សាលា​រាជធានី​នឹង​កោះ​ហៅ​សហជីព​មក​ពិភាក្សា​ពី​ការ​ជួបជុំ​កម្មករ​នៅ​ថ្ងៃ​ទិវា​ពលកម្ម​អន្តរជាតិ
Posted On : April, 23, 2015 | By សំឡេងទីក្រុង

Wed, 22 April 2015 ឆាយ ច័ន្ទនីដា Source:(Post Khmer)

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ​​តំណាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ មក​ជួប​ប្រជុំ​ក្នុង​សប្តាហ៍​នេះ ក្រោយ​ការ​ដាក់​លិខិត​ប្រាប់​ពី​ការ​គ្រោង​ជួប​ជុំ​កម្មករ​កម្មការិនី​ចំនួន ៣០០០ នាក់​ រៀប​ចំ​ទិវា​ពលកម្ម​អន្តរជាតិ​ លើក​ទី​ ១២៩​ នា​ថ្ងៃ​១ ខែ​ឧសភា​ខាង​មុខ​នេះ នៅ​ទី​លាន​​ប្រជាធិបតេយ្យ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​នឹង​ជួប​ពិភាក្សា​លម្អិត​ពី​ផែន​ការ​នៃ​ការ​ជួប​ជុំ​មនុស្ស​ រាប់​ពាន់​នាក់​នេះ ដែល​សាលា​រាជធានី អាច​អនុញ្ញាត​បាន​ត្រឹមតែ​ក្រោម​ ២០០ នាក់​ប៉ុណ្ណោះ តែ​យ៉ាង​ណា សាលា​​ក្រុង​នឹង​សុំ​គោល​ការណ៍​ ទៅ​កាន់​ថ្នាក់​លើ​ទៀត។

លោក ប៉ាវ​ ស៊ីណា ប្រធាន​សម្ព័ន្ធសហជីព​ចលនា​កម្មករ បាន​ឲ្យ​ដឹង​ថា ទិវា​ពលកម្ម​ ដែល រៀប​ចំ​លើក​នេះ គឺ​ដើម្បី​សម្តែង​មតិ​ជា​កង្វល់​របស់​កម្មករ​និយោជិត​ពាក់​ព័ន្ធ​នឹង​វិស័យ​ កាត់​ដេរ ហើយ​ជា​ពិសេស​ស្នើ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា បន្ថែម​ទៀត។

លោក​បន្ត​ថា៖ «ក្រោយ​ពី​ថ្លែង​សុន្ទរកថា​រួច​ហើយ យើង​នឹង​ហែក្បួន ទៅ​កាន់​ស្ថានទូត​នានា​ដើម្បី​ដាក់​ញត្តិ​រួម​មាន​ ស្ថាន​ទូត​សហរដ្ឋ​អាមេរិក សហគមន៍​អឺរ៉ុប និង​រដ្ឋសភា​ជាតិ»។

លោក​បញ្ជាក់​ថា ក្នុង​ញត្តិ​ដែល​ដាក់ជូន​ស្ថាប័ន​ទាំងនោះ​រួម​មាន​ ៨ ចំណុច​សំខាន់ៗ ដែល​ក្នុង​នោះ ស្នើ​ឲ្យ​មាន​ការ​ចាត់​វិធានការ​ចំពោះ​ការ​ធ្វើ​កិច្ច​សន្យា​ខ្លី​ជូន​ កម្មករ ការ​ស្នើ​ឲ្យ​មាន​ការ​ដក​ពាក្យ​បណ្តឹង​នៅ​តុលាការ​ប្រឆាំង​ថ្នាក់​ដឹក​នាំ​ សហជីព ដែល​តស៊ូ​មតិ​ដើម្បី​កម្មករ ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ស្វែង​រក​ចាប់ជន​ល្មើស​ដែល​ប្រព្រឹត្ត​កំហុស​ នៅ​ក្នុង​ហេតុ​ការណ៍​ហិង្សា​ នៅ​ផ្លូវ​វេងស្រេង ការ​សុំ​ឲ្យ​បញ្ចូល​ច្បាប់​ឈប់​សម្រាក​លម្ហែ​មាតុភាព ទៅ​ក្នុង​របប​ជាតិ​សន្តិសុខ​សង្គម និង​សុំ​ឲ្យ​បើក​ប្រាក់​ឈ្នួល​ ១០០ ​ភាគរយ​ដល់​កម្មករ​សម្រាក​មាតុភាព។

លោក​បញ្ជាក់ថា សម្ព័ន្ធនេះ បាន​ដាក់​លិខិត​ទៅ​សាលា​រាជធានី ជា​ការ​ជម្រាប​ជា​ដំណឹង ហើយ​បើ​សិន​មិន​មាន​ការ​អនុញ្ញាត​ នោះ​ពួកគេ​នឹង​នៅ​តែ​ប្រារព្ធ​ដដែល។​

អ្នក​នាំ​ពាក្យ​​សា​លា​រាជធានី លោក ឡុង ​ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា៖ «តាម​ច្បាប់​ស្តី​ពី​បាតុកម្ម​ដោយ​​សន្តិ​វិធី សាលា​រាជធានី ខេត្ត អាច​អនុញ្ញាត​ឲ្យ​មនុស្ស​ក្រោម​ ២០០ ​នាក់​ចូល​រួម បើ​លើស​ពីហ្នឹង មាន​តែ​សុំ​គោលការណ៍​ទៅ​ថ្នាក់​លើ​ជា​អ្នក​សម្រេច»។

លោក​ថា សាលា​រាជធានី ក៏​នឹង​ពិភាក្សា​ជាមួយ​មន្ត្រី​សម្ព័ន្ធពី​ផែន​ការ​លម្អិត​ផង​ដែរ ដើម្បី​រៀប​ចំ​សន្តិសុខ ​សុវត្ថិភាព​និង​​សណ្តាប់​ធ្នាប់​​នៅ​កន្លែង​​ប្រារព្ធ​ពិធី ក្នុង​ករណី​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ៕

Urban Voice Cambodia

Urban Voice Cambodia