ម្ចាស់ផ្ទះជួលបានចុះកិច្ចសន្យាជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសរុប៥.៥១១៨បន្ទប់
Posted On : March, 18, 2015 | By សំឡេងទីក្រុង
ថ្ងៃ ពុធ ទី18 មីនា ឆ្នាំ2015, ប្រភព៖ kampucheathmey
ភ្នំពេញ ៖ យុទ្ធនាការលើកិច្ចសន្យាជាមួយម្ចាស់ផ្ទះជួលនេះ ក្នុងន័យដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ចុះថ្លៃទឹក១.០៣០រៀលក្នុង១ម៉ែត្រគូប និងបញ្ចុះតម្លៃថែទាំលូ១០%សម្រាប់ម្ចាស់ផ្ទះជួលនិងបន្តលក់ថ្លៃទឹក១.២០០រៀលក្នុង១ម៉ែត្រគូប ចំពោះកម្មករ និស្សិតដែលជួលផ្ទះ។
ដោយយោងស្ថិតិ ឃើញថាក្នុងតំបន់សេវាផ្គត់ផ្គង់ទឹកស្អាតបច្ចុប្បន្នរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានអតិថិជនចំនួន៤.៣៥៦នាក់ ដែលបានធ្វើអាជីវកម្មបន្ទប់ជួល។ សរុបបន្ទប់ជួលទាំងអស់មានចំនួន៩០.៤៧៨បន្ទប់។ បរិមាណទឹកប្រើប្រាស់សរុបទាំងអស់ប្រមាណ៦០ម៉ឺនម៉ែត្រគូបក្នុង១ខែ ស្មើនឹងទឹកប្រាក់ប្រមាណ ៦៩៥លានរៀល។ បើគិតជាមធ្យមម្ចាស់ផ្ទះបង់ជូនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងតម្លៃ ១.១៤៩រៀលក្នុងមួយម៉ែត្រគូប។ ចំពោះបន្ទប់នីមួយៗ បរិមាណទឹកប្រើប្រាស់ក្នុង១បន្ទប់គឺពី៣ទៅ៩ម៉ែត្រគូបក្នុងមួយខែ និងជាមធ្យម៦ម៉ែត្រគូបក្នុងមួយខែ។ អ្នកជួលបន្ទប់ត្រូវបង់ឲ្យម្ចាស់ផ្ទះពី១.៥០០រៀលក្នុងមួយម៉ែត្រគូបទៅ ២.៥០០រៀលក្នុងមួយម៉ែត្រគូបដែលតម្លៃជាមធ្យម២.០០០រៀលក្នុងមួយម៉ែត្រគូប។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានឲ្យដឹងថា ផែនការតបណ្តាញទឹកមានស្រាប់ក្នុងកិច្ចសន្យាលក់ទឹកឲ្យម្ចាស់ផ្ទះជួលនឹងបន្តរហូតដល់ខែមេសា អាស្រ័យដោយសារអតិថិជនមិនទាន់យល់ច្បាស់ពីបញ្ហានេះ ដោយតម្លៃទឹកស្រេចនឹងចិត្ត។ ជាមួយនឹងតម្លៃលក់ថេរ១.០៣០រៀលក្នុងមួយម៉ែត្រគូប និងវិធានការកាត់បន្ថយបន្ទុកចំណាយបន្ថែមរបស់ម្ចាស់ផ្ទះ និងកម្មករនៅតាមបន្ទប់ជួល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងដាក់កម្មវិធីចុះជួបផ្ទាល់ជាមួយម្ចាស់ផ្ទះ
(ក្រោយពីប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ) ដើម្បីចរចារសម្របសម្រួលឲ្យម្ចាស់ផ្ទះ ឯកភាពលក់បន្តទៅកម្មករជួលបន្ទប់ក្នុងតម្លៃត្រឹម ១.១០០រៀលទៅ១.២០០រៀលក្នុងមួយម៉ែត្រគូប។ ដូច្នេះអ្នកនៅតាមបន្ទប់ជួល រួមទាំងកម្មករ សិស្ស និស្សិតក្រីក្រ ត្រូវបានបន្ធូរបន្ថយបន្ទុកចំណាយលើថ្លៃទឹកពី ៣០០រៀលក្នុងមួយម៉ែត្រគូប។ ក្នុងតម្លៃលក់ឲ្យម្ចាស់ផ្ទះ១.០៣០រៀលក្នុងមួយម៉ែត្រគូបនេះ ចំណូលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងត្រូវកាត់បន្ថយប្រមាណ ៨៦៤លានរៀលក្នុងមួយឆ្នាំ។
គូសបញ្ជាក់ថា បើគិតមកដល់ថ្ងៃទី១៧ខែមីនាឆ្នាំ២០១៥ យុទ្ធនាការចុះកិច្ចសន្យាលក់ទឹករវាងម្ចាស់ផ្ទះជួលនិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន១៦៩ទីតាំងស្មើនឹង ២.៩១៩បន្ទប់ ហើយតួលេខសរុបទាំងអស់បានចំនួន៣.៧០៦ម្ចាស់ផ្ទះស្មើនឹង៥.៥១១៨បន្ទប់ប្រមាណ៦៥៕