លោក​ប៉ា​ សុជាតិ​វង្ស​ ធ្វើដំណើរ​ដោយ​ម៉ូតូ​ចុះ​ពិនិត្យមើល​ទីតាំង​ប្រឡាយ​ព្រែក​បារាំង​និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ
Posted On : March, 24, 2015 | By សំឡេងទីក្រុង

ដោយ៖ នរា, ថ្ងែច័ន្ទ ទី២៣ ខែមិនា ឆ្នាំ២០១៥, ប្រភព៖ kampucheathmey 

ភ្នំពេញ​ ៖​ លោកប៉ា សុជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ចុះ​ពិនិត្យ​ទីតាំង​ប្រឡាយ​ព្រែក​បារាំង​ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ជាច្រើន​ខ្សែ​ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ​ដែល​កន្លងមក​តែងតែ​មាន​ការ​កកស្ទះ​សំរាម​និង​ខ្វះ​បញ្ហា​បច្ចេកទេស។

អម​ដំណើរ​ក្នុង​ឱកាស​នោះ​មាន​លោក​អ៊ាង ស៊ី​ផាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​និង​លោក​ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ លោក​វរសេនីយ៍ត្រី​អេ​ម សារ៉ា​វុ​ធ អធិការនគរបាល​ខ​ណ្ឌ។

នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៥​ចំ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ឈប់សម្រាក លោកប៉ាសុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​រួម​ដំណើរ​ដោយ​លោក​អ៊ាង ស៊ីផាន អភិបាលខណ្ឌ​ច្បារអំពៅ​បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ប្រឡាយ​ព្រែក​បារាំង​ដែល​ស្ថិត​ក្នុង​ទឹកដី​សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​ព្រែកប្រា​និង​សង្កាត់​និរោធ​ ដែល​ប្រឡាយ​ព្រែក​បារាំង​នេះ​បាន​កកើតឡើង​តាំងពី​ជំនាន់​សម្តេច​ឪ​ ហើយ​ប្រឡាយ​នេះ​ជា​ប្រឡាយ​ធំ​មួយ​ដែល​បច្ចុប្បន្ន​សំណង់​បុរី​ប៉េង​ហួត​ស្ថិតក្នុង​សង្កាត់​និរោធ​ក៏បាន​ប្រើប្រាស់​ប្រឡាយ​បារាំង​នេះ​ហូរ​ចុះទៅ​ទនេ្ល​បាសាក់​ចេញ​តាម​ក្រោម​ស្ពាន​ព្រះ​ពន្លា​។​

នៅ​ពេល​ចុះ​ពិនិត្យ​ទីតាំង​ប្រឡាយ​ព្រែក​បារាំង​លោក​ប៉ា សុជាតិ​វង្ស ក៏បាន​មានប្រសាសន៍​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ត្រូវ​ចុះ​ធ្វើ​ការ​សិក្សា​ទៅលើ​លំនៅដ្ឋាន​ ប្រជាពលរដ្ឋ​ដែល​សង់​លើ​ប្រឡាយ​ព្រែក​បារាំង​លើ​ទំហំ​ព្រែក​បណ្តោយ​៧០៥​ម៉ែត្រ និង​ទទឹង​១៦​ម៉ែត្រ ហើយ​ប្រឡាយ​នេះ ក៏​នឹង​ត្រូវ​ធ្វើ​ផ្លូវ​ចាក់​ក្រាល​បេតុង​ដោយ​បង្កប់​លូ​ទំហំ​ធំ​សម្រាប់​បង្ហូរទឹក។

លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស ក៏បាន​ធ្វើដំណើរ​ចុះ​ពិនិត្យ​ទៅតាម​បណ្តោយ​ផ្លូវ​កោះនរា​ចេញ​មក​មុខ​អគ្គនាយកដ្ឋាន​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​ដែល​ផ្លូវ​កោះ​នរា​នេះ​បាន​ស្ថាបនា​រួចរាល់​ដោយ​សាលា​រាជធានី​ភ្នំពេញ​ជា​អ្នក​ចេញ​ថវិកា ប៉ុន្តែ​នៅ​ពុំ​ទាន់​មាន​ប្រព័ន្ធ​លូបង្ហូរទឹក​នៅ​សងខាង​ផ្លូវ​ដែល​អាច​នាំ​ឲ្យ​លំបាក​នៅពេលដែល​សំណង់​កើតឡើង​ព្រោងព្រាត តែ​ខ្វះ​ប្រព័ន្ធ លូបង្ហូរទឹក។

លោក​ប៉ា សុជាតិ​វង្ស ក៏បាន​ធ្វើដំណើរ​ចូលទៅ​បុរី​ប៉េង​ហួត​បឹង​ស្នោរ​ដើម្បី​ពិនិត្យមើល​ប្រព័ន្ធ​លូ​បង្ហូរទឹក​ចេញពី​បុរី​ចូល​ទៅ​ប្រឡាយ​ព្រែក​បារាំង​ និង​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​សិក្សា​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​ចៀសវាង​រង​ផល​ប៉ះពាល់​ដល់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្រៅ​បរិវេណ​បុរី។

ទាក់ទង​នឹង​ការ​ចុះពិនិត្យ​ជាក់ស្តែង​សំខាន់​លើ​ប្រព័ន្ធ​លូ​បង្ហូរទឹក​នេះ លោក​អ៊ាង ស៊ីផាន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ក៏បាន​ទទួលយក​ផែនការ​ដែល​លោក​ប៉ា សុជាតិ​វង្ស ដាក់​ឲ្យ​អាជ្ញាធរ​ខណ្ឌ​អនុវត្ត​ទៅតាម​គម្រោង ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​មុន​រដូវវស្សា​មកដល់ ព្រោះ​បើ​ពន្យារពេល​អាច​នាំ​ឲ្យ​មាន​ផល​លំបាក។

ដោយឡែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​ច្បារអំពៅ​នៅពេលដែល​បានឃើញ​លោកប៉ា​សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ភ្នំពេញ​និង​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​យក​ថ្ងៃ​ឈប់សម្រាក​ចុះ​ពិនិត្យមើល​ប្រឡាយ​ព្រែក​បារាំង​ដូចជា​ប្រព័ន្ធ​លូ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​សម្តែង​ការរីករាយ​ព្រោះ​បានឃើញ​វត្តមាន​លោក​អភិបាល​រាជធានី ភ្នំពេញ​ចុះទៅពិនិត្យ​ជាក់ស្តែង​ដល់​មូលដ្ឋាន​ដោយ​ពុំ​ចាំបាច់​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​ពី​លំបាក​។​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ការរស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​សប្បាយរីករាយ​និង​សំណូមពរ​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏ដូចជា​អភិបាលខណ្ឌ​ច្បារអំពៅ ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បានជា​ប្រចាំ ទើប​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ៕

 

Urban Voice Cambodia

Urban Voice Cambodia