម្របលូទាបជាងថ្នល់ពេកនោះ។

ម្យ៉ាងវិញទៀតអ្នកបើកបរម្នាក់នាំគ្នាជិះគេចគម្របលូនោះធ្វើឲ្យស្ទះផ្លូវ ឬក៏ប៉ះពារគ្នាផងដែរ។ បើប្រៀបធៀបបណ្តាញផ្លូវនៅទីក្រុងនៅស្រុកខ្មែរទៅនឹងទីក្រុងប្រទេសជិតខាងនៅអាស៊ានវិញគឺប្រទេសគេធ្វើស្អាតល្អជាងប្រទេសខ្មែរកម្រមានក្រហេងក្រហូងដោយសារលូនេះណាស់៕

Leave a Reply