097e9318-2bd8-4e53-8807-fa31ef9bab1c

ភ្លើងស្តុប​ថ្មី១០០​កន្លែង នឹងត្រូវដាក់ឲ្យដំណើរការក្នុងអំឡុងខែ​មិថុនា

ក្រុមការងារបច្ចេកទេសអង្គការចៃកា (JICA) ប្រទេសជប៉ុន និងមន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងមមាញឹកក្នុងការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបចំនួន១០០ទីតាំងដែលទើបដំឡើងថ្មីរួច ទៅភ្ជាប់ជាមួយទូរបញ្ជាក្នុងបរិវេណសាលារាជធានីភ្នំពេញ ដើម្បីបើកឲ្យដំណើរការជាបន្តបន្ទាប់ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ការដំឡើងភ្លើងស្តុបចំនួន១០០ទីតាំងនេះ បានអនុវត្តកាលពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះរួចរាល់ហើយ នៅសល់តែការតភ្ជាប់ប្រព័ន្ធខ្សែភ្លើងពីភ្លើងស្តុបទាំងអស់ជាប្រព័ន្ធទៅបន្ទប់បញ្ជាត្រួតពិនិត្យរួមប៉ុណ្ណោះ ។ លោកបន្តថា ជាក់ស្តែងប្រព័ន្ធភ្លើងស្តុបថ្មីចំនួន១២ស្តុប ត្រូវបានដាក់ឲ្យដំណើរការរួចរាល់  ហើយក្រុមការងារកំពុងមមាញឹកជំរុញដាក់ឲ្យដំណើរការភ្លើងស្តុបចំនួន១៥កន្លែងផ្សេងទៀត នៅចុងខែមេសានេះ ។

លោក សាំ ពិសិដ្ឋ បានឲ្យដឹងទៀតថា មូលហេតុដែលក្រុមការងារមិនអាចដាក់ឲ្យដំណើរការភ្លើងស្តុបទាំងអស់បានភ្លាមៗនោះ គឺដោយសារនៅតំបន់ស្តុបថ្មីទាំងនោះត្រូវលាបគំនូសថ្មី ត្រូវរើដុំបេតុងរបាំងចែកទ្រូងផ្លូវឲ្យត្រូវតាមគន្លងថ្មី ត្រូវលុបគំនូសចាស់ចោល ត្រូវតភ្ជាប់ចរន្តអគ្គីសនី ព្រោះទីតាំងស្តុបខ្លះមានអគ្គីសនីគ្រប់គ្រាន់(២០អំពែរ)អាចភ្ជាប់បាន ប៉ុន្តែទីតាំងខ្លះភ្លើងមិនគ្រប់ ដែលត្រូវសុំពីអគ្គីសនីកម្ពុជាបន្ថែម និងត្រូវរើស្តុបចាស់ចេញ នៅពេលដែលស្តុបថ្មីរួចរាល់ទាំងស្រុង ។

លោកបន្តថា បន្ទាប់ពីចូលឆ្នាំថ្មីនេះរួច ក្រុមការងារនឹងពន្លឿនឲ្យរួចរាល់ស្តុបទាំង១០០ទីតាំងនៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ។ ចំណែកភ្លើងស្តុបចាស់ៗត្រូវដកចេញ រួចយកទៅដាក់នៅតាមផ្លូវជាយក្រុង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ឲ្យកាន់តែប្រសើរឡើង ។

លោក សាំ ពិសិដ្ឋ បញ្ជាក់ថា ការកែសម្រួលប្រព័ន្ធភ្លើងស្តុបនេះ គឺជាចំណុចពិសេសដែលមិនអាចខ្វះបានពីតម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពីបញ្ហាសុវត្ថិភាពចរាចរណ៍តែម្តង។ ក្នុងនាមមន្ទីរសាធារណការនិងប្រជាពលរដ្ឋពិតជាត្រេកអរចំពោះគម្រោងនេះ ដែលចៃកាជប៉ុនបានជួយឧបត្ថម្ភដល់កម្ពុជា ជាពិសេសរាជធានីភ្នំពេញតែម្តង ដែលបម្រើឲ្យដល់គោលដៅសំខាន់ចំនួន៣ គឺត្រួតពិនិត្យប្រព័ន្ធចរាចរណ៍ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងគ្រប់គ្រងប្រព័ន្ធកាមេរ៉ាសុវត្ថិភាពដែលដាក់នៅតាមដងផ្លូវ និងតាមភ្លើងស្តុបផងដែរ  ៕

58436777-373c-4dab-b636-dde86dd12fb7

6926811e-e4c1-467c-9e62-682c0653f3d3

ប្រភព ៖ កោះសន្តិភាព

Leave a Reply