អាជ្ញាធរ​ កំណត់​ពេល​​ដោះស្រាយ​​ជម្លោះ​ដី​នៅ​​បឹងកក់ ​ឲ្យ​​ចប់​ត្រឹម​​ខែ​មីនា​
Posted On : February, 19, 2015 | By សំឡេងទីក្រុង

ដោយ លី ម៉េងហួរ, ចុះផ្សាយ​នៅ​ថ្ងៃ 19/02/2015, ប្រភព RFI

អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​ឱសានវាទ ត្រឹម​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់។ ក៏ប៉ុន្តែ​ចំនួន​អ្នកភូមិ​បឹងកក់ ដែល​នៅ​សេសសល់ មិនទាន់​ទទួលបាន​ដី​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ត្រូវ​ដោះស្រាយ​បញ្ចប់​នោះ គឺ​អាជ្ញាធរ និង​សហគមន៍​បឹងកក់ រាប់​ចំនួន មិន​ដូចគ្នា​ទេ។ តំណាង​សហគមន៍​បឹងកក់ អះអាងថា នៅសល់ ៥៧ គ្រួសារ តែ​អាជ្ញាធរ ស្រង់​ស្ថិតិ​ត្រឹម​ជាង ២០ គ្រួសារ​ប៉ុណ្ណោះ ដែល​ត្រូវ​ដោះស្រាយ តាម​គោលការណ៍​ដី​មួយ​ឡូត៍ ទំហំ ៤ គុណ ១៨ ម៉ែត្រ ក្នុង​តំបន់​បឹងកក់ ១២,៤៤ ហិកតា។

 

គណៈកម្មការ​អភិវឌ្ឍ​ន៍​តំបន់​បឹងកក់ ដឹកនាំ​ដោយ​លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ កាលពី​រសៀល​ថ្ងៃទី១៧កុម្ភៈ ជាមួយ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង​ក្រុមហ៊ុន សូ​កា​គូ អ៊ិន។ កិច្ចប្រជុំ បានសម្រេច​ជំរុញ​ការងារ​ដោះស្រាយ​ផលប៉ះពាល់ ដែល​ត្រូវធ្វើ​ការចរចា និង​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ ក្នុង​តំបន់​បឹងកក់​ឲ្យ​បាន​រួចរាល់ ក្នុង​ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។

លោកឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា យ៉ាងយូរ ត្រឹម​ខែមីនា អាជ្ញាធរ នឹង​សម្របសម្រួល​ជាមួយ​គ្រួសារ​អ្នក​សេសសល់ មិនទាន់​ដោះស្រាយ នៅ​បឹងកក់ ដើម្បី​បញ្ចប់​បញ្ហា​ជម្លោះ។ ជាគោលការណ៍ អាជ្ញាធរ​សម្រេច​ផ្តល់ជូន​ពួកគាត់ ១ គ្រួសារ ទទួលបាន​ដី ១ ឡូត៍ ទំហំ ៤ គុណ ១៨ ម៉ែត្រ។ ដី​នោះ ស្ថិតក្នុង​តំបន់ ១២,៤៤ ហិកតា ក្នុង​តំបន់​បឹងកក់ ដែល​រដ្ឋាភិបាល បានសម្រេច​កាត់​ចេញពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន។

តើ​ចំនួន​អ្នកភូមិ​បឹងកក់ ដែល​នៅ​សេសសល់ ត្រូវ​ដោះស្រាយ​បញ្ចប់​ត្រឹម​ខែមីនា មាន​ប៉ុន្មាន​គ្រួសារ? បញ្ហា​នេះ មិន​ត្រូវបាន​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់​នោះទេ ព្រោះ​តួលេខ​អាជ្ញាធរ និង​សហគមន៍​ខុសគ្នា។

បើតាម​តំណាង​សហគមន៍​បឹងកក់ លោក ចាន់ ពុទ្ធិ​ស័ក្តិ នៅមាន​ប្រជាពលរដ្ឋ ៥៧ គ្រួសារ​ទៀត ដែល​មិនទាន់​ដោះស្រាយ នៅ​បឹងកក់។ ប៉ុន្តែ​លោក ចាន់ ពុទ្ធិ​ស័ក្តិ ព្រួយបារម្ភ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ១ ចំនួន ១៦ គ្រួសារ រួមទាំង​រូបលោក ដែល​ស្ថិត​នៅជាប់​ផ្លូវ​រថភ្លើង អាច​នឹងមិន​ទទួលបាន​គោលការណ៍​ដោះស្រាយ​នូវ​ដី​ទំហំ ៤ គុណ ១៨ ម៉ែត្រ ព្រោះ​អាជ្ញាធរ អះអាងថា នៅ​តំបន់​បឹងកក់​នោះ មាន​ប្រជាពលរដ្ឋ​តែ​ជាង ២០ គ្រួសារ​ទេ ដែល​មិនទាន់​ដោះស្រាយ។

ម្យ៉ាងទៀត តំណាង​សហគមន៍​បឹងកក់ ក៏​បារម្ភ​ថា អ្នក​ដែលមាន​ដីធំៗ អាច​នឹងមិន​ទទួលយក​គោលការណ៍​ដីឡូត៍ ៤ គុណ ១៨ ម៉ែត្រ ហើយ​បើសិន​ជាមាន​ប្រជាពលរដ្ឋ ១ ចំនួន ត្រូវ​អាជ្ញាធរ​មិន​ដោះស្រាយ​ឲ្យ​ដី ដោយ​សំអាងថា កន្លងមក កាន់កាប់​ដី​មិន​ស្របច្បាប់ នោះ​ការតវ៉ា នឹង​នៅតែ​បន្ត។

យ៉ាងណាក៏ដោយ លោក ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា អាជ្ញាធរ​អាច​ពិនិត្យ និង​សម្របសម្រួល​តាម​ស្ថានភាព​ជាក់ស្តែង ជាមួយ​គ្រួសារ​អ្នកមាន​ដីធំៗ ព្រមទាំង​សម្របសម្រួល​នឹង​អ្នក​ដែល​កាន់កាប់​ដី​មិន​ស្របច្បាប់​កន្លងមក ដើម្បី​ឈានទៅ​បញ្ចប់​ជម្លោះ ដែល​បាន​កើតឡើង​តាំងពី​ឆ្នាំ២០០៦៕

Urban Voice Cambodia

Urban Voice Cambodia