28-04-006

សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​តម្លៃ​ ៧៧ ​លាន​ដុល្លារ​បញ្ចប់​គ្រោង​អគារ​របស់​ខ្លួន

ប្រភព ៖ ភ្នំពេញបុស្តិ៍

សណ្ឋាគារលំដាប់ផ្កាយប្រាំ Intercontinental2 ដែលគ្រោងនឹងបោះទុនវិនិយោគតម្លៃ ៧៧ លានដុល្លារ បានបញ្ចប់ការសាងសង់គ្រោងអគាររបស់ខ្លួនហើយ និងគ្រោងបើកដំណើរការនៅអំឡុងរយៈពេលបីឆ្នាំខាងមុខទៀត។

លោកសាស្ត្រាចារ្យ ទួស សាភឿន ស្ថាបត្យករគម្រោងនេះ និងជាមន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុន ថៃ ប៊ុនរ៉ុង គឺជាក្រុមហ៊ុនវិនិយោគលើសណ្ឋាគារនេះ ដែលមានទីតាំងនៅខេត្តព្រះសីហនុបានថ្លែងឲ្យដឹងតាមប្រព័ន្ឋអេឡិចត្រូនិកកាលពីថ្ងៃសុក្រថាសណ្ឋាគារនេះបានបញ្ចប់គ្រោងអគាររបស់ខ្លួនហើយ និងកំពុងស្ថិតក្នុងដំណាក់កាលឌីហ្សាញបន្ថែមផ្នែកខាងក្នុងនៃអគារកំពស់ ១៧ ជាន់នេះ។

នៅពេលបញ្ចប់ការស្ថាបនាសណ្ឋាគារនេះមានបន្ទប់សរុបចំនួន ៤៧៦ បន្ទប់ និងមានអាងហែលទឹកធំជាងគេមានសាលប្រជុំធំដែលអាចដាក់មនុស្សបាន ៥០០ នាក់ និងសាលប្រជុំតូចៗជាច្រើនទៀតដែលអាចដាក់មនុស្សចន្លោះ ១០០ ទៅ ២០០ នាក់ ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗប្រកបដោយប្រណីតភាពជាច្រើនទៀត។

លោកបន្តថា៖ «យើងមិនមានបារម្ភពីទីផ្សារទេដោយសារសណ្ឋាគារមានប្រ៊េនលំដាប់អន្តរជាតិ ហេតុនេះភ្ញៀវទេសចរមកទស្សនានៅខេត្តព្រះសីហនុ ពួកគេនឹងទៅស្នាក់នៅសណ្ឋាគារនេះ»។

លោកបន្តថា៖ «ខ្ញុំមិនបារម្ភពីទីផ្សារទេ ព្រោះមានក្រុមហ៊ុនជាច្រើននឹងយកភ្ញៀវមកស្នាក់នៅសណ្ឋាគារនេះ»។

លោកសាស្ត្រាចារ្យ ទួស សាភឿន បានពន្យល់ពីការយឺតយ៉ាវនៃការបើកដំណើរការរបស់សណ្ឋាគារនេះថាលោករំពឹងថាបីឆ្នាំទៀតទើបអាចបើកដំណើរការបានព្រោះយើងជួបឧបសគ្គច្រើន លើការសាងសង់ដូចជាបញ្ហាអាកាសធាតុ កង្វះកម្លាំងពលកម្មដែលធ្វើឲ្យការធ្វើការងារមានភាពយឺតយ៉ាវ ជាក់ស្តែងឆ្នាំមុនយើងធ្វើការបានតែ ៥ ទៅ ៦ ខែប៉ុណ្ណោះ។

សណ្ឋាគារនេះសាងសង់លើផ្ទៃដី ៣ ហិកតាស្ថិតក្នុងសង្កាត់លេខ ៣ ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ។

លោក ឡៅ ហេង ម្ចាស់សណ្ឋាគារអូរឈើទាលកម្រិតផ្កាយ ៤ ខេត្តព្រះសីហនុបានថ្លែងថាខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរកាន់តែច្រើន ប៉ុន្តែនៅពេលរដូវភ្លៀងសណ្ឋាគារនៅក្នុងខេត្តនេះមិនសូវមានភ្ញៀវនោះទេដែលធ្វើឲ្យសណ្ឋាគារនិមួយៗស្ងាត់ពោលគឺឧស្សាហកម្មនេះមានភាពមមាញឹកតែក្នុងរដូវប្រាំងប៉ុណ្ណោះ។

លោកបន្តថា៖ «ការវិនិយោគលើសណ្ឋាគារថ្មីកម្រិតផ្កាយ ៥ នៅខេត្តនេះនឹងធ្វើឲ្យភ្ញៀវមានជម្រើសកាន់តែច្រើន ប៉ុន្តែខ្ញុំបារម្ភពីការមកដល់របស់ភ្ញៀវនៅមានកម្រិតនៅឡើយ»។ លោកបន្តថា៖ «ប្រសិនជាមានការភ្ជាប់ជើងហោះហើរកាន់តែច្រើនមកកាន់ខេត្តនេះនឹងធ្វើឲ្យការអភិវឌ្ឍនៅក្នុងខេត្តនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស»។

លោក លូ ម៉េង សហប្រធានក្រុមការងារឯកជនផ្នែកវិស័យទេសចរណ៍បានថ្លែងថាខេត្តព្រះសីហនុកំពុងមានការរីកចម្រើន និងការមកដល់របស់ភ្ញៀវកាន់តែច្រើនព្រោះបច្ចុប្បន្នមានជើងហោះហើរពីប្រទេសវៀតណាម ថៃ និងប្រទេសចិនបានភ្ជាប់ជើងហោះហើរទៅកាន់ខេត្តនេះកាន់តែច្រើនដែលធ្វើឲ្យការវិនិយោគផ្នែកនេះរំពឹងនឹងទទួលបានជោគជ័យ ប៉ុន្តែអ្វីដែលកម្ពុជានៅខ្វះខាតគឺធនធានមនុស្សដែលទាមទារឲ្យមានការបណ្តុះបណ្តាលជំនាញសណ្ឋាគារ សេវាបដិសណ្ឋារកិច្ចឲ្យបានច្រើនថែមទៀត។

លោកបន្តថា៖ «សេវាកម្មនៅតាមភោជនីយដ្ឋាន សណ្ឋាគារនៅខេត្តព្រះសីហនុ មានភាពសមល្មមនាពេលបច្ចុប្បន្ននេះ ប៉ុន្តែទាមទារឲ្យមានក្រុមហ៊ុនមានវិជ្ជាជីវៈចូលទៅកាន់ខេត្តនេះកាន់តែច្រើន និងធ្វើឲ្យសេវាកម្មបដិសណ្ឋារកិច្ចកាន់តែមានភាពល្អប្រសើរ»។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុលោក តាំង សុចិត្រគ្រឹះស្នា បានថ្លែងថាការវិនិយោគលើវិស័យនេះជាការល្អមែនទែនព្រោះវាជាគោលនយោបាយអាទិភាពរបស់ថ្នាក់ជាតិ ដោយសារកំណើនភ្ញៀវទេសចរកើនឡើង ទាំងភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស ដូច្នេះការវិនិយោគលើសណ្ឋាគារផ្កាយ ៤ និងផ្កាយ ៥ នៅតែល្អ ព្រោះបច្ចុប្បន្នខេត្តព្រះសីហនុមានតែសណ្ឋាគារសុខាមួយប៉ុណ្ណោះដែលមានកម្រិតផ្កាយ ៥ ។

លោកបន្តថា៖ «ទីផ្សារសណ្ឋាគារផ្កាយ៥ មិនថាតែភ្ញៀវបរទេសនោះទេ សូម្បីតែភ្ញៀវក្នុងស្រុកក៏កើនច្រើនផងដែរ ពិសេសភ្ញៀវចិន កូរ៉េ និងភ្ញៀវរុស្ស៊ីដែលពួកគេស្នាក់នៅសណ្ឋាគារចាប់ពីកម្រិតផ្កាយ ៣ ឡើង»។

លោកបន្តថា៖ «ការវិនិយោគលើសណ្ឋាគារផ្កាយ ៥ នៅតែល្អ ព្រោះសម្រាប់បំរើភ្ញៀវ រៀបចំកិច្ចប្រជុំធំៗពិសេសអ្នកជំនួញពួកគេតែងតែស្នាក់នៅអូតែលកម្រិតផ្កាយ ៥»។

ខេត្តព្រះសីហនុមានសណ្ឋាគារចំនួន ៧៨ មានបន្ទប់សរុបប្រមាណ ៤០០០ បន្ទប់ និងមានផ្ទះសំណាក់ជាង ៣០០ ដែលមានបន្ទប់សរុបជាង ៤០០០ បន្ទប់ផងដែរ៕

Leave a Reply