អ្នក​មាន​ជម្លោះ​ដីធ្លី​ស្នើ​សភា​​ដក​​លោក កែប ជុតិមា ចេញ​ពី​តំណែង
Posted On : June, 4, 2015 | By សំឡេងទីក្រុង

1
6អ្នក​មាន​ជម្លោះដីធ្លី​នៅ​រាជធានី​ភ្នំពេញ ប្រមាណ ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ឲ្យ​រដ្ឋ​សភា​ដក​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ លោក កែប ជុតិមា ចេញ​ពី​តំណែង។ ក្រុម​អ្នក​មាន​ជម្លោះដីធ្លី​ចាត់​ទុក​ទង្វើ​របស់​លោក កែប ជុតិមា កាល​លោក​នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ ថា​បាន​បំផ្លាញ​សេចក្ដី​សុខ ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​វេទនា និង​បាត់បង់​ដីធ្លី។ ក្រុម​អ្នក​តវ៉ា​ស្នើ​រដ្ឋសភា ពិនិត្យ និង​ពិចារណា​ឡើង​វិញ​ចំពោះ​ទង្វើ​របស់​លោក កែប ជុតិមា និង​ដក​តំណែង​តំណាងរាស្ត្រ​រូប​នេះ​ចេញ​ជា​បន្ទាន់។

​​ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី​ដែល​រួមមាន សហគមន៍​បឹងកក់ អតីត​បឹងកក់ សហគមន៍ អេស.អូ.អេស (SOS) ប្រ​លាន​យន្តហោះ និង​សហគមន៍​បុរីកីឡា បាន​ប្រដូច​ទង្វើ​របស់​លោក កែប ជុតិមា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​នឹង​អតីត​មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច នា​សម័យ ប៉ុល ពត និង​ស្នើ​រដ្ឋ​សភា​ទម្លាក់​លោក កែប ជុតិមា ចេញ​ពី​តំណែង​តំណាងរាស្ត្រ។

​តំណាង​បណ្ដាញ​ស្ត្រី​អតីត​សហគមន៍​បឹងកក់ ដែល​បាន​ចូលរួម​តវ៉ា​ទាមទារ​ក្នុង​ចំណោម​សហគមន៍​ទាំង​៤ លោកស្រី ស៊ា ណារ៉េត បាន​និយាយ​ថា ការ​ឡើង​តវ៉ា​របស់​ក្រុម​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ទុក្ខវេទនា​របស់​អ្នក​រង​គ្រោះ​ដីធ្លី ដែល​ទទួល​ពី​ទង្វើ និង​ការ​បំផ្លិចបំផ្លាញ​របស់​លោក កែប ជុតិមា ដោយសារ​តែ​យក​ដី​ពលរដ្ឋ​ទៅ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន៖ «យើង​មិន​អាច​ទុក លោក កែប ជុតិមា នៅ​ជា​តំណាង​រាស្ត្រ និង​ជា​អ្នក​ដឹក​នាំ​រាស្ត្រ​ត​ទៅ​ទៀត​បាន​ទេ ចឹង​រាស្ត្រ​នៅ​តែ​រង​ទុក្ខ​វេទនា​ខ្លោចផ្សា ចឹង​ខ្ញុំ​សូម​ឲ្យ​សភា​ដក លោក កែប ជុតិមា ចេញ​ពី​តំណែង ព្រោះ​គាត់​បាន​បំផ្លាញ​សេចក្តី​សុខ​រាស្ត្រ​ច្រើន​ណាស់»

​ចំណែក​ឯ​តំណាង​សហគមន៍​បឹងកក់ លោកស្រី យ៉ោម បុប្ផា បាន​ឲ្យ​ដឹង​ថា កន្លងមក​ទោះ​បី​ជា​សាលាក្រុង​ភ្នំពេញ បាន​សម្រុះសម្រួល​ជាមួយ​អ្នក​តំបន់​បឹងកក់ ថា​នឹង​ទូទាត់​សំណង​ជា​ផ្ទះ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។ លោកស្រី​ជំរុញ​រដ្ឋសភា​ដោះស្រាយ​បញ្ហា​ដីធ្លី​តំបន់​បឹងកក់ និង​តំបន់​រងគ្រោះ​ដីធ្លី​ទាំង​អស់​ឲ្យ​បាន​ដាច់ស្រេច និង​ទម្លាក់​តំណែង​លោក កែប ជុតិមា ដែល​ជា​ជន​ឧក្រិដ្ឋ​ធ្វើ​ឲ្យ​រាស្ត្រ​រង​ទឹក​ភ្នែក៖ «ខ្ញុំ​យល់​ថា លោក កែប ជុតិមា ធ្វើ​ឲ្យ​រាស្ត្រ​រាប់​ម៉ឺន​គ្រួសារ​រង​ទឹក​ភ្នែក ដោយសារ​ការ​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ ទង្វើ​របស់​គាត់​ធ្វើ​ឲ្យ​រាស្ត្រ​ខ្លះ បាត់​បង់​ជីវិត ជាប់​គុក មាន​ជំងឺ​បាក់​ទឹក​ចិត្ត គ្រួសារ​បែក​បាក់​គ្នា កូន​មិន​បាន​ទៅ​រៀន ខ្ញុំ​សង្ឃឹម​ថា​សភា​នឹង​ទម្លាក់​តំណែង​តំណាង​រាស្ត្រ​រូប​នេះ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក កែប ជុតិមា តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ  នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា បាន​នៅ​ឡើយ។

​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៅ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាមដាន​ករណី​នេះ ឲ្យ​ដឹង​ថា ពលរដ្ឋ​យល់​ថា លោក កែប ជុតិមា ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ទទួល​ភាព​អយុត្តិធម៌។ លោក​ជំរុញ​ឲ្យ​ស្ថាប័ន​ជាតិ​មួយ​នេះ​ស៊ើប​អង្កេត​ករណី​នេះ​ដើម្បី​ជម្រះ​ មន្ទិល​ដល់​អ្នក​តវ៉ា ព្រម​ទាំង​ពន្លឿន​ដោះស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​តំបន់​ទាំង​នេះ​ឲ្យ​បាន​ ឆាប់៖ «ខ្ញុំ​គិត​ថា​រឿង​នេះ បើ​សិន​ជា​ពន្លឿន​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស ចឹង​ពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​នឹង​លែង​តវ៉ា​ទាមទារ ហើយ​ដូច្នេះ​ខ្ញុំ​ឲ្យ​សភា​ជួយ​ពន្លឿន​ដោះស្រាយ​បញ្ហា​ពួក​គាត់​ទាំង​នោះ»

​ឆ្លើយ​តប​ចំពោះ​រឿង​នេះ ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់ទំនង​ព្រឹទ្ធ​សភា និង​រដ្ឋ​សភា លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា រដ្ឋសភា​បាន​ទទួល​សំណើ​របស់​ពលរដ្ឋ​ទាំង​នោះ​រួច​ហើយ តែ​រដ្ឋសភា​មិន​មាន​សិទ្ធិ​ដក​តំណែង​តំណាងរាស្ត្រ​ណា​ម្នាក់​ឡើយ។ លោក​ថា តំណាងរាស្ត្រ​កើត​ចេញ​ពី​ការ​បោះឆ្នោត​របស់​រាស្ត្រ ដូច្នេះ​ការ​ដក​តំណែង​អាស្រ័យ​លើ​រាស្ត្រ​តាម​ការ​បោះឆ្នោត​ប៉ុណ្ណោះ។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង ថា​បញ្ហា​ដីធ្លី​របស់​ពលរដ្ឋ សភា​បាន​ដាក់​សំណើ​ទៅ​សាលា​រាជធានី​សុំ​ឲ្យ​ពន្លឿន​លើ​ការ​ដោះស្រាយ៖ «ខាង ​រដ្ឋសភា បាន​ទទួល​សំណើ និង​សំណូមពរ​របស់​គាត់​ហើយ ហើយ​ក៏​បាន​បញ្ជូន​សំណើ​នេះ​ទៅ​កាន់​សាលា​ក្រុង​ភ្នំពេញ​ហើយ​ដែរ ដើម្បី​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បាន​ឆាប់»

​ក្រុម​អ្នក​ជម្លោះ​ដីធ្លី​យល់​ថា ការ​យឺតយ៉ាវ​ដោះស្រាយ​ករណី​ដីធ្លី​បណ្ដោយ​ឲ្យ​បន្ត​អូស​បន្លាយ​មក​ដល់​ បច្ចុប្បន្ន​នេះ កើត​ចេញ​ពី​ការ​កុហក​បោកប្រាស់​របស់​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ៕

Urban Voice Cambodia

Urban Voice Cambodia