ADB ផ្តល់​កម្ចី​និង​ជំនួយ​ឥត​សំណង​ ​$១៨០ ​លាន

រាជរដ្ឋាភិបាលកម្ពុជាកាលពីម្សិលមិញបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួនប្រាំជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរួមមានទាំងកម្ចី និងជំនួយឥតសំណង មានទឹកប្រាក់សរុប ១៨០ លានដុល្លារ ដើម្បីដំណើរការគម្រោង៣នៅកម្ពុជាដែលសុទ្ធសឹងជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសង្គម។

កិច្ចព្រមព្រៀងទាំង៥ ដែលរួមមានកម្ចីសម្បទានចំនួន ៣ និងជំនួយជាហិរញ្ញប្បទានឥតសំណងចំនួន ២ ត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Samiuela Tukuafu នាយកប្រចាំប្រទេស ADB នៅកម្ពុជា។

កិច្ចព្រមព្រៀងទាំងអស់គឺដើម្បីដំណើរការគម្រោង ៣ រួមមាន ការគាំទ្រដល់ការកែលម្អផ្លូវថ្នល់ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យតាមខេត្ត និងអភិវឌ្ឍកសិកម្មខ្នាតតូច ដើម្បីកាត់បន្ថយភាពក្រីក្រ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបន្ទាប់ពីពិធីចុះកិច្ចព្រមព្រៀងកាលពីម្សិលមិញថា ហិរញ្ញប្បទានទាំងអស់នឹងត្រូវយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ដើម្បីរក្សាទំនុកចិត្តពីសំណាក់ប្រជាជនកម្ពុជា និងដៃគូអភិវឌ្ឍន៍នានា។

លោកថ្លែងថា៖ «គម្រោងទាំង ៣ នេះសុទ្ធតែមានគោលដៅរួម គឺកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនទាំងនៅទីប្រជុំជន និងទាំងទីជនបទ»។

គម្រោងទី១ដែលមានទឹកប្រាក់កម្ចីចំនួន ៧០ លានដុល្លារ គឺសម្រាប់កែលម្អកំណាត់ផ្លូវជាតិប្រវែង ១៤៧ គីឡូម៉ែត្រនៅក្នុងខេត្តព្រៃវែង សៀមរាប និងស្វាយរៀង។

គម្រោងទី២ដែលមានទឹកប្រាក់ចំនួន ៥០ លានដុល្លារ រួមនឹងជំនួយឥតសំណងចំនួន ១០ លានដុល្លារ ដែលបានផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុនតាមរយៈធនាគារ ADB គឺសម្រាប់ការពង្រីក និងការកែលម្អការផ្គត់ផ្គត់ទឹកនៅខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងព្រះសីហនុ ដែលសង្ឃឹមថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ២០៩ ០០០ នាក់។

កិច្ចព្រមព្រៀងទី៣ ដែលរួមមានកម្ចី ៤៥,៧ លានដុល្លារ និងជំនួយឥតសំណង ៤,៣ លានដុល្លារពីធនាគារ ADB គឺសម្រាប់កែលម្អផលិតភាពកសិកម្ម និងធ្វើពិពិធកម្មនៃសេដ្ឋកិច្ចនៅតំបន់អាងបឹងទន្លេសាប ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់កសិករលក្ខណៈគ្រួសារនៅខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ធំ សៀមរាប និងត្បូងឃ្មុំ។

នៅពេលដែលត្រូវបានសួរលម្អិតកាលពីម្សិលមិញទាក់ទងនឹងអត្រាការប្រាក់កម្ចីនេះ លោក Samiuela Tukuafu មិនបានផ្ដល់តួលេខពិតប្រាកដស្ដីពីអត្រាកម្ចីនេះទេ ប៉ុន្តែលោកថ្លែងថា អត្រាការប្រាក់កម្ចីទាំងអស់គឺជាអត្រាការប្រាក់សម្បទាន។ លោកបន្ថែមថា ភាគច្រើននៃកម្ចីទាំងនេះគឺសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

លោកថ្លែងថា៖ «យើងសម្លឹងឆ្ពោះទៅរកការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសហការរីរបស់យើងនៅក្នុងរដ្ឋាភិបាល ដើម្បីអនុវត្តឲ្យបានជោគជ័យលើគម្រោងទាំង៣នេះ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា»។

យោងតាមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុកម្ពុជាថា ដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងហិរញ្ញវត្ថុថ្មីដែលទើបនឹងចុះហត្ថលេខា កាលពីម្សិលមិញនេះ ធនាគារ ADB បានផ្ដល់ហិរញ្ញប្បទានដល់ប្រទេសកម្ពុជាសរុបចំនួន ២,៧៥ ពាន់លានដុល្លារហូតមកដល់ពេលនេះ ដែលក្នុងចំនួននោះ ទឹកប្រាក់ចំនួន ២,២៩ ពាន់លានដុល្លារជាកម្ចីសម្បទាន ខណៈ ៤៥៥ លានដុល្លារជាជំនួយឥតសំណង។

រហូតដល់ចុងឆ្នាំ ២០១៦ បំណុលសរុបរបស់ប្រទេសកម្ពុជាមានចំនួនប្រហែល ៦,៤៥ ពាន់លានដុល្លារ ឬប្រហែល ៣២ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈរបស់ប្រទេសកម្ពុជា ដែលបានចេញផ្សាយនៅក្នុងរបាយការណ៍រូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំ ២០១៧៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

 

Leave a Reply