អគ្គិសនី​កម្ពុជា​នឹង​វាយ​តម្លៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​តាម​ផ្ទះ​ជួល​ឬ​បន្ទប់​ជួល
Posted On : January, 22, 2015 | By សំឡេងទីក្រុង

ដោយ ទេព សុរ៉ាវី, វិទ្យុអាស៊ីសេរី, ថ្ងៃទី ២២​ មករា ២០១៥

បន្ទាប់​ពី​មាន​ការ​ពិគ្រោះ​យោបល់​រវាង​មន្ត្រី​អគ្គិសនី​កម្ពុជា ជាមួយ​ម្ចាស់​ផ្ទះ​ជួល ឬ​បន្ទប់​ជួល​កាល​ពី​ថ្ងៃ​ទី​១៩ មករា អំពី​ការ​បញ្ចុះ​តម្លៃ​លក់​ភ្លើង​ជូន​កម្មករ​មក​នៅ​ត្រឹម ៦១០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​រួច​មក ខាង​អគ្គិសនី​កម្ពុជា សម្រេច​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​វាយ​តម្លៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​តាម​ផ្ទះ​ជួល​ទាំង​នោះ មុន​នឹង​រៀបចំ​ត​បណ្ដាញ​អគ្គិសនី​ជូន​កម្មករ​ប្រើប្រាស់​ក្នុង​តម្លៃ​ថោក។

អាជ្ញាធរ​អគ្គិសនី សន្យា​ថា​នឹង​សង​សំណង​សមរម្យ​ជូន​ម្ចាស់​ផ្ទះ​ជួល ក្នុង​ករណី​គណៈកម្មការ​ចុះ​ទៅ​វាយ​តម្លៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​ត្រឹមត្រូវ ឬ​មិន​ខុស​ឆ្ងាយ​ពី​ស្តង់ដារ​បច្ចេកទេស​របស់​អគ្គិសនី​កម្ពុជា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ កាល​ពី​ថ្ងៃ​ទី​២០ មករា បញ្ជាក់​ថា អគ្គិសនី​កម្ពុជា នឹង​បង្កើត​គណៈកម្មការ​ដើម្បី​វាយ​តម្លៃ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​របស់​ម្ចាស់​ផ្ទះ​ជួល។ ក្នុង​ករណី​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី​ទាំង​នោះ​ត្រឹមត្រូវ ឬ​មិន​ខុស​ឆ្ងាយ​ពី​ស្តង់ដារ​បច្ចេកទេស អគ្គិសនី​កម្ពុជា នឹង​ធ្វើ​ការ​ទូទាត់​សំណង​សមរម្យ​ជូន​ម្ចាស់​ផ្ទះ​ជួល​តាម​ជាក់ស្តែង។

ប៉ុន្តែ បើ​ករណី​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នោះ​មិន​ត្រឹមត្រូវ ឬ​ខុស​ឆ្ងាយ​ពី​ស្តង់ដារ​បច្ចេកទេស អគ្គិសនី​កម្ពុជា នឹង​វិនិយោគ​រៀបចំ​បណ្ដាញ​អគ្គិសនី​ថ្មី​ឡើង​វិញ ដើម្បី​ធានា​ការ​បាត់​បង់​ថាមពល​អគ្គិសនី និង​ធានា​បាន​នូវ​សុវត្ថិភាព​ដល់​អ្នក​ជួល​ផ្ទះ តាម​ស្តង់ដារ​របស់​អគ្គិសនី​កម្ពុជា ដែល​អនុវត្ត​ទូទាំង​ប្រទេស។

លោក កែវ រតនៈ ក៏​បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា នៅ​ពេល​ដែល​អគ្គិសនី​កម្ពុជា រៀបចំ​បណ្ដេញ​អគ្គិសនី​រួច​រាល់​ហើយ​នោះ អគ្គិសនី​កម្ពុជា នឹង​រៀបចំ​ទទួល​ពាក្យ​សុំ​ត​ចរន្ត និង​ទទួល​ប្រាក់​កក់​ពី​អ្នក​ជួល​ផ្ទះ ឬ​បន្ទប់​ជួល​ដោយ​ផ្ទាល់​នៅ​ទីតាំង​ប្រើប្រាស់ គឺ​ចាប់​ពី​ម៉ោង ៤​កន្លះ ដល់​ម៉ោង ៨​កន្លះ​យប់​រៀង​រាល់​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សៅរ៍។ រីឯ​ថ្ងៃ​អាទិត្យ ដែល​កម្មករ​ឈប់​សម្រាក មន្ត្រី​អគ្គិសនី​នឹង​ចុះ​ទៅ​ចាប់​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ៥​រសៀល។

យ៉ាង​ណា ការ​រៀបចំ​ត​បណ្ដាញ​អគ្គិសនី​ឲ្យ​កម្មករ​ប្រើ​ភ្លើង​ពី​រដ្ឋ​ដោយ​ផ្ទាល់​នេះ គឺ​តម្រូវ​ឲ្យ​កម្មករ​បង់​ប្រាក់​កក់​មុន ៣​ម៉ឺន ៥០០​រៀល ដើម្បី​បាន​ភ្លើង​ប្រើ។

លោក កែវ រតនៈ ធ្លាប់​បញ្ជាក់​ថា ប្រាក់​កក់​នោះ ខាង​អគ្គិសនី​កម្ពុជា នឹង​ប្រគល់​ឲ្យ​កម្មករ ឬ​អ្នក​ជួល​ផ្ទះ​វិញ​នៅ​ពេល​ដែល​ពួក​គេ​ឈប់​ស្នាក់នៅ​បន្ទប់​ជួល ដោយ​អាច​ស្នើសុំ​ដក​យក​ប្រាក់​ទាំង​នោះ ឬ​ក៏​ទូទាត់​ថ្លៃ​ភ្លើង​ប្រើ​ចុង​ក្រោយ៖ «គាត់​កក់ ៣​ម៉ឺន ៥០០​រៀល​ក្នុង ៥០​គីឡូវ៉ាត់​មួយ​ខែ គាត់​ប្រើ​បាន​តែ ២​អាទិត្យ អស់ ១០​គីឡូ ឬ ៥​គីឡូ គាត់​ឈប់ គាត់​យក​វិក្កយបត្រ​ដែល​គាត់​កក់​ទៅ​ដក​លុយ យើង​ឲ្យ​លុយ​គាត់​ភ្លាម នេះ​ជា​លុយ​គាត់»

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គិសនី​កម្ពុជា ក៏​បញ្ជាក់​ថា ក្នុង​ករណី​អ្នក​ជួល​ផ្ទះ ឬ​បន្ទប់​ជួល មិន​ប្រើប្រាស់​អគ្គិសនី ឬ​សូន្យ​គីឡូវ៉ាត់​ម៉ោង​ក្នុង​មួយ​ខែ​នោះ អគ្គិសនី​កម្ពុជា តម្រូវ​ឲ្យ​ម្ចាស់​ផ្ទះ​ត្រូវ​បង់​ថ្លៃ​សេវាកម្ម​ថែទាំ​ប្រព័ន្ធ​នាឡិកា​ស្ទង់​ចំនួន ៣​ពាន់​រៀល​ក្នុង​មួយ​ខែ ឬ​បើ​មិន​ដូច្នោះ​ទេ ម្ចាស់​ផ្ទះ​អាច​ជ្រើស​រើស​វិធី​រាយការណ៍​ទៅ​អាជ្ញាធរ​អគ្គិសនី ដើម្បី​មក​ដោះ​បញ្ឈប់​ប្រព័ន្ធ​នាឡិកា​ស្ទង់​នោះ​ចេញ​ពី​ផ្ទះ​ជួល។ ចំពោះ​ការ​ទារ​បំណុល​ក្នុង​ការ​ប្រើប្រាស់​អគ្គិសនី និង​បំណុល​ផ្សេងៗ គឺ​ជា​ភារកិច្ច​របស់​អគ្គិសនី​កម្ពុជា។ តែ​ក្នុង​វិក្កយបត្រ​ប្រើប្រាស់​អគ្គិសនី​របស់​អ្នក​ជួល មិន​ទាន់​មាន​បូក​ថ្លៃ​សំរាម​នៅ​ឡើយ​ទេ ដោយ​ការងារ​កំណត់​ថ្លៃ​សំរាម​នេះ ជា​ភារកិច្ច​របស់​គណៈកម្មការ​ដោយ​ឡែក​មួយ​ទៀត ដែល​ដឹក​នាំ​ដោយ​សាលា​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា ក៏​ស្នើសុំ​កិច្ច​សហការ​ជាមួយ​ម្ចាស់​ផ្ទះ​ជួល ដើម្បី​អនុវត្ត​ច្បាប់​ស្ដីពី​អគ្គិសនី និង​គោល​នយោបាយ​របស់​រដ្ឋាភិបាល និង​អនុញ្ញាត​ឲ្យ​អ្នក​បច្ចេកទេស​អគ្គិសនី​កម្ពុជា ចេញ​ចូល​ផ្ទះ​រៀបចំ​ត​បណ្ដាញ​ថ្មី ឬ​កែ​សម្រួល​បណ្ដេញ​ចាស់ ក្នុង​ពេល​គណៈកម្មការ​វាយ​តម្លៃ​ហេដ្ឋារចនាសម្ព័ន្ធ​ចុះ​ទៅ​អនុវត្ត។

ម្ចាស់​ផ្ទះ​ជួល​ម្នាក់​នៅ​សង្កាត់​ចោមចៅ លោកស្រី សោ ម៉ ឲ្យ​ដឹង​ថា គាត់​មិន​ជំទាស់​នឹង​គម្រោង​របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ទេ។ លោកស្រី​រំឭក​ថា អ្នក​ជួល​ផ្ទះ​ដែល​ភាគ​ច្រើន​ជា​កម្មករ​រោងចក្រ តែង​ផ្លាស់​ប្ដូរ​ទីកន្លែង​ស្នាក់​នៅ​ញឹកញាប់។ ដូច្នេះ បើ​ពួក​គេ​មិន​បង់​ថ្លៃ​ភ្លើង នោះ​លោកស្រី​ជា​ម្ចាស់​ផ្ទះ​នឹង​មិន​ទទួល​ខុស​ត្រូវ​ឡើយ។

ម្ចាស់​ផ្ទះ​ម្នាក់​ទៀត លោកស្រី ណារី បញ្ជាក់​ថា លោកស្រី​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​នេះ​ទេ ប៉ុន្តែ​ក៏​មិន​ដឹង​ប្រឆាំង​យ៉ាង​ម៉េច​ដែរ៖ «យើង​ជំទាស់​តែ​ឯង​ក៏​ពិបាក​ដែរ និយាយ​ឲ្យ​ចំ​បើ​រដ្ឋាភិបាល​ជួយ​ខ្មែរ មិន​មែន​ជួយ​តែ​កម្មករ​ទេ កម្មករ​ជា​ខ្មែរ អ្នក​មាន​ផ្ទះ​ជួល​ក៏​ជា​ខ្មែរ​ដែរ»

អគ្គិសនី​កម្ពុជា (EDC) ត្រៀម​ប្រាក់​ចន្លោះ ២​លាន​ទៅ ៣​លាន​ដុល្លារ សម្រាប់​ដាក់​កុងទ័រ​តាម​បន្ទប់​ជួល​ឲ្យ​កម្មករ ដើម្បី​ធានា​ថា ពួក​គេ​អាច​ប្រើប្រាស់​អគ្គិសនី​ពី​រដ្ឋ​ក្នុង​តម្លៃ​ថោក៕

Urban Voice Cambodia

Urban Voice Cambodia