​សាលា​រាជធានី​ភ្នំពេញ​គ្រោង​ស្តារ​អាង​ស្ដុក​ទឹក​បឹងត្របែក​ខាងត្បូង​និង​ខាងជើង​​
Posted On : February, 22, 2015 | By សំឡេងទីក្រុង

ដោយ៖​ ឡេង ចាន់​រតនា​​ | ថ្ងៃអាទិត្យ ទី22 កុម្ភៈ 2015| VOD

សាលា​រាជធានី​ភ្នំពេញ គ្រោង​ស្តារ​អាង​ស្តុក​ទឹកបឹងត្របែក​ខាងជើង និង​ខាងត្បូង ដើម្បី​រៀបចំរបៀបរៀបរយសោភ័ណភាព​ទីក្រុង  និង ការពារ​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ ​​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ឲ្យ​VOD​ដឹងថា ក្រុម​ការងារ​បាន​ចុះ​ទៅ​សិក្សា​ស្រាវជ្រាវនិង​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​ដើម្បី​ចាត់​វិធានការ​ស្ដា​រអាង​ស្ដុក​ទឹក​បឹងត្របែក​ខាងត្បូងនិង​ខាងជើង ​។ លោក​បន្ដថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​រំលោភ​បំពាន​ទៅ​លើ​ផ្ទៃ​បឹងត្របែកនិង​ការ​ស្នាក់នៅ​គ្មាន​របៀបរៀបរយ​នៅ​ជុំវិញ​មាត់​បឹង​ត្របែកក្រុមការងារ​កំពុង​ដោះស្រាយ​ជូន​ពួកគាត់​ឲ្យមាន​សណ្ដាប់ធ្នាប់​ឡើងវិញ ​។​

​នៅ​ក្នុង​ទំព័​រហេ្វ​សបុ​ក​របស់​សាលា​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា អាជ្ញាធរ​រាជធានី បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កាលពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ ដើម្បី​រៀបចំ​ដោះស្រាយ​ស្តារ​អាង​ស្តុក​ទឹក​នេះ​ ។ ទោះ​យ៉ាងណា​សាលា​រាជធានី​មិន​កំណត់ថា ដំណើរការ​នៃ​ការស្តារ​នេះ ចាប់ផ្តើម​ពេលណា​នៅឡើយ​ទេ ៕

Urban Voice Cambodia

Urban Voice Cambodia