រឿង​សង់​ស្តា​ដ​ថ្មី​ឈ្មោះ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ អស់ពី​ដោះ​ដូរ​ដី​ជាមួយ​ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បាន​លុយ​ចែក​គ្នា​ចាយ​រួច​ បុរស​ខ្លាំង​បង្វែរ​មក​ប្រើ​លុយ​ចិន​វិញ​
Posted On : January, 15, 2015 | By សំឡេងទីក្រុង

ដោយ ដើមត្នោតថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៥

គម្រោង​សាងសង់​ស្តា​ដ​ថ្មី​មួយ​ឈ្មោះ​ “​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​”​ ឋិត​នៅ​ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ជាទី​តាំង​ដី​កម្មសិទ្ធិ​របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ អគ្គនាយក​ក្រុមហ៊ុន​ LYP​ Group​ និង​ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ គឺ​ដើមចម​ដំបូង​កើត​ចេញពី​ការ​ដោះ​ដូរ​ដី​បឹង​ពោងពាយ​ខាងជើង​ទំហំ​១០៨​ហិ​ កតា​ ឋិត​នៅ​សង្កាត់​ភ្នំពេញ​ថ្មី​ សង្កាត់​ឃ្មួ​ញ​ ខណ្ឌ​សែន​សុខ​ និង​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ប្រគល់​ឲ្យ​ទៅ​ក្រុមហ៊ុន​ LYP​ Group​ ដោយ​គម្រោង​នេះ​បាន​បើក​ការដ្ឋាន​សាងសង់​រួច​ហើយ​កាលពី​ថ្ងៃ​ទី​១២​ ខែមេសា​ ឆ្នាំ​២០១៣​កន្លង​ទៅ​ លើ​ផ្ទៃដី​ទំហំ​៩៤​ហិ​កតា​ ខណៈ​រូបភាព​នៃ​ការ​ដោះ​ដូរ​ដី​រដ្ឋ​ជាង​១០០​ហិ​កតា​ជាមួយ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​វាយតម្លៃ​ថា​ ក្រុម​មន្ត្រី​អនុវត្តន៍​គម្រោង​ និង​ក្រុមហ៊ុន​ LYP​ Group​ បាន​ចំណេញ​ប្រាក់​យ៉ាងច្រើន​សន្ធឹក​ រហូត​ដល់​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​ ដ្បិត​ការ​ដោះ​ដូរ​ដី​គ្មាន​ឆ្លងកាត់​ការ​ធ្វើ​លទ្ធកម្ម​សាធារណៈ​(​ដេញថ្លៃ​ )​ឡើយ​ ។​

​ យោង​តាម​ឯកសារ​ដែល​ទទួល​បាន​ គឺ​គម្រោង​នៃ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នោះ​ ត្រូវ​បាន​រចនា​ដោយ​ក្រុមហ៊ុន​ Architect​ Solutions​ ខណៈ​តម្លៃ​នៃ​គម្រោង​មិន​ត្រូវ​បាន​មន្ត្រី​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ជា​ ផ្លូវការ​ទេ​ ប៉ុន្តែ​បើ​តាម​វិស្វករ​ជំនាញ​ថា​ ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​ខ្នាត​បទដ្ឋាន​អន្តរជាតិ​អាច​នឹង​ត្រូវ​ចំណាយ ​ទឹកប្រាក់​ពី​១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដល់​ទៅ​៥០០​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​ ស្រប​ពេល​ដែល​មន្ត្រី​មួយ​ចំនួន​បាន​ចំណេញ​លុយ​ដាក់​ហោប៉ៅ​ក្នុង​គម្រោង​ដោះ ​ដូរ​ដី​ជាមួយ​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ជា​ថ្នូរ​នឹង​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នោះ​ ស្រាប់តែ​កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៤​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​បង្កើត​គណៈកម្មការ​បច្ចេកទេស​មួយ​សម្រាប់​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ ជាតិ​មរតក​តេ​ជោ​ ក្នុង​ក្របខ័ណ្ឌ​ហិរញ្ញប្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​មាន​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ជា​ប្រធាន​គណៈកម្មការ​ ។​ មាន​ន័យ​ថា​ គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ត្រូវ​បាន​បង្វែរ​ទិស​មក​ ប្រើប្រាស់​លុយ​ប្រទេស​ចិន​វិញ​ម្តង​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​ចោទ​ជា​សំណួរ​ថា​ តើ​លុយ​ខ្ទង់រយ​លាន​ដុល្លារ​អា​មេ​រិ​កបាន​មក​ពី​ការ​ដោះ​ដូរ​ដី​ខ្ទង់រយ​ហិ ​កតា​ជាមួយ​ក្រុមហ៊ុន​ LYP​ Group​ របស់​ឯកឧត្តម​ ឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ បាត់​ទៅ​ណា​ ឬ​មួយ​យក​មក​ដាក់​ហោប៉ៅ​ចែក​គ្នា​ចាយ​សប្បាយចិត្ត​ត្រជាក់​ថ្លើម​រៀងៗ​ខ្លួន ​អស់ហើយ​ ?

​ប្លង់​ត្រួសៗ​នៃ​ គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ មាន​ជា​អាទិ៍​ ៖​ ទីលាន​បាល់ទាត់​ និង​រត់ប្រណាំង​នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​៩​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ចំនួន​ជាង​៤៣.០០០​នាក់​,​ សាល​ហាត់​ខាងក្នុង​(Indoor​ Sports)​នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​៣,៦​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១៥.០០០​នាក់​,​ អាង​ហែល​ទឹក​នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​៣,៦​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៦.០០០​នាក់​,​ សាល​បាល់បោះ​ បាល់ទះ​ នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​១,៥​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១.៥០០​នាក់​,​ សាល​ហាត់​សាច់ដុំ​ នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​១,៥​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១.៥០០​នាក់​,​ សាល​កាយសម្ព័ន្ធ​ នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​២,១​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣.៧០០​នាក់​,​ សាល​វាយ​សី​ វាយ​កូន​ឃ្លី​លើ​តុ​ នៅ​លើ​ផ្ទៃក្រឡា​ដី​ទំហំ​២,១​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣.៧០០​នាក់​ និង​សាល​កាយសម្ព័ន្ធ​កីឡា​ប្រពៃណី​ នៅ​លើ​ក្រឡា​ផ្ទៃដី​ទំហំ​២,១​ហិ​កតា​ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​៣.៧០០​នាក់​ ។​ រីឯ​អគារ​ស្នាក់​នៅ​ និង​អាហារ​ដ្ឋា​ន​ នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ទំហំ​២,២​ហិ​កតា​ ដោយ​មាន​អគារ​កម្ពស់​៦​ជាន់​ចំនួន​៤​អគារ​ និង​កម្ពស់​៨​ជាន់​ចំនួន​៤​អគារ​ ក្នុង​នោះ​មាន​បន្ទប់​សរុប​ចំនួន​៤០០​ និង​អាហារ​ដ្ឋា​ន​ចំនួន​២​កន្លែង​ ៕​

Urban Voice Cambodia

Urban Voice Cambodia