តម្លៃ​អគ្គិសនី​កម្ពុជា​មិន​អាច​ក្រោម ៦៥០​រៀល​ទេ
Posted On : May, 12, 2015 | By សំឡេងទីក្រុង

ដោយ ចាន់ មុយហុង, 12 May 2015, Phnom Penh Post

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុន សែន​បាន​ថ្លែងថា តម្លៃ​អគ្គិសនី​មិន​អាច​ចុះ​ទាប​ជាង ៦៥០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​បាន​ទេ ខណៈ​មាន​ការ​ស្នើ​ឡើង​ដោយ​តំណាងរាស្ដ្រ​មក​ពី​គណបក្ស​ប្រឆាំង​ដោយ​លើក​ឡើង​ថា​តម្លៃ​ដែល​បាន​ស្នើ​ឡើង​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​ប្រាកដ។

ក្នុង​លិខិត​៦ទំព័រ​ផ្ញើ​ជូន​សភា​ជាតិ​កាលពី​ថ្ងៃទី៥ ឧសភា ដែល​បាន​សង្ខេប​ពី​ស្ថាន​ការ​បច្ចុប្បន្ន​របស់​វិស័យ​ថាមពល​របស់​កម្ពុជា លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ចោទសួរ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ស្នើ​សុំ​ដោយ​តំណាងរាស្ដ្រ​របស់ CNRP កាលពី​ខែ​កុម្ភៈ​ដល់​រដ្ឋាភិបាល​ឲ្យ​កំណត់​តម្លៃ​អគ្គិសនី​មក​នៅ​ត្រឹម ​៦៥០ ​រៀល។

តំណាង​រាស្ដ្រ​របស់ CNRP បាន​ស្នើសុំ​បញ្ចុះ​តម្លៃ​អគ្គិសនី​មក​នៅ​ត្រឹម​៦៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ទូទាំង​ប្រទេស។

បច្ចុប្បន្ន ការ​កំណត់​តម្លៃ​អគ្គិសនី​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា (EAC) ដែល​បាន​កំណត់​តម្លៃ​ផ្អែក​លើ​ច្បាប់​អគ្គិសនី។ នេះ​បើ​យោង​តាម​លិខិត​ដដែល។

លិខិត​បាន​សរសេរ​ថា៖ «ការ​កាត់​បន្ថយ​តម្លៃ​មិន​ត្រូវ​បាន​កំណត់​តាម​រយៈ​ការ​ស្នើ​សុំ​ឬ​តាម​តម្រូវ​ការ​ចង់​បាន​របស់​នរណា​ម្នាក់​នោះ​ទេ។ ការ​កាត់​បន្ថយ​តម្លៃ​នឹង​អាច​ធ្វើ​បាន​លុះត្រាតែ​មាន​ការ​លើក​ឡើង​នៅ​ក្នុង​ផែនការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល។ តម្លៃ​នេះ​នឹង​ថយចុះ​ដោយ​ស្វ័យប្រវត្តិ​យោង​តាម​យន្តការ​កំណត់​តម្លៃ​នៅ​ក្នុង​ច្បាប់​អគ្គិសនី។ ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ្នក​ប្រឆាំង​ជាមួយ​នឹង​ផែនការ​អភិវឌ្ឍ នៅ​ពេល​នោះ​តម្លៃ​នឹង​មិន​គ្រាន់​តែ​មិន​ត្រូវ​បាន​កាត់​បន្ថយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​កើន​ឡើង​ជាង​តម្លៃ​បច្ចុប្បន្ន​ទៀត​ផង»។

លិខិត​ដដែល​បន្ថែម​ថា ចាប់ពី​ខែ​មីនា​ឆ្នាំ​ ២០១៦ តម្លៃ​អគ្គិសនី​នឹង​អាច​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ចន្លោះ​ពី​ ៧៨០ ​ដល់​ ៨០០ រៀល​សម្រាប់​ការ​ប្រើប្រាស់​តាម​លំនៅឋាន​ជា​មធ្យម ខណៈ​តម្លៃ​សម្រាប់​ការ​ប្រើប្រាស់​លក្ខណៈ​គ្រួសារ​នៅ​ចន្លោះ​ពី​ ១០ ​ដល់ ​៥០ ​គីឡូ​វ៉ុល​ក្នុង​មួយ​ខែ​នឹង​មាន​តម្លៃ​ចាប់​ពី ​៤៨០ ដល់​ ៦១០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។

តម្លៃ​អគ្គិសនី​បច្ចុប្បន្ន​មាន​ចំនួន​ចន្លោះ​ពី​ ៧០០​ ដល់​ ១២០០ ​រៀល​យោង​តាម​តំបន់ ដែល​មាន​អគ្គិសនី​របស់ EDC ប្រើប្រាស់។

សម្រាប់​តំបន់​ទទួល​បាន​អគ្គិសនី​ពី​ម៉ាស៊ីន​ភ្លើង​ក្រុមហ៊ុន​ឯកជន តម្លៃ​មាន​ចំនួន​ចន្លោះ​ពី​ ២០០០ ​ដល់ ​៣០០០ ​រៀល​ក្នុង​មួយ​គីឡូវ៉ាត់។ នេះ​បើ​តាម​លោក ទី ថានី នាយក​ប្រតិបត្តិ​នៅ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា។

ថាមពល​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​មួយ​ភាគ​ធំ​ពឹង​លើ​ការ​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​ចាប់​តាំង​ពី​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ជា​ថ្មី​កាល​ពី​ឆ្នាំ​ ១៩៩៣។

បើ​ទោះ​បី​ជា​ក្រុមហ៊ុន​អគ្គិសនី​ដំណើរការ​ដោយ​រដ្ឋ (EdC) អាច​ផលិត​បាន​ថាមពល​អគ្គិសនី​ដល់​ទៅ ​១៧៦៩​ មេហ្កាវ៉ាត់ ​កាលពី​ឆ្នាំ​២០១៣​ក៏​ដោយ ក៏​ប្រទេស​នេះ​ចាំបាច់​ត្រូវ​នាំ​ចូល ១ ៦៩១​មេហ្គាវ៉ាត់​ពី​វៀតណាម ៥៧៩ មេហ្គាវ៉ាត់​ពី​ប្រទេស​ថៃ និង​១០,៧៣​មេហ្គាវ៉ាត់​ពី​ប្រទេស​ឡាវ​ដើម្បី​បំពេញ​តម្រូវ​ការ​ថាមពល​អគ្គិសនី​របស់​ខ្លួន។

លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ដ្រ​មកពី​គណបក្ស​ប្រឆាំង​កាលពី​ម្សិលមិញ​បាន​គាំទ្រ​តម្លៃ​ដែល​បាន​ស្នើ​ឡើង​របស់​ខ្លួន ដោយ​លើក​ឡើង​ពី​ឯកសារ​យោង​របស់​លោក​ដែល​បាន​ពិភាក្សា​ជាមួយ​សេដ្ឋវិទូ​និង​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ថាមពល​ថា​៦៥០​រៀល​គឺជា​តម្លៃ​ដែល​អាច​ធ្វើ​បាន។ លោក​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​ស្នើ​ឡើង​តម្លៃ​នេះ វា​គឺជា​ឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​កាត់​បន្ថយ​វា​ឬ​អត់​នោះ»។

លោកស្រី ចន្ធី អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​បាន​សរសេរ​នៅ​ក្នុង​អីុមែល​ផ្ញើ​មក​កាន់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា៖ «តម្លៃ​អគ្គិសនី​អាច​ត្រូវ​បាន​ចុះ​ទាប​មក​នៅ​ត្រឹម​ក្រោម ៧០០/ ៦០០ រៀល​ក្នុង​មួយ​គីឡូវ៉ាត់ ដោយ​សារ​តែ​ការ​ពិត​ដែល​ថា​តម្លៃ​ប្រេង​គឺ​ខ្ពស់ ឬ​បើ​ប្រៀបធៀប​នៅ​ពេល​នេះ​ទាប​ជាង​កាលពី​ឆ្នាំ​២០១៤ ឬ ឆ្នាំ​២០០៩-២០១។ ប៉ុន្តែ​ដោយ​សារ​តែ​ស្ថាន​ការ​បច្ចុប្បន្ន ការ​បញ្ចុះ​តម្លៃ​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​ដោយ​សារ​តែ​ការ​ពិត​ដែល​ថា ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​វិស័យ​នេះ»។

លោក​បន្ត​ថា ឧបសគ្គ​ក្នុង​ការ​កាត់​បន្ថយ​តម្លៃ​មាន​លក្ខណៈ​សឹង​តែ​ផ្ដាច់​មុខ និង​ការ​ពឹង​ផ្អែក​លើ​វិស័យ​ដែល​ជា​ធនធាន​ថាមពល​មាន​កម្រិត​សម្រាប់​ការ​បង្កើត​ថាមពល ការ​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​គ្មាន​ប្រសិទ្ធភាព និង​បណ្ដាញ​ចែកចាយ​ថាមពល​អគ្គិសនី​គ្មាន​ប្រសិទ្ធភាព។

ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ថាមពល​អគ្គិសនី​បាន​ប្រហែល ៣ ៤៣០ ​មេហ្គាវ៉ាត់​នៅ​ឆ្នាំ​ ២០២០ បាន​ពី​ទំនប់​វារី​អគ្គិសនី​ចំនួន ​១២ និង​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​៕

Urban Voice Cambodia

Urban Voice Cambodia