អាជីវករ​ផ្សារ​សូរិយា​តវ៉ា​ទាមទារ​ឲ្យ​បញ្ចុះ​ថ្លៃ​តូប​៣០​ភាគរយ​​
Posted On : February, 11, 2015 | By សំឡេងទីក្រុង

ដោយ៖​ ជន ស្រី​ណុ​ច​​ | ថ្ងៃពុធ ទី11 កុម្ភៈ 2015, VOD

អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ទំនើប​សូរិយា​មាន​គ្នា​ប្រមាណ​១០០​នាក់​នាំគ្នា​តវ៉ា​នៅ​មុខ​អគារ​ផ្សារ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ទាមទារ​ឲ្យ​ចុះថ្លៃ​ជួល​តូប​៣០​ភាគរយ ដោយ​ពួកគេ​អះអាង​ថា​លក់​មិនសូវ​ដាច់ ។​

​ក្រុមអាជីវករ​តវ៉ា​អះអាងថា ពួកគេ​ប្រមាណ​៧០​ភាគរយ​នៃ​អាជីវករ​ក្នុង​ផ្សារ​នាំគ្នា​បិទ​តូប​នៅ​ថ្ងៃនេះ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​ចុះថ្លៃ​ជួល​តូប ដោយសារ​ការលក់ដូរ​សព្វថ្ងៃ​មិន​សូវ​ដាច់ ហើយ​បើ​ថ្លៃ​តូប​នៅ​តែ​ថ្លៃ​នោះ ពួកគេ​នឹង​មិន​មាន​លទ្ធភាព​បង់​នោះ​ទេ ។

​តំណាង​ផ្សារ​ដែល​ក្រុមអាជីវករ​ឲ្យដឹងថា​មានឈ្មោះ លោក ឡាំ សុភាព និង​អ្នកស្រី ជា សុខ​ហៀក បាន​ចេញមក​សំណូមពរ​ឲ្យ​ក្រុមអាជីវករ​បញ្ឈប់​ការតវ៉ា និង​ចូល​លក់ដូរ​តាម​ធម្មតា​វិញ​សិន ដោយ​សន្យាថា នៅ​រសៀល​ម៉ោង​៤​ថ្ងៃនេះ គណៈកម្មការ​ផ្សារ​នឹង​ប្រជុំ​ដើម្បី​ពិភាក្សា​លើ​ការស្នើសុំ​របស់​អាជីវក​រ ។​

​ទោះយ៉ាងណា ក្រុមអាជីវករ​មិន​ព្រម​ចូល​លក់​តាម​ការស្នើសុំ​ទេ ដោយ​ពួកគេ​ថា​ជា​ការសន្យា​ដដែលៗ ។ ក្រុមអាជីវករ​ក៏បាន​ស្រែក​ទាមទារ​ឲ្យ​ភាគី​ខាង​ផ្សារ​ដក​លោក ឡាំ សុភាព និង​អ្នកស្រី ជា សុខ​ហៀក ចេញ ដោយ​ពួកគេ​អះអាងថា អ្នក​ទាំង​ពីរ​មិន​គោរព​អាជីវករ ហើយ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ។​

VOD​មិនទាន់​អាច​សុំ​ការបកស្រាយ​ពី អ្នកស្រី ជា សុខ​ហៀក  និង​លោក ឡាំ សុភាព បាន​នៅឡើយ​ទេ ។​

​ក្នុងការ​តវ៉ា​នេះ ក្រុមអាជីវករ​ក៏​នាំគ្នា​លើក​បដា​ដែល​មាន​សរសេរ​ថា «​ប្រឆាំង​ដាច់ខាត​រាល់​ការ​កាត់ឈ្មោះ​សេង​តូប​ដែល​មាន​តម្លៃ​ខ្ពស់​ស្មើនឹង​លក់​ផ្ទះ​បង់ពន្ធ​»  ផងដែរ ៕

Urban Voice Cambodia

Urban Voice Cambodia