សាលា​រាជធានី ប្រកាស​ជ្រើសរើស​អ្នកបើក​រថយន្ត​ក្រុង​ចំនួន​៩០​នាក់​​
Posted On : September, 4, 2014 | By សំឡេងទីក្រុង

សំឡេងប្រជាធិប្បតេយ្យ ដោយ ឡាយ សាមាន ថ្ងៃពុធ ទី27 សីហា 2014, 04:15 PM​

សាលា​រាជធានី​ភ្នំពេញ ត្រូវ​ការជ្រើសរើស​អ្នកបើកបរ​រថយន្តក្រុង​ទាំង​ពីរ​ភេទ​ចំនួន​៩០​នាក់ ដែល​មាន​បទពិសោធន៍​ក្នុង​ការបើកបរ នឹង​មាន​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ការងារ​។​

​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បញ្ជាក់ថា បេក្ខជន​ជ្រើសរើស​ត្រូវ​មាន​លក្ខណៈសម្បត្តិ​រួម​មាន​សញ្ជាតិ​ខ្មែរ ត្រូវ​មាន​អាយុ​ចន្លោះ​ពី​២៥​ដល់​៥០​ឆ្នាំ ត្រូវ​មាន​កាយសម្បទា​គ្រប់គ្រាន់​(​វិញ្ញាបនបត្រ​បញ្ជាក់​ពី​នាយកដ្ឋាន​ពេទ្យ​ការងារ មាន​ប័ណ្ណបើកបរ​ប្រភេទ ឃ​២ ចេញ​ដោយ​ស្ថាន​ប័ន​មាន​សមត្ថកិច្ច មាន​បទពិសោធន៍​បើកបរ​រថយន្ត​ប្រភេទ ឃ​២ យ៉ាងតិច​២​ឆ្នាំ​។ សេចក្តីជូនដំណឹង​បន្តថា បេក្ខជន​ត្រូវមាន​អត្ត​ចរិក​ស្លូតបូត សុភាពរាបសារ ចេះ​រាក់ទាក់​ចំពោះ​ភ្ញៀវ មិន​ធ្លាប់​ប្រព្រឹត្ត​បទល្មើស និង​មិន​សេព​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​ជាដើម​។​

សេចក្តីជូនដំណឹង​ខាងលើ ឲ្យដឹងថា បេក្ខជន​អាចមក​ទំនាក់ទំនង​សាកសួរ​ព័ត៌មាន​លម្អិត​បន្ថែម នៅ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស សាលា​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​អាគារ​លេខ ៦៩ មហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រៀង​រាល់​ម៉ោង​ធ្វើការ​។​

​សេចក្តីជូនដំណឹង​បញ្ជាក់ថា កាលបរិច្ឆេទ​ទួល​ពាក្យ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ នឹង​ផុតកំណត់​ទទួល​ពាក្យ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០១៤ វេលា​ម៉ោង ៥:០០​ល្ងាច​។​

​ការជ្រើសរើស​នេះ​បន្ទាប់​ពី សាលា​រាជធានី​ភ្នំពេញ​ប្រកាស​នឹងដាក់​រថយន្តក្រុង​ចំនួន ៤០​គ្រឿង នៅលើ​ផ្លូវ​៣​ខ្សែ​បន្ថែមទៀត​រួមមាន ខ្សែ​ទី​១​ពី​គីឡូ​ម៉ែត​លេខ​១១​ទៅ​ដល់​វត្តក្តី​តាកុយ (​ផ្លូវជាតិ​លេខ​១) ខ្សែ​ទី​២​ពី​ផ្លូវ​គីម អ៊ី​ល​ស៊ុង កាត់​តាម​ផ្លូវ​ម៉ៅ​សេទុង រហូត​ដល់​តាខ្មៅ និង​ខ្សែ​ទី​៣​ចាប់​ពី​ផ្សារ​រាត្រី ផ្សារ​ចាស់ ឡើង​មក​ផ្លូវ​កម្ពុជា​ក្រោម មក​ផ្លូវ​សហព័ន្ធ​រុស្សី​រហូតដល់​ចោមចៅ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ ការបំពុល​បរិស្ថាន និង​គ្រោះថ្នាក់​ក្នុង​រាជធានី​ភ្នំពេញ​។​

​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​សម្ពោធ​ឲ្យប្រើ​ប្រាស់​រថយន្ត​ក្រុង​ខ្សែ​ដំបូង កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ចេញដំណើរ​ពី​មុខ​ស្ថានទូត​បារាំង ឆ្ពោះ​ទៅ​ស្ពាន​មុនី​វង្ស ច្បារអំពៅ រាជធានី​ភ្នំពេញ​៕

Urban Voice Cambodia

Urban Voice Cambodia