តុលាការ​ចុះ​រឹប​អូស​ផ្ទះ​យាយ​ក្រពើ​លក់​ឡាយឡុង​ឲ្យ​ទៅ​ម្ចាស់​ថ្មី
Posted On : February, 2, 2015 | By សំឡេងទីក្រុង

ដោយ ប៊ុត រស្មីគង្គា, ភ្នំពេញ ប៉ុស្តិ៍ , ថ្ងៃ ទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៥

ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី៣០ ខែមករា បាន​ចុះ​អនុវត្ត​ដីកា​រឹបអូស​ដី និង​ផ្ទះ​អ្នក​ស្រី ឈិន សុគន្ធារី ហៅ​យាយ​ក្រពើ នៅ ផ្ទះ​លេខ២៦​ ផ្លូវ​៦០៦ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក ឲ្យ​ទៅ​ឈ្មោះ ឈួន ហ្លូរីណា ដែល​បាន​ទិញ​តាម​ការ​ឡាយឡុង​ពី​តុលាការ ខណៈ​រឿង​ក្តី​នេះ​ពុំ​ទាន់​ដោះស្រាយ​ចប់​តាម​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ។

ការ​ចុះ​រឹបអូស​អចលវត្ថុ​ដី​និង ផ្ទះ​អ្នកស្រី ឈិន សុគន្ធារី​នេះ ដឹក​នាំ​ដោយ​ព្រះរាជអាជ្ញា​រង​គឺ ប៊ុណ្ណរ៉ា មន្ត្រី​អាជ្ញា​សាលា ក្រឡាបញ្ជី ហើយ​និង​សមត្ថកិច្ច​នគរបាល​ កង​រាជអាវុធហត្ថ​និង​មន្ត្រី​ខណ្ឌ​ទួលគោក​ជា​ច្រើន​ទៀត។

ក្នុង​ការ​ចុះ​អនុវត្ត​ដីកា​នោះ តំណាង​អយ្យការ​និង​ក្រឡា​បញ្ជី​ ពុំ​បាន​អាន​ដីកា​ពី​តុលាការ​ទេ តែ​បាន​បញ្ជា​មន្ត្រី​ដែល​ចុះ​អនុវត្ត​ឲ្យ​កាត់សោ​របង​ផ្ទះ​និង​ហែក​លិខិត​ណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្ញើជូន​ប្រធាន​និង​ព្រះរាជអាជ្ញា​សាលា​ដំបូង​រាជធានី​ ចុះ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៥ សុំ​ឲ្យ​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​ តាម​សំណើ​របស់​ឈ្មោះ ឈិន សុគន្ធារី ដែល បិទ​លើ​ទ្វារ​របង​ផ្ទះ​នេះ​ផង។

ទាក់ទង​នឹង​ចំណាត់​ការ​នេះ​អ្នកស្រី ឈិន សុគន្ធារី បាននិយាយ​ថា៖«ចំណាត់​ការ​របស់​សាលា​ដំបូង​រាជធានី​គឺ​ជា​ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​ លើ​គោលការណ៍​ច្បាប់ និង​សាល ដីកា​តុលាការ​កំពូល និង​បាន​ធ្វើ​ឲ្យ​គាត់​និង​ក្រុម​គ្រួសារ​រង​ភាព​អយុត្តិធម៌​យ៉ាង​ខ្លាំង​»។ អ្នកស្រី​ថា រឿង​នេះ​គាត់​មិន​អាច​ទទួល​យក​បាន​ទេ គាត់​នឹង​បន្ត​ប្តឹង​សើរើ​តាម​ផ្លូវ​ច្បាប់​បន្តទៀត​ ដើម្បី​ទាមទារ​ដី​និង​ផ្ទះ​នោះ​វិញ។

អ្នកស្រី​បន្ត​ថា៖​«ចៅ​ក្រម​ហេង សុខណា មិន​គោរព​ក្រម​សីលធម៌​ក្នុង​វិជ្ជាជីវៈ​ឡើយ។​ គាត់​បំពាន​ដីកា​របស់​តុលាការ​កំពូល និង​មួល​បង្កាច់​ខ្ញុំ​យ៉ាង​អយុត្តិធម៌។ ភាគី​នាង​ខ្ញុំ​បាន​ធ្វើ​លិខិត​ផ្លូវការ​សុំទូទាត់​បំណុល តាម​សាល​ដីកា​តុលាការ​កំពូល​ចំនួន​៣ដង តែ​លោក​ចៅក្រម​ ហេង សុខណា មិន​ឆ្លើយ​តប​ឡើយ។ ទង្វើ​នេះ​អយុត្តិធម៌​ណាស់​ចំពោះ​នាង​ខ្ញុំ។ មិន​តែ​ប៉ុណ្ណោះ លោក​ចៅក្រម បាន​អនុវត្ត​ភ្លាមៗ ក្រោយ​ពី​សាលា​ដំបូង​រាជធានី ធ្វើ​លិខិត​តប​ទៅ​ក្រសួង​យុត្តិធម៌ ចុះ​ថ្ងៃ​ទី១៩ ធ្នូ ២០១៤ គឺ​ថ្ងៃទី​២៣ ខែ​ធ្នូ ២០១៤ (តែ៤ថ្ងៃ) លោក គឺ ប៊ុណ្ណរ៉ា បាន​ចេញ លិខិត​ជូន​ដំណឹង​ទៅ​សាលា​ខណ្ឌទួល​គោក ពី​ការ​អនុវត្ត​នូវ​ដីកា​សម្រេច​ឲ្យ​ប្រគល់​អចលន​វត្ថុ​ដោយ​មិន​រង់ចាំ​ពិនិត្យ ចុង​ក្រោយ តាម​សេចក្តី​ណែនាំ របស់​ក្រសួង​យុត្តិធម៌​ឡើយ»។

តប​ទៅ​នឹង​ការ​អនុវត្ត​ដីកា​នេះ ព្រះរាជ​អាជ្ញា​រង​លោកគឺ ប៊ុណ្ណរ៉ា បាន​បញ្ជាក់​ថា ការ​ចុះ​រឹបអូស​ដី និង​ផ្ទះ​អ្នកស្រី ឈិន សុគន្ធារី នេះ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់ របស់​ចៅក្រម និង​បញ្ជា​ប្រធាន​សាលា​ដំបូង​រាជធានី ដើម្បី​ប្រគល់​ទៅឲ្យ​ឈ្មោះ ឈួន ហ្លូរីណា ដែល​ទិញ​ពី​ឈ្មោះ​ឈិន សុគន្ធារី​នេះ តាម​ប្រកាស​លក់​ឡាយឡុង​ដោយ​បង្ខំ របស់​តុលាការ ភ្នំពេញ និង​តាម​អំណាច​ដីកា​សាលា​ឧទ្ធរណ៍ លេខ​៣៣​ក្រ.III. ស/ ២៤.១០.១១។

លោក គឺ ប៊ុណ្ណរ៉ា បាន​ប្រាប់ ភ្នំពេញប៉ុស្តិ៍​ថា៖ « ចំពោះ​លិខិត​របស់​ក្រសួង​យុត្តិធម៌ ដែល​ផ្ញើ មក​ប្រធាន​និង​ព្រះរាជអាជ្ញា សាលា​ដំបូង​រាជធានី​នោះ គឺ​គ្រាន់​តែ​ណែនាំ​និង​សូម​ឲ្យ​តុលាការ ពិចារណា​និង​អនុវត្ត ទៅ​តាម​ច្បាប់​តែ​ប៉ុណ្ណោះ។ វា​មិន​បាន​ហាម​ឃាត់​សាលា​ដំបូង​ភ្នំពេញ មិន​ឲ្យ​ធ្វើការ​ប្រគល់​អចលន​វត្ថុ​នេះ តាម​ដីកា​បង្គាប់​ចុះថ្ងៃ ២៤ ខែកុម្ភៈ ២០១៤ របស់​ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ឡើយ»។

លោក អ៊ន ហ៊ីង មេធាវី​របស់​ឈ្មោះ​ឈួន ហ្លូរីណា​និយាយ​ថា​កូន​ក្តី​គាត់​ទិញ​អចលនវត្ថុ​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់ អចលនវត្ថុ​លេខ ៨៨៥៣ ចុះ​ថ្ងៃ​ទី១២-០៣-១៩៩២ របស់​ឈ្មោះ​ឈិន សុគន្ធារី​នៅ​ផ្លូវ​លេខ៦០៦ សង្កាត់​បឹងកក់​២​តាម​ប្រកាស​លក់​ឡាយឡុង​របស់​តុលាការ​ក្រុង​ភ្នំពេញ តាម​ច្បាប់​ត្រឹមត្រូវ និង​បាន​បង់ប្រាក់​គ្រប់​ចំនួន ដូច្នេះ​ការ​ដែល​កូនក្តី​លោក​មក​គ្រប់គ្រង កាន់កាប់​អចលន​វត្ថុ​នេះ​គឺ​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេច​របស់​តុលាការ។

យោង​តាម​លិខិត​របស់​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ផ្ញើ​ជូន​ប្រធាន​និង​ព្រះរាជអាជ្ញា​ នៃ​សាលាដំបូង​រាជធានី​ ចុះ​ថ្ងៃ​ទី២៩ ខែ​មករា ២០១៥៖ «ក្រសួង​យុត្តិធម៌ ស្នើ​សុំ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ និង អយ្យការ​ពិនិត្យ​លទ្ធភាព​ដោះស្រាយ លើ​សំណើ​របស់​ឈ្មោះ ឈិន សុគន្ធារី ជា​សាមី បណ្តឹង តាម​ស្មារតី នៃ​សាល​ដីកា​តុលាការ​កំពូល​តាម​គោលការណ៍​ច្បាប់ និង​សមធម៌»។

យោង​តាម​សាល​ដីកា​តុលាការ​កំពូល ចុះ​ថ្ងៃ​ទី១៥ វិច្ឆិកា ឆ្នាំ២០១៣ របស់​ចៅក្រម គង់ ស្រ៊ីម អនុ​ប្រធាន​តុលាការ​កំពូល ក្នុង​ការ​វិនិច្ឆ័យ​សេចក្តី​សម្រេច​ថា​«បដិសេធ​សាលដីកា រដ្ឋប្បវេណី​លេខ៖ ៣៣ក្រ III ស ចុះ​ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ របស់​ឧទ្ធរណ៍។ ច្រាន​ការ​ទាមទារ​ប្រាក់​ចំណាយ​ផ្សេងៗ​និង​សោហ៊ុយ​មេធាវី​និង​ទាមទារ​ឲ្យ​អនុវត្ត​ជា​បណ្តោះ​អាសន្ន តាម​ដើម​ចោទ។ បង្គាប់​ឲ្យ​ឈ្មោះ ឈិន សុគន្ធារី សង​ប្រាក់ ដើម ២៦១ ២៥០ ដុល្លារ​អាមេរិក និង​ការប្រាក់​៥ភាគរយ ក្នុង១ឆ្នាំ គិត​ពី​ថ្ងៃ​ទី ១១ ខែមីនា ឆ្នាំ ២០០៨​រហូត​ដល់​សង​គ្រប់​តាម​កិច្ច​ព្រមព្រៀង​ខ្ចី​ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ ២០០៨ ឲ្យ​ទៅ​ដើមចោទ​ឈ្មោះ វ៉ា ជីវ័ន»។

លោក អាំង មាលតី ប្រធាន​សាលា​ដំបូង​រាជធានី លោក​ចៅក្រម ហេង សុខណា និងលោក អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ មិន​អាច​ទាក់ទង​សុំបញ្ជាក់​ករណី​នេះ​បាន​ឡើយ កាល​ពី​ថ្ងៃ​អាទិត្យ៕

Urban Voice Cambodia

Urban Voice Cambodia