ភ្នំពេញៈ គណៈកម្មការទី ៧នៃរដ្ឋសភា គ្រោងនឹងកោះអញ្ជើញរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាជាថ្មីម្តងទៀត នៅត្រីមាសទី ២ ឆ្នាំ ២០១៥ នេះដើម្បីបញ្ជាក់អំពីវិធានការបន្ត ចំពោះករណីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ខណៈដែលក្រសួងនៅមិនទាន់បញ្ជាក់ពីព័ត៌មានមួយចំនួន និងកាលបរិច្ឆេទនៃការបញ្ចប់ការសាងសង់ផ្លូវក្រោមដីរបស់ក្រុម ហ៊ុនល្បែង ណាហ្គាវើល។
ប្រធានគណៈកម្មការទី៧ ផ្នែកអប់រំ យុវជន ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពជាក់ស្តែងនៅវិទ្យាស្ថានពុទ្ធ សាសនបណ្ឌិត្យ កាលពីថ្ងៃទី ៩ មករា ឃើញថា នៅមានព័ត៌មានមួយចំនួនដែលក្រសួងធម្មការនៅមិនទាន់ផ្តល់ជូន គណៈកម្មការនៅឡើយ។
លោកបញ្ជាក់ថា៖ «យើងមិនទាន់បានទទួលព័ត៌មានថា តើក្រុមហ៊ុនណាហ្គាវើលនឹងបញ្ចប់ការសាងសង់នៅពេលណា? ហើយយើងសង្កេតឃើញសរសរពីរបីដើមនៅខាងមុខហ្នឹង តើសរសេរហ្នឹងគេមានគម្រោងធ្វើអីដែរ។ យើងនឹងបន្តតាមដានករណីនេះទៀត»។
បើតាមលោក បុញ្ញឫទ្ធិ គណៈកម្មការ គ្រោងនឹងអញ្ជើញ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ ទៅឆ្លើយបំភ្លឺជាថ្មីទៀតនៅអំឡុងខែមេសាខាងមុខ បន្ទាប់ពីគណៈកម្មាការនេះបញ្ចប់បេសកកម្ម ចុះពិនិត្យស្ថានភាពនៃការប្រារព្ធពិធីសាសនារបស់ជនជាតិវៀតណាម នៅភ្នំបូកគោ ខេត្តកំពត ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ កុម្ភៈ។
លោក មិន ឃិន មិនអាចសុំការអធិប្បាយបានទេ កាលពីម្សិលមិញដោយអ្នកលើកទូរស័ព្ទរបស់លោកប្រាប់ថា លោកកំពុងជាប់ប្រជុំ។
ប៉ុន្តែលោក សេង សុមុនី អនុរដ្ឋលេខាធិការក្រសួងធម្មការ បានថ្លែងថា ក្រសួងនឹងស្វាគមន៍ រាល់ការអញ្ជើញរបស់រដ្ឋសភា ដើម្បីជម្រាបជូនបន្ថែម ជុំវិញព័ត៌មានទាក់ទងនឹងទីតាំងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យនេះ។
លោកបញ្ជាក់ថា ៖«ប្រសិនបើមានលិខិត ខ្ញុំជឿថា ឯកឧត្តមរដ្ឋមន្ត្រីលោកនឹងអញ្ជើញទៅបំភ្លឺនូវចំណុចដែលខ្វះចន្លោះ បន្ថែម ដើម្បីឲ្យសារធាណជនបានជ្រាប»។ ចំណែកការសាងសង់ផ្លូវក្រោមដីរបស់ក្រុមហ៊ុនណាហ្គាវើល នឹងត្រូវបញ្ចប់នៅពេលណានោះ លោកសេង សុមុនី បានបញ្ជាក់ថា ក្រសួងជំនាញនៅមិនទាន់បានរាយការណ៍មកក្រសួងនៅឡើយ។
គួរបញ្ជាក់ថា រដ្ឋសភា ធ្លាប់បានកោះហៅលោក មិន ឃិន ទៅឆ្លើយបំភ្លឺនៅរដ្ឋសភាម្តងរួចមកហើយ កាលពីខែតុលាឆ្នាំ២០១៤ បន្ទាប់ពីផ្នែកខ្លះនៃរបង និងខ្លោងទ្វារ នៃវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ត្រូវបានក្រុមហ៊ុនណាហ្គាវើលវាយកម្ទេចចោល កាលពីដើមឆ្នាំ២០១៤ ដែលនាំឲ្យមានការតវ៉ាដោយសង្ស័យថា ក្រសួងធម្មការ និងសាសនា បានលក់ដីវិទ្យាស្ថាននេះទៅឲ្យក្រុមហ៊ុនកាស៊ីណូមួយនេះ។ ប៉ុន្តែនៅពេលនោះ ទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាបានបញ្ជាក់ថា មិនបានលក់ ឬជួលដីឲ្យក្រុមហ៊ុននោះទេ។
ចំពោះការរុះរើរបង និងខ្លោងទ្វារវិទ្យាស្ថាននេះកន្លងមក គឺដើម្បីសម្រួលដល់ការសាងសង់ផ្លូវក្រោមដី ដែលជាគម្រោងណាហ្គាស៊ីធីវ៉ក (NagaCity Walk) នៅពីមុខវិទ្យាស្ថាននេះតែប៉ុណ្ណោះ ហើយបន្ទាប់ពីបញ្ចប់ការសាងសង់ នឹងមានការសាង់សង់របង និងខ្លោងទ្វារវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ តាមរចនាបទដើមឡើងវិញ៕