11-5-026

រយៈពេល ​៤ ខែ​ដើមឆ្នាំ ​២០១៧ ​រន្ទះបាញ់​សម្លាប់​មនុស្ស​ ២១ ​នាក់

ប្រភព ៖ កោះសន្តិភាព

លោក កែវ វី ទីប្រឹក្សា និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានថ្លែងថា នៅក្នុងរយៈពេល៤ខែ នៃឆ្នាំ២០១៧ មានករណីបាតុភូតខ្យល់កន្ត្រាក់ និងព្យុះកើតឡើងចំនួន៧៩លើកបណ្តាលឲ្យរលំផ្ទះខូចខាតធ្ងន់ធ្ងរចំនួន២៥១ខ្នង របើកដំបូល ជញ្ជាំងមធ្យម១.៣៨៦ខ្នង របើកដំបូលសាលារៀនចំនួន១៨អគារ និងខូចខាតអគារផ្សេងៗមធ្យមចំនួន១៣អគារ និងបណ្តាលឲ្យប្រជាពលរដ្ឋស្លាប់ចំនួន២១នាក់ ក្នុងនោះស្ត្រីចំនួន៨នាក់ របួសធ្ងន់ស្រាល២៦នាក់ហើយគោក្របីស្លាប់ចំនួន៣០ក្បាល ។

លោក កែវ វី បានបញ្ជាក់ថា ក្នុងអំឡុងខែ៤ នៃឆ្នាំ២០១៧ រាជធានី-ខេត្តចំនួន១៨ ដែលបានជួបនឹងករណីខ្យល់ព្យុះបើយើងពិនិត្យជាក់ស្តែងទៅលើទិដ្ឋភាពឃើញថា ពុំមានការខូចខាតច្រើនដូចឆ្នាំមុននោះទេ ដោយឡែករយៈពេលមួយសប្តាហ៍ដើមខែឧសភា ឆ្នាំ២០១៧ នេះបានកើតឡើងនៅខេត្តចំនួន១០ក្នុងនោះមានរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកណ្តាល ។ ហើយបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់បានកើតឡើងចំនួន១៣លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់ស្រាលចំនួន១០នាក់ ខូចខាតផ្ទះធ្ងន់ធ្ងន់អស់៥៩ខ្នង របើកដំបូល និងខូចជញ្ជាំងចំនួន៦៦៧ខ្នង ខូចខាតអគារសាលារៀនផ្សេងៗ១០អគារ គោក្របីស្លាប់ចំនួន១៧ក្បាល ។ ខេត្តដែលរងគ្រោះច្រើនជាងគេដោយបាតុភូតធម្មជាតិច្រើនជាងគេគឺខេត្តបាត់ដំបង បន្ទាប់មកខេត្តបន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ ។

កាលពីឆ្នាំ២០១៦ក្នុងរយៈពេលមួយឆ្នាំបានកើតឡើងនៅទូទាំងប្រទេសករណីខ្យល់កន្ត្រាក់ និងព្យុះសរុបចំនួន២៧៩លើក ក្នុងនោះធ្វើឲ្យផ្ទះបាក់រលំចំនួន១.៩៩៧ខ្នង ផ្ទះរបើកដំបូលចំនួន៨.១៤៧ខ្នង របើកដំបូលសាលារៀនចំនួន៤១អគារ របើកខូចអគារផ្សេងៗចំនួន៤៣អគារ បណ្តាលឲ្យមនុស្សស្លាប់ចំនួន២១នាក់ របួសធ្ងន់ស្រាលចំនួនសរុបចំនួន១៨៣នាក់ ហើយមនុស្សស្លាប់ដោយសាររន្ទះបាញ់ចំនួន១០៨នាក់ របួស១០៥នាក់ ងាប់គោក្របីចំនួន៨០ក្បាល ។ បច្ចុប្បន្នបញ្ហាគ្រោះមហន្តរាយដោយធម្មជាតិរួមមានដូចជាករណីខ្យល់កន្ត្រាក់ រន្ទះ និងរាំងស្ងួតជាដើមនៅតែបន្តកើតមានសម្រាប់ប្រទេសកម្ពុជា បើទោះបីជាអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋបានត្រៀមវិធានការក្នុងការការពារហើយនឹងទប់ទល់ទុកជាមុនយ៉ាងណាក៏ដោយ ៕

Leave a Reply