សាលា​រាជធានីភ្នំពេញ ​ស្ថាបនា​ផ្លូវ​ដែក​ដែល​មិន​ប្រើ​ការទៅ​ជា​ផ្លូវ​បេតុង
Posted On : December, 21, 2016 | By សំឡេងទីក្រុង

ប្រភព៖ khmertime

សាលារាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ បានបើកការដ្ឋានស្ថាបនាអភិវឌ្ឍន៍ពីផ្លូវដែកដែលមិនប្រើការ ទៅជាផ្លូវបេតុងពីចំណុចស្ថានីយរថភ្លើងនៅតំបន់បឹងកក់ទៅកាន់ផ្លូវជាតិលេខ៥និងប្រកាសពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីផ្លូវបេតុងថ្មីនេះទៅផ្លូវជាតិលេខ៦អាដើម្បីពង្រីកវិសាលភាពប្រព័ន្ធចរាចរណ៍ក្នុងរាជធានីភ្នំពេញខណៈដែលប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវដែកនេះបានបង្ហាញការព្រួយបារម្ភពីការបាត់បង់លំនៅឋានព្រោះតែពួកគាត់នៅពុំទាន់បានទទួលព័ត៌មានជាក់លាក់ពីការអភិវឌ្ឍនេះ។


អភិបាលសាលារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងក្នុងពិធីនេះថា ការស្ថាបនាផ្លូវបេតុងជំនួសឲ្យផ្លូវរថភ្លើងដែលមិនដំណើរការនេះគឺមានសារសំខាន់ណាស់សម្រាប់បម្រើចរាចរណ៍ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ជុំវិញនោះ ពិសេសជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញស្របពេលដែលការប្រើប្រាស់យានយន្តមានការកើនឡើងនាពេលបច្ចុប្បន្ននេះ។លោកថា៖ «ការងារដែលយើងត្រូវដោះស្រាយនេះ គឺយើងលុបចោលនូវខ្សែដែកនេះទាំងស្រុង មានន័យថា ផ្លូវដែកនេះលែងចាំបាច់ដូចជំនាន់មុនទៀតហើយ»។

សម្រាប់ផលប៉ះពាល់ទៅលើលំនៅឋានប្រជាពលរដ្ឋវិញលោកបានបញ្ជាក់ថាក្រុមការងាររបស់សាលារាជធានីនឹងចុះទៅរកដំណោះស្រាយជាមួយប្រជាពលរដ្ឋរស់នៅអមសង្ខាងផ្លូវដែកដែលរងផលប៉ះពាល់ហើយការដោះស្រាយនឹងមិនតម្រូវឲ្យពលរដ្ឋចាកចេញទេ ដោយអាជ្ញាធរនឹងធ្វើការអភិវឌ្ឍនៅនឹងកន្លែង និងព្យាយាមកាត់បន្ថយផលប៉ះពាល់ឲ្យនៅកម្រិតទាប។ លោកបានថ្លែងថា៖ «ពិតជាមានផលប៉ះពាល់ គ្រាន់តែយើងមិនអាចយករឿងមួយមកដោះស្រាយឲ្យដូចគ្នាមិនបានទេ ត្រូវតែដោះស្រាយតាមស្ថានភាពជាក់ស្តែង អុីចឹងក្រុមការងារយើងនឹងចុះទៅកន្លែង សហគមន៍ណាត្រូវធ្វើការជាមួយសហគមន៍ហ្នឹង សង្កាត់ណាដោះស្រាយសង្កាត់ហ្នឹង មិនអាចច្របូកច្របល់គ្នាយើងដោះរួមមិនបានទេ»។

លោក ប៉ា សុជាតិវង្ស ក៏បានឲ្យដឹងដែរថា ដើម្បីរំដោះបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ នេះដែរ អាជ្ញាធរក៏មានតម្រូវការសាងសង់ស្ពានមួយទៀត ដែលនឹងត្រូវតភ្ជាប់ពីផ្លូវបេតុងថ្មីនៃផ្លូវជាតិលេខ៥នេះ កាត់ទន្លេទៅកាន់ផ្លូវជាតិលេខ៦ផងដែរ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា ការស្ថាបនាផ្លូវបេតុងតាមគន្លងផ្លូវរថភ្លើងនេះ មានប្រវែងសរុប ៤,៥១០ម៉ែត្រ នឹងមានការចាក់បេតុងអាមេកម្រាស់ ២០សង់ទីម៉ែត្រ ទទឹងផ្លូវភ្លោះ ៧ម៉ែត្រ និងមានធ្វើសួនច្បារនៅចំកណ្តាលទំហំ ២ម៉ែត្រកន្លះ ចាប់ពីផ្លូវលេខ៧០ តំបន់បឹងកក់ ដល់ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយចំណាយពេលសាងសង់ចំនួន ៥ខែ។

ការបើកការដ្ឋាននៅពេលនេះ បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីដើមខែមេសា ឆ្នាំ២០១៦ នេះ ឲ្យមានការកែលម្អផ្លូវរថភ្លើងដែលមិនប្រើប្រាស់ពីចំណុចស្ថានីយរថភ្លើងតំបន់បឹងកក់ ទៅផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ធ្វើជាផ្លូវកៅស៊ូសម្រាប់ធ្វើដំណើរវិញ ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។ ការប្រកាសនេះ ត្រូវបានប្រជាពលរដ្ឋនៅសហគមន៍ចំនួន៩ ដែលរស់នៅអមសង្ខាងផ្លូវដែកនេះនាំគ្នាប្រមូលផ្តុំជាច្រើនលើកច្រើនសារទាមទារឲ្យអាជ្ញាធរបើកវេទិកាសាធារណៈដើម្បីស្តាប់ព័ត៌មានលម្អិតពីគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែពុំមានការឆ្លើយតបពីអាជ្ញាធរឡើយ។
ប្រជាពលរដ្ឋរស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ លោកសឺនថៃថាញ់ ដែលផ្ទះរបស់លោករងផលប៉ះពាល់ទាំងស្រុងនោះ បានមានប្រសាសន៍ថារហូតមកដល់ពេលនេះពួកគាត់នៅពុំទាន់ទទួលបានព័ត៌មានលម្អិតគោលការណ៍អភិវឌ្ឍនិងគោលនយោបាយដោះស្រាយពីសំណាក់អាជ្ញាធរនៅឡើយ ដែលករណីនេះ ធ្វើឲ្យពលរដ្ឋមានក្តីបារម្ភជាខ្លាំងពីការបាត់បង់លំនៅឋាន ដូចសហគមន៍ដីធ្លីមួយចំនួនទៀត។

លោកថា៖ «អភិបាលក្រុងហ្នឹងគាត់ថា អត់មានឲ្យចាកចេញទៅណាទេ ឲ្យអភិវឌ្ឍនៅនឹងកន្លែង តែយើងមិនដឹងថា អភិវឌ្ឍនៅណា យើងចង់សួរគាត់ដែរ តែគាត់អត់បើកឲ្យយើងមានសំណួរទេ ដល់អុីចឹងទៅយើងមិនពិបាកដែរ ព្រោះយើងអត់បានទទួលព័ត៌មានជាក់លាក់ណាមួយពិតប្រាកដ យើងមិនប្រឆាំងការអភិវឌ្ឍទេ តែសុំឲ្យមានតម្លាភាព យើងខ្លាចថា គាត់និយាយអុីចឹងហើយ តែគាត់ធ្វើមិនបានដូចគាត់និយាយ អុីចឹងទៅយើងបារម្ភច្រើន»។
បើតាមលោក ថៃថាញ់ ឲ្យដឹងថា ការស្ថាបនាផ្លូវនេះ បានធ្វើឲ្យផ្ទះពលរដ្ឋជាង ៤០០គ្រួសារ រងផលប៉ះពាល់ទាំងស្រុង និងជិត ៨០០គ្រួសារទៀតប៉ះពាល់ខ្លះៗ។

នាយកប្រតិបត្តិក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ បានសាទរចំពោះកាអភិវឌ្ឍរបស់អាជ្ញាធរ និងការប្ដេជ្ញាចិត្តដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋ ប៉ុន្តែលោកស្នើថ្នាក់ដឹកនាំសាលារាជធានីពិនិត្យលើការដោះស្រាយនេះឲ្យបានដិតដល់និងមានតម្លាភាព ដើម្បីបញ្ចៀសការថ្នាំងថ្នាក់ពីសំណាក់ពលរដ្ឋ ដែលអាចនឹងប៉ះពាល់ដល់សំឡេងឆ្នោតរបស់គណបក្សកាន់អំណាច៕

Urban Voice Cambodia

Urban Voice Cambodia