ផ្លូវ​ក្រោម​ដី នៅ​ស្ពាន​អាកាស​តិច​ណូ ស្ថាបនា​សម្រេច​ជាង ៣០ ភាគរយ​
Posted On : March, 5, 2015 | By សំឡេងទីក្រុង

ប្រភព៖​​ CEN, ថ្ងៃទី 4 មីនា 2015, ម៉ោង 06:34:PM) | ដោយ: កូ​ឡាប

ភ្នំពេញ: ការស្ថាបនា​ផ្លូវ​ក្រោម​ដី នៅ​ស្ពាន​អាកាស​តិច​ណូ កំពុងដំណើរការ​ស្ថាបនា​សម្រេចបាន​ជាង ៣០ ភាគរយ​នៃ​គម្រោង​។ នេះ​ជា​លទ្ធផល​ការងារ​គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៥​នេះ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​នេះ មាន​ប្រវែង ៣៥៦ ម៉ែត្រ ទទឹង​ពី ៦ ម៉ែត្រ​ទៅ ៨ ម៉ែត្រ ដោយ​សាងសង់​នៅក្រោម​មហាវិថី​សហព័ន្ធរុស្ស៊ី ទៅ​ផ្នែក​ខាងត្បូង ភ្ជាប់​មហាវិថី​ម៉ៅ​សេទុង និង​ទៅ​ផ្នែក​ខាងជើង ភ្ជាប់​មហាវិថី​គីម​អ៊ី​ល​ស៊ុ​ង រហូតដល់​ទៅ​រង្វង់​មូល​ទួលគោក​។

​លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ថា “​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ នៅ​ចំណុច​ភ្លើងស្តុប​តិច​ណូ​។ ការងារ​ស្ថាបនា​ផ្លូវ​ក្រោម​ដី​នេះ កំពុង​ធ្វើ​ព្រម​គ្នា ជាមួយ​ការស្ថាបនា​ស្ពាន​អាកាស​តិច​ណូ​ដែរ​”​។​

​លោក​ប្រធាន បន្តទៀតថា ស្ពាន​អាកាស​ទី​៤ តិច​ណូ ដែលជា​ស្ពាន​ប្រវត្តិសាស្ត្រ​របស់​រាជធានី​ភ្នំពេញ បើក​ការដ្ឋាន​ស្ថាបនា តាំងពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៤ មក ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​។ តាម​គម្រោង ស្អាន​អាកាស​ទី​៤ នេះ មាន​ប្រវែង ៣៨២ ម៉ែត្រ ទទឹង ១៥ ម៉ែត្រ កម្ពស់​សុវត្ថិភាព ៥,២ ម៉ែត្រ ដោយ​ត្រូវ​សាងសង់ឡើង​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គិត​តាំងពី​បើក​ការដ្ឋាន មកដល់ពេលនេះ ការងារ​ជារួម ស្ថាបនា​បាន​ដូចតទៅ​៖ រៀបចំ​ការិយាល័យ​ឃ្លាំង ១០០ ភាគរយ ក្នុងនោះ​បុកគ្រឹះ​ជំរៅ​ស្ពាន ៦៥ ភាគរយ ហើយ​បុកគ្រឹះ​ជំរៅ​ផ្លូវ​ក្រោម​ដី ៥៥ ភាគរយ ការងារ​កាយ​ដី​ផ្លូវ​ក្រោម​ដី ៤៥ ភាគរយ ការងារ​ចាក់​បេតុង​កម្រាល​ផ្លូវ​ក្រោម​ដី​បាន ១៥ ភាគរយ ការធ្វើ​ជ​ព្ជាំ​ង​បេតុង​ផ្លូវ​ក្រោម​ដី​បាន ៥ ភាគរយ ការងារ​ដាក់​បណ្តាញ​លូ​បាន ២៥ ភាគរយ ការងារ​ផ្លូវ​ពង្រីក​បាន ២០ ភាគរយ ជើងតាង​សសរ​កម្រាល​សូន្យ​ភាគរយ​។ សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ ពី​សំណាក់​ប្រជាពលរដ្ឋ ចំពោះ​ការរំខាន​ដោយ​សកម្មភាព​ការដ្ឋាន និង​ផលប៉ះពាល់​ផ្សេងៗ​។​
​    ​
​គួរ​បញ្ជាក់ដែរថា ស្ពាន​អាកាស​ទី​៤​តិច​ណូ​នេះ តាម​គម្រោង​នឹង​ប្រើប្រាស់​ពេលវេលា​ក្នុងការ​ស្ថាបនា​ចំនួន ១៦ ខែ និង​ប្រើប្រាស់​អស់​ថវិកា​អស់​ប្រមាណ ១៤ លាន​ដុល្លារ​អាមេរិក ហើយ​អនុវត្តន៍​ការសាងសង់​ដោយ​ក្រុមហ៊ុន OCIC ដែលជា​ក្រុមហ៊ុន​ទទួល​ការសាងសង់​ស្ពាន​អាកាស​ចំនួន ៣ កន្លងមក​ទទួលបាន​ជោគជ័យ​។​

​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការសាងសង់​ស្ពាន​អាកាស​ទី​៤​នេះ គឺ​អនុវត្តន៍​តាម​ការប្រកាស របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​សម្ពោធ ស្ពាន​អាកាស​ស្ទឹងមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៤ ហើយ​ក្នុង​ពិធី​កន្លងមក​នោះ គឺ​សម្តេច​បាន​មានប្រសាសន៍ថា ស្ពាន​អាកាស​ទី​៤​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​សាង សង់​ក្រោម​ទំហំ​ទឹកប្រាក់ ១៤ លាន​ដុល្លារ ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ហើយ​ស្ពាន​នេះ ក៏មាន​ផ្លូវ​ក្រោម​ដី ១ ខ្សែ ផងដែរ​៕

Urban Voice Cambodia

Urban Voice Cambodia