ប្រធាន​មន្ទីរ​សុខាភិបាល​ព្យាយាម​រំលត់​អធិករណ៍ ជុំវិញ​ការ​ធ្វើ​ប្លង់​មន្ទីរពេទ្យ​បាត់​អគារ​ជួរ​មុខ
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ដោយអប្សរា, កោះសន្តិភាព, ថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ការ​រំជើបរំជួល​បន្ទាប់​ពី​មានការ​បិទ​ប្រកាស​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ពី​ការ​បាត់​អគារ​មួយ​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ មិនឃើញ​ប្លង់​កម្មសិទ្ធិ​នោះប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ កុម្ភៈ បាន​អញ្ជើញ​មក​ធ្វើការ​បកស្រាយ​កុំឱ្យ​មាន​ច​ម្ង​ល់ និង​បំភ្លឺ​ដល់​បុគ្គលិក​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​៧​មក​រា ដោយ​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ចូលរួម​ស្ដាប់​ផង​ដែរ ។

ការ​ជួបជុំ​ស្ដាប់​ការ​បកស្រាយ​នេះ​មានបុគ្គលិក​រាប់រយ​នាក់​បាន​ចូលរួម​ពេញ​សាល​ប្រជុំ​រហូត​បុគ្គលិក​ខ្លះ​រក​កន្លែង​អង្គុយ​ពុំ​បាន ។ តំណាង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ និង​មណ្ឌល​សុខភាព​៧​មក​រា ដែល​មាន​ច​ម្ង​ល់​បាន​លើក​ជា​សំណួរ​ថា តើ​ប្លង់​ដែល​យក​មក​បិទ​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ កុម្ភៈ របស់មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី មាន​ខ្លឹមសារ​ថា ទីតាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នឹង​ត្រូវ​បាន​បាត់បង់ បើសិនជា​ពុំ​មាន​ឯកសារ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​ទេ ។ ប៉ុន្តែ​លិខិត​នោះ​បាន​កំណត់​ឱ្យ​តវ៉ា​តែ​១​ខែ​ប៉ុណ្ណោះ ខណៈ​ដែល​លិខិត​ចេញ​ប្រកាស​តាំង​តែ​ពី​ថ្ងៃ​ទី​៨ មក​រា ហើយ​ទើប​យក​មក​បិទ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ ដែល​ធ្វើ​ឱ្យ​ក្រុម​បុគ្គលិក​មន្ទីរពេទ្យ​មិន​អាច​តវ៉ា​កើត ព្រោះ​នៅ​សល់​តែ​១​ថ្ងៃ​ទេ នៃ​ថ្ងៃ​ធ្វើការ​គិត​មក​ដល់​ថ្ងៃ​ទី​៦ កុម្ភៈ ។ ជាង​នេះ​ទៀត ក្នុង​លិខិត​ប្រកាស​នោះ​ពុំ​បាន​បង្ហាញ​គំនូស​ប្លង់​នៃ​មន្ទីរពេទ្យ​ទាំងមូល​ឱ្យ​ច្បាស់លាស់​ឡើយ និង​បាន​បាត់​អគារ​មួយ​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ​ចេញពី​ប្លង់​កម្មសិទ្ធិ ដែល​ធ្វើ​ឱ្យ
បុគ្គលិក​មាន​ច​ម្ង​ល់​ចំពោះ​សេចក្ដី​ប្រកាស​នេះ ។

ក្រុម​បុគ្គលិក​មន្ទីរពេទ្យ​បាន​និយាយ​ការពារ​ខ្លួន​ថា ការ​តវ៉ា​កន្លង​មក​របស់​បុគ្គលិក​ក៏​ព្រោះតែ​ខ្លាច​បាត់បង់​មន្ទីរពេទ្យ ដែល​ជា​កន្លែងធ្វើការ​សម្រាប់​បម្រើសេវា​សុខភាព​ដល់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ ហើយ​បើ​បាត់​កន្លែងធ្វើការ តើ​ឱ្យទៅ​បម្រើសេវា​សុខភាព​ប្រជាពលរដ្ឋ​នៅ​កន្លែង​ណា ? ចំណែក​ការ​ធ្វើ​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​មាន​ផ្តិត​មេដៃ​ពី​ក្រុម​បុគ្គលិក​ពេទ្យ​ជា​ច្រើន​នាក់ និង​ផ្ញើ​ជូន​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ទៅ​រដ្ឋសភា គឺ​ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ចេញ​ប្លង់​ទីតាំង​មន្ទីរពេទ្យ​ថ្មី មាន​ភាព​មិន​ប្រក្រតី​នោះ មិនមែន​ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ណាមួយ​ទ្បើ​យ គឺ​ធ្វើ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ កុំឱ្យ​បាត់បង់​ប៉ុណ្ណោះ ។

ចំណែក​បុគ្គលិក​ដែល​ជា​អតីត​អ្នកបម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក​ចំការមន (​ខាងត្បូង​វិមាន​ឯករាជ្យ​) ក៏​បាន​លើក​ជា​សំណួរ​ថា តើ​មន្ទីរពេទ្យ​បង្អែក​ចំការមន​ជួសជុល​ហើយ​ឬ​នៅ បើ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​បី​បួន​ឆ្នាំ​មក​ហើយ ? ពេល​ណា​ទើបបាន​ចូល​បម្រើ​ការងារ​នៅ​កន្លែង​នោះ​វិញ ?

ក្រោយ​ពី​ស្តាប់​ការ​រៀបរាប់​ពី​ច​ម្ង​ល់​របស់​បុគ្គលិក​រួច​មក លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​បកស្រាយ​ថា ការងារ​ដែល​លោក​ធ្វើ​កន្លង​មកនេះ គឺ​ធ្វើ​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល​លេខ​០៧ សរ ចុះ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៤ ស្តី​ពី​ការ​ជំរឿន​អចលនទ្រព្យ និង​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ។ លោក​បាន​បង្ហាញ​ថា ប្លង់​ដែល​មន្ទីរ​សុខាភិបាល​មាន​សរុប​ទាំង​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​មាន​៥៦​ប្លង់ ដែល​ក្នុង​នោះ​នៅ​មិន​ទាន់​ធ្វើ​ប្លង់​មាន​២៦ (​រួម​ទាំង​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​ធ្វើ​ប្លង់​) ។

ទោះបីជា​បែប​ណា លោក​សំណូមពរ​ដល់​មន្ត្រីរាជការ បើ​មាន​ច​ម្ង​ល់​អ្វី​ត្រូវ​សួរ​តាម​រយៈ​ប្រធាន​មន្ទីរពេទ្យ ឬ​សួរ​មក​លោក​ផ្ទាល់ កុំ​ធ្វើការ​តវ៉ា​ដោយ​គ្មាន​សណ្តាប់ធ្នាប់​ដែល​នាំ​ឱ្យ​ក្រុម​ឆ្លៀតឱកាស​មួយ​ចំនួន​កេង​ចំណេញ​នយោបាយ ព្រោះ​បុគ្គលិក​ទាំងអស់​មាន​ប្រាក់​យាម ប្រាក់​សេវា មាន​ប្រាក់ខែ​រដ្ឋ ត្រូវ​គិត​ពី​ការ​បម្រើ​សុខភាព​ប្រជាពលរដ្ឋ ត្រូវ​គោរព​លក្ខន្តិកៈ​មន្ត្រីរាជការ តាម​មាត្រា​៣៣ មាត្រា​៣៤ និង​មាត្រា​៤០ គឺ​ថ្នាក់​ក្រោម​ត្រូវ​គោរព​ថ្នាក់លើ ។ បញ្ហា​មន្ទីរពេទ្យ​បង្អែក​ចំការមន លោក​ខិតខំ​ជួប​ជាមួយ​ថ្នាក់លើ​ដើម្បី​ដោះស្រាយ តែ​នៅ​មិន​ទាន់​បាន​ចម្លើយ​នៅឡើយ​ទេ ។ ចំពោះ​ការ​បាត់​ប្លង់​ផ្នែក​ខាង​មុខ​នៃ​មន្ទីរពេទ្យ លោក​ប្រធាន​មន្ទីរ​មិន​បាន​លើកយក​មក​បកស្រាយ​ឱ្យ​បាត់​ច​ម្ង​ល់​ឡើយ ហើយ​លោក​បាន​ប្រកាស​បិទ​អង្គប្រជុំ បើ​ទោះជា​បុគ្គលិក​នៅ​មាន​សំណួរ​ដេញដោល​ជា​ច្រើន​ទៀត​ចង់​សួរ​ក៏​ដោយ ។

កន្លង​មកនេះ ធ្លាប់​មាន​គម្រោង​ផ្លាស់​ប្តូរ​បុគ្គលិក​ចេញពី​អគារ​ខាង​មុខ​មន្ទីរពេទ្យ​ម្តង​រួច​មក​ហើយ កាលពី​ឆ្នាំ​មុន ដោយ​ឱ្យទៅ​ធ្វើការ​រួម​គ្នា​នៅ​អគារ​ផ្នែក​ខាងក្រោយ ប៉ុន្តែ​ត្រូវ​ក្រុម​បុគ្គលិក​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ទាមទារ​អគារ​ចំនួន​២ ជា​ការ​ដោះ​ដូរ ហើយ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅឡើយ​ទេ ៕

Urban Voice Cambodia

Urban Voice Cambodia