បុរី​នៅ​ភ្នំពេញ​​ច្រើន​ស្អេក​ស្កះ​ ដឹង​មាន​ប៉ុន្មាន​អត់?
Posted On : January, 16, 2015 | By សំឡេងទីក្រុង

ដោយ Sabay ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៥

ឯកឧត្ដម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មាន​បូរី​ទាំង​អស់ ៧៤ កំពុងតែ​​ដំណើរ​ការ​ដោយ​នៅ​ក្នុង​នោះ ​គ្រាន់​តែ ខណ្ឌ សែន សុខ​មាន​ជាង ​២០ បុរី ។

ថ្លែង​ក្នុង​ពិធី​​​សម្ពោធ​បើក​ការដ្ឋាន​ក្រុមហ៊ុន​អ័រគីដេ​វិឡា​ ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ ២០០៤ ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​ឲ្យ​ដឹង​ទៀត​ថា​ រាជធានី​ភ្នំពេញ​​មាន​ផ្ទៃ​ដីទាំង​អស់​សរុប ​៦៧៨ ​គីឡូ​ម៉ែត្រការ៉េ ក្នុង​នោះ​មាន ១២ ខណ្ឌ ចែក​ជា ៩៦ សង្កាត់ និង មាន​ភូមិ​ ៩០៩​ និង ​ប្រជាជន​ប្រមាណ​ជាង ​២ លាន​​នាក់។

 

តាម​ការ​វាយ​តម្លៃ​ពី​ក្រុម​អចលនទ្រព្យ​​មួយ​ចំនួន​បុរី  ប្រភេទ​ផ្ទះ ល្វែង​ត្រូវ​បាន​ដាក់​លក់​ចាប់​​ពី​ជាង​២ម៉ឺនដុល្លារ រហូត​ជាង​ ១០ ម៉ឺន​ដុល្លារ ​ចំពោះ​ផ្ទះ​វិឡា ​មាន​តម្លៃ​ចាប់​ពី ជាង ១០ ម៉ឺន​ដុល្លារ​ រហូត​ជាង​ ៦០ ម៉ឺន​ដុល្លារ  អាស្រ័យ​ទៅ​លើ​ទីតាំង​នៃ​បុរី​នីមួយៗ ។

 

ឯកឧត្ដម ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អ្នក​ដែល​មាន​បំណង​ទិញ​ផ្ទះ​នៅ​តាម​បុរី​ទាំង​អស់​​ត្រូវ​សម្រេច​ឲ្យ​បាន​ច្បាស់​មុន​សម្រេច​ចិត្ត​ទិញ ព្រោះ​បច្ចុប្បន្ន​មាន​បុរី​មួយ​ចំនួន មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត​​ត្រឹម​ត្រូវ​ឡើយ​។

 

Pasochaertavong1

 

ឯកឧត្ដម បាន​បង្ហាញ​ថា ដើម្បី​​ទិញ​ផ្ទះ​ឲ្យ​​​មាន​សុវត្ថិភាព​ទាំង​ផ្លូវ​ច្បាប់​ ​​​ម្ចាស់​ផ្ទះ​ទាំង​អស់​ត្រូវ​ ​ពិនិត្យ​លើ​ប្លង់​គោល និង​ ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស ។ ​ គុណភាព​សំណង់  ប្រព័ន្ធ​​លូ ​បរិស្ថាន ​ និង​ សេវា​សាធារណៈរដ្ឋ ​និង​ ឯកជន​ជា​ដើម ​​ជា​ចំណុច​សំខាន់​ផង​ដែរ។ ​

 

ឯកឧត្ដម ​លើក​ឡើង​ថា ​កន្លង​មក​មាន​បុរី​មួយ​ចំនួន​ធ្វើ​ឡើង​ដើម្បី​តែ​ប្រាក់​​ចំណេញ​តែ​ប៉ុណ្ណោះ ក្រោយ​ពី​លក់​ដាច់​អស់​រត់​ចោល​អ្នក​ទិញ ​ពេល​ផ្ទះ​ ឬ ​ប្រព័ន្ធ​លូ ​មាន​បញ្ហា​មិន​បាន​ដោះ​ស្រាយ​ជូន​ម្ចាស់​​ផ្ទះ​ឡើយ ​ដូច​នេះ ​អ្នក​ដែល​មាន​ប្រាក់​ទិញ​ផ្ទះ​ទាំង​អស់​ត្រូវ​តែ​ដឹង​ពី​ចំណុច​ដែល​បាន​លើក​ឡើង​នេះ៕

Urban Voice Cambodia

Urban Voice Cambodia