8-5-020

ឆ្នាំ​២០១៨ នឹង​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​លេច​រូបរាង​នៅ​ភ្នំពេញ

ប្រភព ៖ កោះសន្តិភាព

ម្ចាស់ក្រុមហ៊ុនវិនិយោគនានានៅកម្ពុជាបានលើកឡើងថា នៅក្រោយឆ្នាំ២០១៨ខាងមុខ នឹងមានសំណង់អគារខ្ពស់ៗជាច្រើនលេចរូបរាងនៅក្នុងរាជធានីភ្នំពេញ ដែលបច្ចុប្បន្នការសាងសង់សំណង់ទាំងនោះកំពុងតែមានភាពសកម្ម ។

លោក ថម អូស៊ីលីវ៉ាន់ អ្នកគ្រប់គ្រងរៀបចំការតាំងពិព័រណ៍អចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ realestate.com.kh បានថ្លែងឲ្យដឹងក្នុងពិព័រណ៍អចលនទ្រព្យរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៥ដល់ទី៦ ឧសភា នេះថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានសក្តានុពលខ្លាំងផ្នែកខាងសំណង់អគារខ្ពស់ ហើយយ៉ាងយូរចាប់ពីក្រោយឆ្នាំ២០១៨ តទៅ នៅក្នុងរាជធានីភ្នំពេញ និងមានសំណង់អគារខ្ពស់ៗជាច្រើនលេចរូបរាងឡើង ។ ជាមួយគ្នានោះ សំណង់អគារផ្ទះល្វែង ក៏កំពុងកើតមានយ៉ាងច្រើនផងដែរ ។

លោកថ្លែងថា ៖ « ក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះ ខ្ញុំបានអញ្ជើញភ្ញៀវក្នុងស្រុក និងក្រៅស្រុកមកចូលរួមដើម្បីមើលពីគម្រោងថ្មីៗនៅកម្ពុជា និងឈានទៅរកការទិញកាន់តែច្រើនថែមទៀត » ។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរកឃើញថា នៅទីក្រុងភ្នំពេញមានអគារចាប់ពីកម្ពស់៥ជាន់ ដល់ជាង៤០ជាន់ មានចំនួនជាង៦០០អគារ ។
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យរយៈពេល២ថ្ងៃនៅសណ្ឋាគារណាហ្គាវើនេះដែរ មានគម្រោងអភិវឌ្ឍន៍សំណង់អគារចំនួន២០គម្រោង ត្រូវបានយកមកតាំងបង្ហាញ ក្នុងនោះ មាន១០គម្រោងជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ។

លោក ថម អូស៊ីលីវ៉ាន បានបន្តថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងមានភាពលូតលាស់យ៉ាងលឿន ហើយវិស័យនេះនឹងបន្តរីកចម្រើនបន្ថែមទៀត ទោះបីជាការលក់ខុនដូបច្ចុប្បន្នមានភាពយឺតយ៉ាវជាងមុនក្តី ប៉ុន្តែទីផ្សារនេះនៅតែមានភាពល្អប្រសើរសម្រាប់បុរី និងសំណង់ លំនៅឋានផ្សេងៗទៀត ។

realestate.com.kh បានធ្វើការសម្ភាសន៍ជាមួយប្រជាពលរដ្ឋចំនួន៥ពាន់នាក់ និងបានរកឃើញថា អ្នកឆ្លើយជាង៥០ភាគរយជឿជាក់ថាតម្លៃដីធ្លីនៅទីក្រុងភ្នំពេញ នឹងកើនឡើងបន្ថែមទៀត ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការរីកចម្រើន និងវត្តមានអគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសនេះ ។

លោកថ្លែងថា ៖ « យើងមិននឹកស្មានថាទីក្រុងភ្នំពេញលេចឡើងនូវវត្តមានអគារខ្ពស់ៗដ៏ឆាប់រហ័សបែបនេះឡើយ ប៉ុន្តែបច្ចុប្បន្នមានវត្តមានអគារខ្ពស់ៗកើតឡើងស្ទើរគ្រប់កន្លែងនៃទីក្រុងភ្នំពេញ ដែលនេះជាមោទនភាពមួយ ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ » ។

លោកបន្តថា ៖ « វត្តមានអគារខ្ពស់ៗនៅទីក្រុងភ្នំពេញ មិនត្រឹមតែឆ្លុះបញ្ចាំងពីការរីកចម្រើននៃសេដ្ឋកិច្ចនោះទេ ប៉ុន្តែវាក៏បង្ហាញពីទំនុកចិតរបស់អ្នកវិនិយោគ និងទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀតមកកាន់កម្ពុជាផងដែរ » ៕

8-5-019

Leave a Reply