ឆ្នាំ​2016 កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ​ព្យាករណ៍​ថា ចំនួន​កុងតឺន័រ​ឆ្លងកាត់​មាន​ប្រមាណ​16​ម៉ឺន
Posted On : November, 18, 2016 | By សំឡេងទីក្រុង

ប្រភព៖ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ តាមផែនការរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅក្នុងឆ្នាំ២០១៦នេះរំពឹងថា អាចនឹងមានចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែប្រមាណ១៦៥.០០០កុងតឺន័រ ខណៈនៅឆ្នាំ២០១៥កន្លងមក កុងតឺន័រឆ្លងកាត់តាមកំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួន១៤ម៉ឺនកុងតឺន័រ ។

បើតាមបទពិសោធន៍ក្នុងឆ្នាំ២០១៥កន្លងមក ចំណែកទីផ្សារនៃប្រទេសដែលបាននាំចេញឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ រួមមាន ប្រទេសចិនច្រើនជាងគេរហូតដល់៣៤% បន្ទាប់មកទៀតគឺសហរដ្ឋអាមេរិក២២%, ជប៉ុន១០%, វៀតណាម៩%, សហភាពអឺរ៉ុប៧,៦%, ម៉ាឡេស៊ី៣,៤% និងក្រៅពីនោះមានប្រទេសផ្សេងៗទៀត ។ ដោយឡែក សម្រាប់ចំណែកទីផ្សារនាំចូលតាមរយៈកំពង់ផែស្វយ័តក្រុងភ្នំពេញវិញមាន៦៧% បន្ទាប់មកប្រទេសវៀតណាម១៦%, ម៉ាឡេស៊ី៧%, សិង្ហបុរី៣%, សហភាពអឺរ៉ុប២%, សហរដ្ឋអាមេរិក១% និងប្រទេសផ្សេងៗទៀត៤% ។

នៅក្នុងដ្យាក្រាមដែលទទួលបានពីកំពង់ផែស្វយ័តក្រុងភ្នំពេញ កំណើនបុគ្គលិកសម្រាប់បំពេញការងារ ក៏បានកើនឡើងស្របជាមួយកំណើនកុងតឺន័រឆ្លងកាត់ផងដែរ ។

ជាក់ស្ដែង តាំងពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០១៥ កំណើនបុគ្គលិកបានកើនឡើងជាមធ្យម៦,៧៥% ខណៈកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ មានកំណើនជាមធ្យម១៥,០៧% ។

យោងតាមរបាយការណ៍របស់កំពង់ផែក្រុងភ្នំពេញ នៅឆ្នាំ២០១២ មានបុគ្គលិកបម្រើការចំនួន៤០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជិត១០ម៉ឺនកុងតឺន័រ ហើយមកដល់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញ មានបុគ្គលិកបម្រើការងារជិត៥០០នាក់ ខណៈកុងតឺន័រឆ្លងកាត់មានជាង១៤ម៉ឺនកុងតឺន័រ ។ បើតាមដ្យាក្រាម ចំនួនបុគ្គលិកមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០១២ និង២០១៣ ហើយនៅឆ្នាំបន្ទាប់ពីនោះ មិនសូវមានសន្ទុះប៉ុន្មានទេ ប៉ុន្តែចំនួនកុងតឺន័រឆ្លងកាត់បានកើនឡើងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងភ្នំពេញ ក៏បានចុះបញ្ជីបោះផ្សាយភាគហ៊ុនរបស់ខ្លួននៅក្នុងទីផ្សារមូលបត្រកម្ពុជាផងដែរកាលពីចុងឆ្នាំ ២០១៥កន្លងមកនេះ ។ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ កំពង់ផែស្វយ័តក្រុងភ្នំពេញ មិនត្រឹមតែបានបង្ហាញពីភាពរីកចម្រើនប៉ុណ្ណោះទេ តែក៏បានបង្ហាញពីភាពរឹងមាំខ្លាំងក្នុងការប្រកបអាជីវកម្មផងដែរ ដោយចំណូលសរុប កើនឡើងទ្វេដងគិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៤ ដែលអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ២១,២០% ពី៦,១៦លានដុល្លារអាមេរិក ដល់១៣,២៩លានដុល្លារអាមេរិក ។កំណើននេះបានមកពីសេវាកម្មសំខាន់ៗដូចជា សេវាកម្មលើកដាក់ក្រោមដងយោង (Stevedore) សេវាកម្មលើកដាក់នៅលើទីលានកុងតឺន័រ (LOLO) និងសេវាកម្មផែដទៃទៀតដូចជា សេវាកម្មចូលចតនាវា និងសេវាកម្មកណ្ណធារកិច្ច ដែលមានប្រហែល៩៣,៦៣% នៃចំណូលសរុបរបស់ ក.ស.ភ ក្នុងឆ្នាំ២០១៥ ។ គិតត្រឹមថ្ងៃដំណាច់ឆ្នាំ២០១៥ កំពង់ផែស្វយ័តក្រុងភ្នំពេញមានទ្រព្យសកម្មសរុប១៥៩,៥៨លានដុល្លារអាមេរិក និងមូលធនសរុបចំនួន១២៦,៤៦លានដុល្លារអាមេរិក ៕

Related Posts

Urban Voice Cambodia

Urban Voice Cambodia