តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ចេញ​ខាត​លើ​សេវាកម្ម​រថយន្ត​ក្រុង​ឬ​ទេ?
Posted On : August, 1, 2014 | By សំឡេងទីក្រុង

វិទ្យុអាស៊ីសេរី ដោយ អាន ស៊ីថាវ ថ្ងៃទី ១​ សីហា ឆ្នាំ ២០១៤

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា​នឹង​បើក​ឲ្យ​មាន​រដ្ឋាករ​ស្វយ័ត លើ​ការ​ទទួល​ខុស​ត្រូវ​លើ​ការ​ដឹក​ជញ្ជូន​សេវាកម្ម​រថយន្ត​ក្រុង បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​អនុវត្ត​បរាជ័យ។ ការ​អន្តរាគមន៍​របស់​រដ្ឋ​នៅ​ពេល​នេះ គឺ​ជា​រឿង​មួយ​ត្រឹមត្រូវ ដើម្បី​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​វិញ បាន​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់​ឬ​ទេ ដើម្បី​ចេញ​ខាត​លើ​ការ​ឧបត្ថម្ភ​ធន​នេះ?

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​នៅ​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ថា រដ្ឋាភិបាល​របស់​លោក​មាន​លុយ​គ្រប់គ្រាន់ ដើម្បី​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​បង្កើត​សេវា​រថយន្ត​ក្រុង​ដោយ​ខ្លួន​ឯង​ បាន។ ការ​ប្រកាស​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​នានា​ដែល​បាន​សាកល្បង​សេវាកម្ម​ដឹក​ជញ្ជូន​មួយ​រយៈ ហើយ​ក៏​បញ្ឈប់​ទៅ​វិញ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដេជ្ញា​ចិត្ត​ដោយ បាន​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​នានា និង​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​បង្កើត​ជា​រដ្ឋាករ​ស្វយ័ត ដឹក​ជញ្ជូន​សេវា​រថយន្ត​ក្រុង ដែល​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន​ធ្វើ​បរាជ័យ៖ «សំឡេង»។

លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋ​លើ​ការ​បង្កើត​សេវាកម្ម​នេះ នឹង​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ ចំពោះ​កុមារ ជន​ពិការ ព្រះសង្ឃ នឹង​មិន​បង់​ប្រាក់​ឡើយ។ ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា កុំ​រិះគន់​ការ​លូក​ដៃ​ចូល​ក្នុង​ការ​ផ្ដល់​សេវាកម្ម​រថយន្ត​ក្រុង​នេះ ប្រាសចាក​ពី​គោលការណ៍​នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ថា នៅ​ក្នុង​ស្ថាប័ន​រដ្ឋាករ​រថយន្ត​ក្រុង​ថ្មី​នេះ រួម​មាន រថយន្ត​ចំនួន ៤០​គ្រឿង និង​គ្រោង​ពង្រីក​ឲ្យ​មាន​បណ្ដាញ​រថយន្ត​ក្រុង​ជាច្រើន​ខ្សែ​ទៀត ដើម្បី​ចរាចរ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

អ្នក​វិភាគ​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​លូក​ដៃ​ចូល​របស់​រដ្ឋ អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​រដ្ឋាភិបាល​មាន​លុយ​គ្រប់គ្រាន់ ប៉ុន្តែ​សេដ្ឋវិទូ​មួយ​ក្រុម​ទៀត​យល់​ថា ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​មាន​តួនាទី​ចម្បង ចំណែក​រដ្ឋ​វិញ​ត្រូវ​មាន​តួនាទី​តិចតួច​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​សេដ្ឋកិច្ច​ផ្សារ​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធភាព រដ្ឋ​ត្រូវ​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​នានា ដែល​យន្តការ​ទីផ្សារ​អាច​ដំណើរ​ការ​បាន​ដោយ​ជោគជ័យ ក្នុង​ការ​កំណត់​ថ្លៃ​ទំនិញ និង​សេវា។

អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋ​លូក​ដៃ​ចូល​នៅ​ ក្នុង​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ឡើយ ដោយសារ​ហេតុផល​សំខាន់​បី។ ទី​មួយ ភាព​អន់​ខ្សោយ​នៅ​ក្នុង​ព័ត៌មាន។ ទី​ពីរ ភាព​ទន់​ខ្សោយ​ក្នុង​ផ្នែក​ត្រួត​ពិនិត្យ​លើ​ការ​ឆ្លើយ​តប​របស់​វិស័យ​ឯកជន និង​ទី​បី ភាព​ទន់​ខ្សោយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ការិយាធិបតេយ្យ។ ការ​លូក​ដៃ​ចូល​របស់​រដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ច អាច​ធ្វើ​ឲ្យ​ទីផ្សារ​បរាជ័យ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ធ្វើ​អន្តរាគមន៍​របស់​រដ្ឋ​នៅ​ក្នុង​សេដ្ឋកិច្ច អាច​ធ្វើ​ទៅ​បាន​ដែរ ដោយសារ​កត្តា​ពីរ គឺ​ការ​វិនិយោគ​ផ្ទាល់ និង​ការ​ធ្វើ​គោល​នយោបាយ។ ការ​វិនិយោគ​ផ្ទាល់ គឺ​សំដៅ​លើ​ការ​ផលិត​ទំនិញ​សាធារណៈ ដែល​សង្គម​ត្រូវ​ការ​ប្រើប្រាស់ ហើយ​ឯកជន​មិន​វិនិយោគ ដោយសារ​តែ​អត្ថប្រយោជន៍​ទទួល​បាន​ទាប ឬ​ផល​ចំណេញ មិន​បាន​ផ្ដល់​ភ្លាមៗ។

អ្នក​វិភាគ​សេដ្ឋកិច្ច លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​បង្កើត​សាវា​រថយន្ត​ក្រុង​គ្រប់គ្រង​ដោយ​រដ្ឋ​នេះ ហាក់​ជា​រឿង​មួយ​ត្រឹមត្រូវ។ លោក​បញ្ជាក់​ថា ភាព​បរាជ័យ​នៃ​ការ​ផ្គត់ផ្គង់​សេវាកម្ម​រថយន្ត​ក្រុង​កន្លង​មក បណ្ដាល​មក​ពី​កត្តា​សំខាន់​ពីរ។ ទី​មួយ អ្នក​គាំទ្រ​តិច មាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​និយម​ប្រើប្រាស់​សេវាកម្ម​នៅ​មាន​កម្រិត​នៅ​ឡើយ។ ទី​ពីរ ការ​ផ្ដល់​បណ្ដាញ​នៃ​សេវាកម្ម​មិន​សម្បូរ​បែប ទាំង​ចំនួន​រថយន្ត និង​បណ្ដាញ​ផ្លូវ។ ម្យ៉ាង​វិញ​ទៀត ការ​យក​កម្រៃ​ទាប ក៏​ជា​កត្តា​ធ្វើ​ឲ្យ​សេវាកម្ម​រថយន្ត​ក្រុង​បរាជ័យ​ដែរ ព្រោះ​ចំណេញ​តិច ហើយ​ចំណាយ​លុយ​វិនិយោគ​ច្រើន។ ទោះ​ជា​យ៉ាង​ណា ភាព​ជោគជ័យ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​នេះ អាស្រ័យ​លើ​ធនធាន​របស់​រដ្ឋ៖ «សំឡេង»។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ គ្រោង​បង្កើត​ឲ្យ​មាន​ខ្សែ​បន្ថែម​ចំនួន​៨​ផ្សេង​ទៀត ដើម្បី​ចរាចរ​រថយន្ត​ក្រុង​នៅ​ពាសពេញ​រាជធានី​ភ្នំពេញ ក្នុង​នោះ ពេល​វេលា​នៃ​ការ​បម្រើ​សេវា​ដឹក​ជញ្ជូន​មាន​រយៈពេល ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​មាន​តម្លៃ​សំបុត្រ ១.៥០០​រៀល​សម្រាប់​មនុស្ស​ម្នាក់។ ប៉ុន្តែ ការ​ចំណាយ​សរុប​លើ​ការ​បង្កើត​សេវា​នេះ នៅ​មិន​ទាន់​ដឹង​ជាក់​លាក់​នៅ​ឡើយ ដោយ​លោក​លើក​ហេតុផល​ថា កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ៖ «សំឡេង»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន​ដែល​ទទួល​បាន​ការ​ដេញ​ថ្លៃ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​រថយន្ត​ ក្រុង​កន្លង​មក គឺ​មក​ពី​ប្រទេស​ចិន និង​កូរ៉េ​ខាង​ត្បូង ដោយ​ក្រោម​ជំនួយ​បច្ចេកទេស​របស់​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន ដែល​ហៅ​កាត់​ថា ចៃកា (JICA)។ ក្រុមហ៊ុន​ទាំង​នោះ​បាន​អះអាង​ថា ការ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នេះ ដោយសារ​តែ​មិន​ចំណេញ បើ​ប្រៀបធៀប​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​សាំង និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក៏​មាន​ចំនួន​តិចតួច។

របាយការណ៍​របស់​សាលា​រាជធានី​ភ្នំពេញ ប្រជាពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ទីក្រុង និង​អ្នក​ធ្វើ​ដំណើរ​ចូល​មក​ទីក្រុង មាន​ចំនួន​ប្រមាណ ៤​លាន​នាក់។ ចំណែក​រថយន្ត​មាន​ចំនួន ៣​សែន​គ្រឿង និង​ម៉ូតូ​មាន​ចំនួន ១​លាន​គ្រឿង៕

Urban Voice Cambodia

Urban Voice Cambodia