1490235506

​​Hyatt Regency​ ចំណាយ​ ១០០​លាន​ដុល្លារសង់​សណ្ឋាគារ​ទំនើប

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិហាយ៉ាត់រីជិនស៊ីភ្នំពេញ (Hyatt Regency) ដែលចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក បានបើកការដ្ឋានសាងសង់ហើយកាលពីម្សិលមិញ និងរំពឹងថា បញ្ចប់នៅឆ្នាំ២០២០ ខាងមុខ។

សណ្ឋាគារផ្កាយប្រាំលំដាប់អន្តរជាតិនេះ វិនិយោគដោយក្រុមហ៊ុនរ៉ូយ៉ាល់ រីស៊ីដេន ហូថេល អេន រីហ្សត (Royal Residence Hotels and Resorts) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប លាតសន្ធឹងលើផ្ទៃដីទំហំ ៧.០៣២ម៉ែត្រក្រឡា និងមានកម្ពស់ ១៤ជាន់ស្ថិតនៅខណ្ឌចំការមន រាជធានីភ្នំពេញ ជិតព្រះបរមរាជវាំង។

សណ្ឋាគារនេះនឹងរួមបញ្ចូលអាគារស្នាក់នៅ សាលប្រជុំធំៗលំដាប់អន្តរជាតិ ហាងទំនិញ ភោជនីយដ្ឋាន អាងហែលទឹក កន្លែងហាត់ប្រាណ និងអាគារការិយាល័យដែលវានឹងក្លាយជាបេះដូងនៃរាជធានីភ្នំពេញដែលទីតាំងជាប់និងតំបន់វប្បធម៌ ពាណិជ្ជកម្មចម្រុះ ផ្សារទំនើប គេហដ្ឋាន ខុនដូ និងការិយាល័យ។

លោក លាង ឃុន ប្រធានក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាម្ចាស់សណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ បានឲ្យថ្លែងក្នុងពិធីសម្ពោធការសាងសង់ថា ការរចនា និងការគ្រប់គ្រងសណ្ឋាគារ នឹងធ្វើឡើងស្របតាមបទដ្ឋានអន្តរជាតិរបស់សណ្ឋាគារ ហាយ៉ាត់។ លោកថា វានឹងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនធំៗជាច្រើនមកទីក្រុងភ្នំពេញ។

លោក លាង ឃុន ថ្លែងថា៖ «ខ្ញុំជឿជាក់ថា សណ្ឋាគារហាយ៉ាត់ រីជិនស៊ី ភ្នំពេញពិតជាអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកជំនួញធំៗមកកាន់ទីក្រុងភ្នំពេញ កាត់តែច្រើនជាងមុនដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកមុខមាត់ប្រទេសកម្ពុជា មួយកម្រិតផងដែរ»។

លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ថ្លែងថា សំណង់សណ្ឋាគារដែលមានទុនវិនិយោគសរុបចំនួន ១០០លានដុល្លារអាមេរិក នេះ សបញ្ជាក់ឲ្យឃើញនូវជំនឿទុកចិត្តរបស់វិនិយោគិន លើសក្ដានុពលសេដ្ឋកិច្ច ទីផ្សារអចលនទ្រព្យ និងវិស័យទេសចរណ៍របស់កម្ពុជា។

លោកបន្តថាសណ្ឋាគារនេះនឹងលើកកម្ពស់កិត្យានុភាពនៃវិស័យសំណង់និងស្ថាបត្យកម្មនៃរាជធានីភ្នំពេញហើយវានឹងផ្តល់នូវសមិទ្ធផលថ្មីពីវិស័យឯកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដោយនាំមកនូវការងារ ចំណូលជូនរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្ត្រីថា៖ «ខ្ញុំជឿជាក់ ក្រុមហ៊ុន Chip Mong Ritta Engineering and Construction ដែលជាសមិទ្ធផលនៃការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Chip Mong Group និង Ritta company របស់ថៃ ខាងផ្នែកម៉ៅការគូរប្លង់ និងសាងសង់ នឹងនាំមកនូវបច្ចេកទេស និងបច្ចេកវិទ្យាទំនើប ជួយឲ្យអ្នកអភិវឌ្ឍអចលនវត្ថុ អ្នកចែកចាយសម្ភារៈសំណង់ និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅកម្ពុជាទទួលបានបទពិសោធន៍ល្អៗ ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុនទាំងពីរនឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំនេះតាមស្តង់ដារអន្តរជាតិ»។

លោកបន្តថា៖ «អនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងនិងជុំវិញការដ្ឋានធ្វើយ៉ាងណាបញ្ចៀសការកកស្ទះចរាចរ ចៀសវាងបង្កការភ័យខ្លាចដល់អ្នកជិតខាង និងអ្នកដំណើរ និងរៀបចំប្រព័ន្ធលូបង្ហូរឲ្យបានត្រឹមត្រូវ»។

បើតាមលោក ជា សុផារ៉ា នៅចុងឆ្នាំ២០១៦ កម្ពុជា មានសណ្ឋាគារសរុបចំនួន ៦៤៧។ ក្នុងនោះសណ្ឋាគារលំដាប់ផ្កាយប្រាំមាន ២១ សណ្ឋាគារលំដាប់ផ្កាយ៤ មាន៣៦ សណ្ឋាគារលំដាប់ផ្កាយ ៣ មាន ២២ សណ្ឋាគារលំដាប់ផ្កាយ ២មាន ១០ និងសណ្ឋាគារលំដាប់ផ្កាយ១ មាន ៧។ ដោយឡែកផ្ទះសំណាក់មាន ១៩៩៦ ភ្នាក់ងារទេសចរណ៍មាន ៥៨៨ និងមគ្គុទ្ទេសក៍ទេសចរណ៍មានចំនួន ៥.០៨៨នាក់។

លោក ហូ វណ្ឌី អគ្គលេខាធិការ នៃសម្ព័ន្ធជាតិទេសចរណ៍កម្ពុជា បានឲ្យដឹងថា ការកើនឡើងនៃសណ្ឋាគារលំដាប់ផ្កាយ៥ គឺបង្ហាញពីស្ថិរភាពនយោបាយ ទំនុកចិត្តពីវិនិយោគិនបរទេស និងភ្ញៀវទេសចរបរទេសមកលើកម្ពុជា។

លោកបញ្ជាក់ថា៖«វាគឺជាឱកាសថ្មីៗបន្ថែមទៀតសម្រាប់ពង្រឹងនូវគុណភាពលើផលិតផលនិងសេវាទេសចរណ៍ពីភាគីពាក់ព័ន្ធទាំងអស់ដូច្នេះធនធានមនុស្សត្រូវតែមានច្រើន។ម្យ៉ាងទៀតវាជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសនិងផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក»។

បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅចុងឆ្នាំ២០១៦ ភ្នំពេញ មានអាគារកម្ពស់ ៥ជាន់ចំនួន ៨៧៦ អាគារកម្ពស់ពី៥ ទៅ ៩មាន ៥២៩ អាគារកម្ពស់ពី ១០ទៅ ១៩មាន ២៦៧ អាគារកម្ពស់ពី ២០ទៅ ២៩ មាន៥០ អាគារកម្ពស់ពី ៣០ ទៅ៣៩ជាន់មាន ២១ និងអាគារកម្ពស់ពី ៤០ជាន់ឡើងទៅមាន ៩៕

ប្រភព៖ khmertimeskh.com

Leave a Reply