កិច្ចប្រជុំពិសេសលើកទី២៖ ដំណើរទស្សនកិច្ចទៅកាន់សហគមន៍ត្រពាំងអញ្ចាញជាមួយសំឡេងទីក្រុង
Posted On : ឧសភា, 21, 2015 | By សំឡេងទីក្រុង

នៅថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៥ សំឡេងទីក្រុងកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅ កាន់សហគមន៍ត្រពាំងអញ្ចាញ។ សហគមន៍ត្រពាំងអញ្ចាញ គឺជាតំបន់នៃទីលំនៅស្ថានថ្មី ដែលស្ថិតនៅភាគខាងលិចនៃជាយរាជធានីភ្នំពេញ (ស្ថិតនៅក្នុងសង្កាត់ត្រពាំងអញ្ចាញ ខ័ណ្ឌពោធិ៍សែនជ័យ)។ សព្វថ្ងៃ សហគមន៍នេះមានប្រជាជនរស់នៅចំនួន ១៦៨ គ្រួសារដែលបានទទួលរងការបណ្តេញដោយបង្ខំចេញពីសហគមន៍ផ្លូវរថភ្លើងគីឡូលេខ៦ សង្កាត់ទួលសង្កែ និងសង្កាត់បឹងកក់ ១ កាលពីខែកញ្ញា ២០១១ ដើម្បីអភិវឌ្ឍន៍ គម្រោងសាងសង់ និងជួសជុលផ្លូវរថភ្លើងពីមូលនិធិ ADB និង AusAID។​

គោលបំណងស្តារអភិវឌ្ឍនូវកំណាត់ផ្លូវរថភ្លើងប្រវែង ៦៥០គីឡូម៉ែត្រ មានគ្រួសារប្រហែល ៤០០០ គ្រួសារទទួលរងផលប៉ះពាល់លើគម្រោង ហើយជាលទ្ធផលគ្រួសារទាំងនោះ ត្រូវបានប្តូរទីលំនៅឋាន។ ប្រហែលជាពាក់កណ្តាលនៃគ្រួសាររងគ្រោះត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ត្រពាំងអញ្ចាញ។ ទោះជាយ៉ាងណាក្តី គម្រោងមួយនេះមិនបានដំណើរការទៅតាមលក្ខណៈស្តង់ដានៃគោលការណ៍សាងសង់លំនៅដ្ឋានថ្មីរបស់ ADB ដែលទាមទារឲ្យស្តង់ដានៃការរស់នៅរបស់គ្រួសារដែលរងផលប៉ះពាល់បន្ទាប់ពីទទួលបានការផ្លាស់ប្តូរលំនៅដ្ឋាន មានកំរិតស្មើនឹងស្តង់ដានៃគម្រោងមុន។​

ស្ថិតនៅចំងាយប្រហែល៣០គីឡូម៉ែតពីចំណុចកណ្តាលនៃទីក្រុងភ្នំពេញ សហគមន៍ត្រពាំងអញ្ចាញ គឺជាសហគមន៍មួយនៃសហគមន៍ ៤១ដែលបានផ្លាស់ប្តូរទីលំនៅទៅកាន់តំបន់ជាយរាជធានីភ្នំពេញ។ សព្វថ្ងៃនេះដែរការផ្គត់ផ្គង់ដូចជា ទឹកស្អាត បង្គន់អនាម័យ ប្រព័ន្ធធារ៉ាសាស្រ្ត និង ភ្លើងអគ្គិសនី បានបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍នោះ។ យ៉ាងណាមិញ សហគមន៍នេះនៅតែទទួលរងគ្រោះពីទឹកលិចនៅឡើយ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ដោយសារតែបញ្ហាប្រព័ន្ធបង្ហូរទឹកមានសភាពតូចនៅឡើយ។ ដោយសារតែបញ្ហាស្ទះប្រព័ន្ធបង្ហូរទឹក វាបានបណ្តាលឲ្យប្រជាពលរដ្ឋមួយចំនួននៅទីនេះឆ្លងជម្ងឺផ្សេងៗ ជាពិសេសកុមារ។ បន្ទាប់ពីត្រូវបានគេបណ្តេញចេញមក គ្រួសារនីមួយៗទទួលបានសំណងដីធ្លីមួយប្លង់ដែលមានបណ្តោយ ១៥ និងទទឹង ៧ ម៉ែត្រ ដែលផ្តល់ដោយសាលារាជធានីភ្នំពេញ។

គោលបំណងនៃដំណើរទសន្សកិច្ចសិក្សាទៅកាន់សហគមន៍ត្រពាំងអញ្ចាញ គឺដើម្បីផ្សារភ្ជាប់យុវជន និងប្រជាពលរដ្ឋក្នុងសហគមន៍ជាមួយនឹងគេហទំព័រសំឡេងទីក្រុង និង បញ្ហាការអភិវឌ្ឍន៍ទីក្រុង ដូចនេះពួកគេនឹងយកអ្វីដែលបានសិក្សាទៅប្រើប្រាស់ក្នុងការចែកចាយព័ត៌មានអំពីស្ថានភាពសហគមន៍សព្វថ្ងៃរបស់ពួកគេ។

ការចូលរួមដំណើរទស្សនកិច្ចសិក្សាជាមួយសំឡេងទីក្រុង គឺពុំគិតថ្លៃនោះទេ។ ដើម្បីផ្តល់ជាការលើកទឹកចិត្ត អ្នកដែលចូលរួមទាំងអស់នឹងទទូលបាន អាវយឺត ប៊ិច សៀវភៅ សម្រាប់កត់ត្រារួមជាការទទួលទានអាហារថ្ងៃត្រង់ជាមួយ និងក្រុមការងារសំឡេងទីក្រុងផងដែរ។

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការចូលរួមដំណើរទស្សនកិច្ចទៅកាន់សហគមន៍ត្រពាំងអញ្ចាញ សូមធ្វើការចុះឈ្មោះជាមួយនឹងសហការីសំឡេងទីក្រុងកម្ពុជា។ ការចុះឈ្មោះមានកំណត់!

សំឡេងទីក្រុង!

សំឡេងទីក្រុង!