urbanvoice-5

ADB សម្រេច​ផ្ដល់​ប្រាក់កម្ចី ៧០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​កែលំអ​ផ្លូវថ្នល់​

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់ប្រាក់កម្ចីចំនួន ៧០លានដុល្លារអាមេរិក ដើម្បីជួយជំរុញការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់កម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី២៩ខែកញ្ញា។

ការផ្ដល់ប្រាក់កម្ចីនេះ ត្រូវបាន ADB អះអាងថា គឺដើម្បីជួយគាំទ្រវិស័យដឹកជញ្ជូនរបស់កម្ពុជា ឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន ជាពិសេសប្រាក់កម្ចីនេះផ្ដោតលើការកែលំអផ្លូវថ្នល់ក្នុងខេត្តព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។ ហិរញ្ញប្បទាននេះជាផ្នែកមួយនៃកម្មវិធីច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់ទន្លេមេគង្គ ដែលគាំទ្រដោយ ADB ក្នុងបំណងជំរុញការតភ្ជាប់ទីក្រុងបាងកក ភ្នំពេញ និងទីក្រុងហូជីមិញ។

អ្នកជំនាញជាន់ខ្ពស់ផ្នែកដឹកជញ្ជូនរបស់ ADB លោក Oyunchimeg Erdene បានឲ្យដឹងយ៉ាងដូច្នេះថា៖«ក្នុងប្រទេសកម្ពុជា ផ្លូវថ្នល់ជាមធ្យោបាយដឹកជញ្ជូនដ៏សំខាន់ ដែលធ្វើឲ្យការដឹកជញ្ជូនតាមផ្លូវគោកមានសារប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ទោះយ៉ាងណា អនុវិស័យផ្នែកផ្លូវថ្នល់នៅកម្ពុជានៅតែគ្មានប្រសិទ្ធភាព និងបែកបាក់»។ បើតាមអ្នកជំនាញរូបនេះ គម្រោងនេះក៏នឹងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ផងដែរ។

យោងតាម ADB បណ្ដាញផ្លូវថ្នល់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ មានកម្រិតតភ្ជាប់ និងប្រសិទ្ធភាពទាប ដោយសារក្របខណ្ឌបទបញ្ញត្តិមិនពេញលេញ សមត្ថភាពស្ថាប័នទាប ការចូលរួមរបស់ផ្នែកឯកជននៅមានកម្រិត និងកង្វះនិរន្តភាពទ្រព្យសម្បត្តិផ្លូវថ្នល់។ ADB គូសបញ្ជាក់ថា ផ្លូវជាតិ និងផ្លូវខេត្តមួយចំនួនក្នុងចំណោមផ្លូវថ្នល់ប្រវែង ១៥៤០០ គីឡូម៉ែត្រដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវជួសជុលឡើងវិញ ដើម្បីសម្រួលការតភ្ជាប់របស់កម្ពុជា ពិសេសតភ្ជាប់ជាមួយប្រទេសជិតខាងកម្ពុជា ក្នុងតំបន់មហាអនុតំបន់ទន្លេមេគង្គ (GMS)៕

ប្រភព៖ ThmeyThmey

Leave a Reply